សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​បើករថយន្ត​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​ប្រជាពលរដ្ឋ​វាយ​និង​គប់​ដុំ​ថ្ម ក្រោយ​ជន​នេះ​បាន​បើករថយន្ត​បុក​រះ​ជា​ច្រើន​កន្លែង​តាម​ផ្លូវ​បណ្តាល​ឲ្យ​មាន​មនុស្ស​​របួស​ និងខូចខាតម៉ូតូរួម​នឹង​រថយន្ត​ជា​ច្រើន​ ។

ក្រៅពី​របួសធ្ងន់​និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នោះ​រួច​មក រថយន្ត​របស់​ជន​បង្ក​Gac GSS Super ពាក់​ស្លាក​លេខ ភ្នំពេញ 2AP 9719 ក៍​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​កម្ទេច​ខូចខាត​ធ្ងន់ធ្ងរ​ផង​ដែរ ។

សេចក្តី​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​នេះ បាន​បើក​បុក​រះ​តាំងពី​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ កាលពីម៉ោងជាង៤រសៀលថ្ងៃទី១១ ខែមីនា ឆ្នំា២០១៨នេះ រហូត​មក​ដល់​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​(​ពេទ្យ​លោកសង្ឃ​) សង្កាត់​ទឹកល្អក់ ខណ្ឌ​ទួលគោក ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ជិះ​តាម​ឃាត់​និង​ផ្តើម​ប្រើ​អំពើ​ហិង្សា​តែ​ម្តង កាលពីម៉ោងជាង៥ល្ងាចថ្ងៃអាទិត្យដដែលនេះ។

មិន​ទាន់​មាន​របាយការណ៍​លម្អិត​ជំវិញ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ផ្ទុះ​កំហឹង​ប្រើ​ហិង្សា​នេះ​នៅឡើយ​ទេ ៕