លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា ការ​តែងតាំង​ប៉ូលិស​ស័ក្តិ​១​ម្នាក់ ជា​អនុប្រធាន​នាយកដ្ឋាន​នោះ​មិន​ខុស​ទេ តែ​ការ​បកស្រាយ​ដូច​ជា​មិនសូវ​ទំនង ។

ការ​បកស្រាយ​របស់​លោក​ប្រមុខ​មហាផ្ទៃ​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​នៅ​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​បែកធ្លាយ​លិខិត​របស់​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ស្នើ​ទៅ​លោក ស ខេ​ង ដោយ​សុំ​តែងតាំង​លោក​អនុសេនីយ៍ត្រី​(​ស័ក្តិ​១) គិ​ន សុ​លី​តា មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល សរុប នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជា​អនុប្រធាន​នាយកដ្ឋាន ដោយ​សំអាង​លើ​ការងារ​និង​សញ្ញាបត្រ​បរិញ្ញាបត្រ​របស់​លោក គិ​ន សុ​លី​តា ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ស្ត្រី​ជា​មន្ត្រីរាជការ​និង​កងកម្លាំង​នគរបាល​ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​០៨ មីនា ខួប​លើក​ទី​១០៧ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ស ខេ​ង​បាន​បញ្ជាក់​ថា​« ប្រធាន​នាយកដ្ឋាន វា​មិន​ចំ​បាច់​ឧត្តមសេនីយ៍​ទេ ជួនកាល​វរៈសេនីយ៍ទោ ឬ អនុ​សេនីយ៍ តែ​វា​មាន​សមត្ថភាព​ធ្វើការ ។ អីចឹង​ទេ កន្លង​មក​បងប្អូន​យើង​កេង អ្នក​អនុវត្តន៍​វា​ច្រើន​តែ​សុំ​អនុប្រធាន​នាយកដ្ឋាន​ផង ឧត្តមសេនីយ៍​ផង ប៉ុន្តែ​អាហ្នឹង​វា​តាម​ឆ្នាំ​គេ ឡើង​ស័ក្តិ​តាម​ឆ្នាំ​គេ​។ អ្នក​ដែល​លើក​គុណសម្បត្តិ វា​មាន​លក្ខណៈ​ពិសេស រឿង​គេ​ឲ្យ​ទៅ​ណា​បាន ។​និយាយ​វា​ខុស វា​មិន​ខុស​ទេ គ្រាន់តែ​បកស្រាយ​វា​មិនសូវ​ទំនង ។ ដូច្នេះ​យើង​មើលទៅ ថា​វា​ខុស​គោលការណ៍ វា​អត់​ខុស​ទេ ។ » ។

កាលពី​ថ្ងៃ​ម្សិលមិញ អ្នក​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ផែង វណ្ណៈ បាន​ធ្វើការ​រិះគន់​លោក​រដ្ឋលេខាធិការ​ក្រសួង​មហា ព្រុំ សុខា ចំពោះ​ការ​តែងតាំង លោក​អនុសេនីយ៍ត្រី (​ស័ក្តិ​១) គិ​ន សុ​លី​តា ជា​អនុប្រធាន​នាយកដ្ឋាន ដោយ​មិន​ឆ្លងកាត់ អនុ​-​ប្រធាន​ផ្នែក អនុ​-​ប្រធាន​ការិយាល័យ ។

នៅ​ក្នុង​ការ Live វី​ដេ​អូ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ទើប​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក ផែង វណ្ណៈ បាន​ហៅ​ការ​តែងតាំង លោក គិ​ន សុ​លី​តា ខាងលើ​នេះ​ជា «​ការ​បោះ​សន្ទូច​រំលង​ភ្នំ​» និង​ធ្វើ​ឲ្យ​បាត់បង់​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ថែម​ទៀត​។

បើ​តាម​លោក ផែង វណ្ណៈ លោក​ស័ក្តិ​១ គិ​ន សុ​លី​តា ត្រូវជា​សាច់ញាតិ​កូនក្មួយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

យ៉ាងណា​ក៍ដោយ បើ​យោង​តាម​លិខិត​លោក ព្រុំ សុខា ស្នើ​តែងតាំង​លោក គិ​ន សុ​លី​តា និង​ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ចារ​ឯកភាព​នោះ គឺ​បាន​បញ្ជាក់​ថា ការ​ស្នើ​តែងតាំង​លោក គិ​ន សុ​លី​តា ជា​មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល សរុប នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មនេះ ដោយសារ លោក គិ​ន សុ​លី​តា បាន​ខិតខំ​បំពេញការងារ​និង​រៀនសូត្រ​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ពី​អា​មេ​រិ​ក ។

