ទីបំផុត​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​និង​ជា​អនុប្រធាន​តុលាការ​កំពូល លោក​ចៅក្រម ឃឹម ប៉ុណ្ណ បាន​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា មាន​ន័យ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ជាប់​នៅ​ក្នុង​ព​ន្ឋ​នាគារ​ត្រពាំង​ផ្លុ​ង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​រង់ចាំ​តុលាការ​បន្ត​នីតិវិធី ។

នេះ​បើ​តាម​ប្រភព​ដែល​ចូលរួម​ស្តាប់​នៅ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ។

ប្រភព​បន្ត​ថា នៅ​ក្នុង​សវនាការ​ព្រឹក​មិ​ញ មេ​បក្ស​ប្រឆាំង​រូប​នេះ ពុំ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​តុលាការ​កំពូល ដើម្បី​ចូលរួម​សវនាការ​ទេ ដោយ​មន្ត្រី​តុលាការ​សំអាង​ថា នេះ​ជា​សវនាការ​មុន​អង្គសេចក្តី ដោយ​ដេញដោល​តែ​លើ​អង្គច្បាប់​ប៉ុណ្ណោះ ពុំ​មាន​វត្តមាន​ជន​ត្រូវ​ចោទ​ក៏​បាន​។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ពាក់កណ្តាល​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹ​ម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ ​

ក្រោយមកលោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាមអ្នកច្បបា់បទល្មើស​នេះ លោក កឹម សុខា អាចនឹងត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​ ៕

Comments

comments