«​រឿង​តូច​គេ​យក​ធ្វើ​ជា​រឿង​ធំ ហើយ​វ៉ៃ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​មុខសញ្ញា​សំខាន់​របស់​ពួក​គេ ដើម្បី​ស្វែងរក​ការ​គាំទ្រ ។ ធម្មតា​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ខ្លួនឯង គឺ​ត្រូវ​តែ​វាយប្រហារ​និង​បន្ទាប​អ្នក​ដទៃ ទើប​លើក​ខ្លួនឯង​បាន ។​»​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ក្នុង​ពិធី​បញ្ចុះ​ប្ញ​សសី​មា​ឆ្លង​ព្រះ​វិហារ​និង​សម្ពោធ​ស​មិ​ទ្ឋ​ផល​នានា​នៅ​ក្នុង​វត្ត​បឹង​ខ្នារ ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។

បើ​តាម​លោក ទៀ បាញ់ ការ​ផ្សាយ​ព័ត៌មាន​ថា​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​នេះ គឺជា​ចេតនា​របស់​បក្ស​ប្រឆាំង ។

គួរ​រំ​ឮ​កថា មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការ​តវ៉ា​បិទផ្លូវ​រឿង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ច្រកចូល​របស់​ក្រុមហ៊ុន​មេមត់ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប៉ុន្មាន​នាទី​ក្រោយ​ការ​ផ្ទុះអាវុធ​និង​មាន​អំពើ​ហិង្សា​កើតឡើង ក៍​មាន​ព័ត៌មាន​ជំហាន​ដំបូង​ថា​មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើន​នាក់ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បដិសេធ​អ្នក​ស្លាប់ តែ​ទទួលស្គាល់​ថា​ហេតុការណ៍​នេះ​ពិតជា​មាន​អ្នក​របួស ៕