នៅ​លើ​បណ្តាញ​សង្គម​ដដែល លោក ផែង វណ្ណៈ បាន​សរសេរ​រិះគន់​លោក ព្រុំ សុខា មាន​ខ្លឹមសារ​ថា​«​បែកធ្លាយ​ឯកសារ ឯកឧត្ដម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ស្នើ​សុំ​តែងតាំង​មន្ត្រី​ឡើង​ផ្លោះ​ដល់​អនុប្រធាន​នាយកដ្ឋាន បង្ក​ការ​រិះគន់​ពេញ​បណ្ដាញ​សង្គម Facebook ។

ហាស ហា អ្នកធ្វើការ​បំរើ​ជាតិ​ជាង ៣០ ឆ្នាំ អត់​មានគុណ​សម្បត្តិ​សំរាប់ ឯកឧត្ដម ព្រុំ សុខា ស្នើ​ដំឡើង​តួនាទី​សោះ ។ ក្មួយ គិ​ន សុ​លី​តា ជា​មន្ត្រី ១​នាក់ ក្នុង​ចំណោម​មន្ត្រី​ជាង ៦​ម៊ឺ​ន​នាក់ ដែល​ទើប​ធ្វើការ​បាន​ជាង ១ ឆ្នាំ ត្រូវ​បាន​ឯកឧត្ដម ព្រុំ សុខា ពេញចិត្ត​ស្នើ​ដំឡើង​តួនាទី ។​»​។

គួរ​រំ​ឮ​កថា មាន​ច​ម្ង​ល់​ជា​ច្រើន ក្រោយ​បែកធ្លាយ​លិខិត​តែងតាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។

បើ​តាម​ប្រកាស​ស្តី​ពី​ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​ដែល​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា យោង​តាម​សំណើ​ចំ​បាច់​ការងារ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​តែងតាំង​លោក​អនុសេនីយ៍ត្រី គិ​ន សុ​លី​តា អត្តលេខ ៨២ ៦១១ ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ប្រ​ព័​ន្ឋ​ព័ត៌មានវិទ្យា នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ។

យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ប្រកាស​ខាងលើ មិន​បាន​បញ្ជាក់​ថា​តើ​លោក​អនុសេនីយ៍ត្រី (​ស័ក្តិ​១) គិ​ន សុ​លី​តា មាន​តួនាទី​និង​តំណែង​ជា​អ្វី​នោះ​ទេ មុន​ពេល​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន ខណៈ​ដែល​បច្ចុប្បន្ន​អនុប្រធាន​នាយកដ្ឋាន គឺ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២) ។

បើ​តាម​ឋានានុក្រម​ក្នុង​មុខ​តំណែង​និង​ឋានន្តរស័ក្តិ លោក គិ​ន សុ​លី​តា ត្រូវ​ឆ្លងកាត់​តំណែង​ជា​អនុប្រធាន​ផ្នែក​(​ស័ក្តិ​២) ប្រធាន​ផ្នែក​(​ស័ក្តិ​៣) អនុប្រធាន​ការិយាល័យ​(​ស័ក្តិ​៤​កន្លះ ឬ​ស័ក្តិ​៥) ប្រធាន​ការិយាល័យ (​ផ្កាយ​១) ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ និង​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ក៍​ដូច​ជា​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨​នេះ ។

ក្រុម​អ្នក​តាមដាន​សង្គម ក៍​ដូច​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​ដែល​មាត់ដាច​ខ្លះ​បាន​និយាយ​ថា ករណី​«​កូន​កើត​មុន​ឪ ពរ​តា​ដើរ​លេង​» ឬ​ការ​តែងតាំង​ផ្លោះ​បែប​ខាងលើ​នេះ វា​ជា​ទម្លាប់​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ក៍​ព្រោះតែ​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ផ្លោះ​នោះ គេ​មាន​លុយ​និង​បក្សពួក ដែល​ភាសា​សាមញ្ញ​និង​គេ​និយម​ប្រើ​មាន​ទុយោ ឬ​ខ្នងបង្អែក​៕

Comments

comments