ភ្នំពេញ ៖ ក្រោយ​ពេល​កើតហេតុ​ ករណីបុក​រះ​បន្តបន្ទាប់​ម្ចាស់​រថយន្ត​ត្រូវ​ប្រជាពលរដ្ឋ​វាយ​និង​គប់​ដុំ​ថ្ម ប៉ុន្តែសំណាង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល ហើយ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ប្រភព​មិន​ទាន់​ច្បាស់ការ​មួយ​អោយ​ដឹង​ថា ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​ក្រុម​គ្រួសារ​ដែល​មាន​ប្រពន្ធ និង​កូន​២​នាក់ ប្រុស​ស្រី បាន​បញ្ជូន​ម្ចាស់​រថយន្ត​បង្ក បន្ត​ទៅ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃ​ទី​១១ មីនា ២០១៨ នេះ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វ​ណ្ណះ បានអោយ​ដឹង​ថា គិត​មក​ត្រឹម​ម៉ោង​នេះ លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​កម្ពុជា មិន​ទាន់​ស្លាប់​ទេ កំពុង​សង្គ្រោះ​បន្ទាន់ តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

បើ​មើល​តាម​រយៈ​វី​ដេ​អូ គេ​អាច​សម្គាល់​ជាបឋម​ពី​ភិនភាគ ចិញ្ចៀន និង​នាឡិកា​របស់​លោក​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត បាន គឺ​លោកគ្រូ​បង្រៀន​មុខ​វិជ្ជា​ផ្នែក business នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង NUM university ។

ទោះជា​យ៉ាងណា អង្រុត​ព័ត៌មាន នៅ​មិន​ទាន់​ទទួល​បាន​ពី​អត្តសញ្ញាណ​បុរស​អ្នក​បើករថយន្ត​បុក​រះ​នោះ អោយ​លម្អិត​នៅឡើយ​ទេ ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​ជា​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ជន​បង្ក​បាន​បើករថយន្ត​របស់​ខ្លួន​ម៉ាក​ហ្គិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-9719 បុក​រះ​តាម​ផ្លូវ​មាន​ម៉ូតូ រថយន្ត បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​២​នាក់ ។ ពេល​នោះ បងប្អូន​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ បាន​នាំ​គ្នា​ដេញ​តាម​ឃាត់​រថយន្ត​បង្ក តែ​ម្ចាស់​រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ បាន​ព្យាយាម​បើក​រត់គេច​ពេញ​រាជធានី​ភ្នំពេញ ដោយ​បើក​រត់​ជុំវិញ​រង្វង់​មូល​វត្ត​ភ្នំ ក្រ​ឡឹ​ក​ផ្សារ​ធំ​ថ្មី ឡើង​មក​ស្តុ​ប​ណា​ន​ជី​ង សំដៅ​មក​ស្តុ​ប​នាង​គ​ង្ហី​ង ហើយ​បាន​បុក​រះ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​ហូរហែ រហូត​ដល់​ចំណុច​ផ្លូវ​២៦៥ កែង​ផ្លូវ​១៥៦ ទើប​រថយន្ត​បែក​កង់​ទៅ​មុខ​លែង​រួច ត្រូវ​បាន​ប្រជាពលរដ្ឋ វាយ​កម្ទេច​រថយន្ត និង​ម្ចាស់​រថយន្ត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ប៉ុន្តែ​ក៏​សំណាងល្អ​របស់​ម្ចាស់​រថយន្ត ព្រោះ​ខណៈនោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ជួយ​អន្តរាគមន៍​ទាន់​ពេល និង​ទាក់ទង​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​តែ​ម្ដង ៕