ក្រុមហ៊ុន​រុករក​រ៉ែ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ដៃគូ​ប្រទេស​កា​ណា​ដា បាន​ចូល​ក្នុង​ការ​ចរចា​បឋម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​នៅ​ប្លុក D (Block D) នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​។

លោក ជៀប សួរ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ទទួល​បន្ទុក​ប្រេងកាត​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​លើ​ការ​ដាក់​ពាក្យសុំ​ពី​ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd ហើយ​នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​។

លោក​ថ្លែង​ថា​៖ «​ប្រសិនបើ​យើង​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ដោយ​ជោគជ័យ បន្ទាប់​មក​យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​ការងារ​របស់​ពួក​គេ​បាន​»​។ លោក​បន្ថែម​ថា​ការ​ចរចា «​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​»​។

គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ខែមេសា ឆ្នាំ ២០១៧ និង​បាន​ចុះ​ឈ្មោះ លោក Chen Bo ជា​ប្រធាន​ក្រុមប្រឹក្សានាយក​របស់​ក្រុមហ៊ុន​។ មិន​មាន​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង​លោក Bo នោះ​ទេ​។

ប្លុក D មាន​តំបន់​ប្រវែង ៥៥០០ គីឡូ​ម៉ែត្រការ៉េ​នៅ​ឈូង​សមុទ្រ​ថៃ ដែល​លើក​មុន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន Cambodian firm CPHL (Cambodia)​។ រដ្ឋាភិបាល​បាន​ដកហូត​អាជ្ញាប័ណ្ណ​រុករក​នោះ កាលពី​ខែឧសភា ឆ្នាំ ២០១៦ បន្ទាប់​ពី​ក្រុមហ៊ុន​មិន​បាន​ឆ្លើយ​តប​បាន​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​។

លោក ជៀប សួរ ថ្លែង​ថា​លោក​មិន​អាច​ព្យាករ​នៅ​ពេល​ណា ឬថា តើ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្រុមហ៊ុន Cambodian Resource Energy Development នឹង​ត្រូវ​សម្រេច​បាន​នោះ​ទេ​។

ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ដកហូត​អាជ្ញាប័ណ្ណ​រុករក​ប្រេង និង​ឧស្ម័ន​ស្ទើរតែ​ទាំងអស់ ទាំង​អាជ្ញាប័ណ្ណ​សម្រាប់​ការ​រុករក​ប្រេង​នៅ​ដែន​គោក និង​ដែនសមុទ្រ លើកលែងតែ​ប្លុក A ដែល​នៅ​មាន​សកម្មភាព និង​អាជ្ញាប័ណ្ណ​សម្រាប់​ដែន​គោក​មួយ​ចំនួន​ដែល​នៅ​មាន​សុពលភាព​។

តំបន់​ការ​រុករក និង​ផលិតកម្ម​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា​មាន ២ ប្លុក​គឺ​ប្លុក​នៅ​ដែនសមុទ្រ​ដែល​មាន​សរុប​ចំនួន ៦ (​ប្លុក A ដល់​ប្លុក F) និង​ប្លុក​នៅ​ដែន​គោក​ចំនួន ១៩ (​ប្លុក I ដល់​ប្លុក XIX) ។

សម្រាប់​ប្លុក​នៅ​ដែនសមុទ្រ​មាន​តែ​អាជ្ញាប័ណ្ណ​មួយ​ប៉ុណ្ណោះ​ដែល​នៅ​មាន​សុពលភាព​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន Kris Energy​។ ប្លុក A ត្រូវ​បាន​ជឿជាក់​ថា​មាន​កំណប់​ប្រេង​ប្រហែល ៣០ លាន​បារ៉ែល ដែល​នឹង​ទាញ​យក​ក្នុង​រយៈពេល ៩ ឆ្នាំ​។

នៅ​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent មាន​តម្លៃ​ប្រហែល ៥០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​លើ​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​រំពឹង​ថា​នឹង​រកបាន​ប្រាក់​ចំណូល​សរុប​ចំនួន ៥០០ លាន​ដុល្លារ​ពី​សួយ​សារ និង​ពន្ធ​សម្រាប់​រយៈពេល​របស់​គម្រោង​នេះ​៕

ប្រភព P Post

Comments

comments