ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ចូលរួម​ធ្វើ​បាតុកម្ម​នា​ចុង​ស​ប្តា​ហ៍​នេះ​នៅ​ទីក្រុង​ស៊ី​ដ​នី ក្នុង​ដំណើរ​ចូលរួម​ប្រជុំ​អាស៊ាន​-​អូស្ត្រាលី របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក បាន​ដុត​រូបតំណាង​លោក ហ៊ុន សែន​។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ជាង ១០ វិនាទី​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក អ្នកស្រី ប៊ូ រចនា ដែល​ទើបបាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​បាន​ថ្លែង​ថា​៖ «​នាង​ខ្ញុំ ប៊ូ រចនា គឺជា​ភរិយា​លោក​បណ្ឌិត កែម ឡី នាង​ខ្ញុំ​សូម​គោរព​អញ្ជើញ​បងប្អូន​ខ្មែរ​នៅ​ទីក្រុង​ស៊ី​ដ​នី​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​នាង​ខ្ញុំ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​អ្នកស្រី​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ទេពី​ម្សិលមិញ ប៉ុន្តែ​អ្នកស្រី វ៉ា ម៉ា​លី​ណា អ្នកដឹកនាំ​បាតុកម្ម​ដែល​ស្និទ្ធ​នឹង​អ្នកស្រី ប៊ូ រចនា បាន​ឲ្យ​ដឹង​ថា​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​គឺ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​ម្សិលមិញ​ដើម្បី​ដុត​រូប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ម្នាក់​ឈ្មោះ ជិន ដា​វី ដែល​និយាយ​ថា​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កា​ណា​ដា​បាន​ថ្លែង​ថា​៖ «​ការ​បួងសួង​នេះ​ជា​ចំណុច​ឈឺចាប់​របស់ ហ៊ុន សែន ពួក​យើង​អត់​ដឹង​ធ្វើ​អ្វី​ទេ គឺ​មាន​តែ​ធ្វើ​អ៊ីចឹង និង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​វត្ថុ​ស័ក្តិសិទ្ធិ គឺ​វិញ្ញាណក្ខន្ធ​អ្នក​ស្នេហា​ជាតិ​ដែល​បាន​បាត់បង់​ជីវិត​ទៅ គឺ​ឲ្យ​គាត់​ដាក់​ទំនាយ​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​រលាយ​វិនាស​ពី​ពិភពលោក​នេះ ឲ្យ​បាន​ឆាប់​»​។ ពិធី​ដុត​រូប​លោកនាយក​រដ្ឋមន្ត្រី​នេះ​មាន​ទាំង​ការ​សម្រក់​ឈាម​បួងសួង​ផង​ដែរ​។

ក្នុង​ស​ប្តា​ហ៍​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​។ លោក​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថានឹង​បាន​ជួបជុំ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​»​។

ឆ្លើយ​តប​នឹង​ការ​ដុត​រូប​លោកនាយក​រដ្ឋមន្ត្រី​នៅ​អា​មេ​រិ​ក និង​គម្រោង​បាតុកម្ម​នៅ​អូស្ត្រាលី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា​ទ​ង្វើ​ទាំងនេះ​មិន​បាន​ប្រយោជន៍​អ្វី​ទេ​។

លោក​និយាយ​ថា​៖ «​វា​យក​កំហឹង​បុគ្គល​ទេ វា​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​កន្លង​ទៅ​យើង​ឃើញ​ហើយ កឹ​ម មនោ​វិទ្យា (​កូនស្រី​លោក កឹ​ម សុខា​) រត់​ទៅ​ឱបដៃឱបជើង EU នឹក​ថា​គេ​គាបសង្កត់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​។ ឥឡូវ​គេ​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប​។ អាហ្នឹង​ដូច​គេ​សំពង​ក្បាល​មួយ​ញញួរ​លើ​ពួក​ប្រឆាំង​អ៊ីចឹង​»​។

លោក សុខ ឥ​សាន ថ្លែង​ថា​សហរដ្ឋអាមេរិក​មាន​និន្នាការ​ទោរទន់​មក​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​មិន​ហ៊ាន​ចេញ​មុខ ព្រោះ​ខ្លាច​អាប់មុខ​។

លោក​បន្ត​ថា​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​មិនមែន​គាំទ្រ​ពួក​ឧទ្ទាម​ខុសច្បាប់​ទេ ប៉ុន្តែ​ទទួលស្គាល់​រដ្ឋាភិបាល​ស្របច្បាប់​។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​អ្នកស្រី ប៊ូ រចនា លោក សុខ ឥ​សាន ថ្លែង​ថា ការ​អំពាវនាវ​នោះ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​អូស្ត្រាលី​។

លោក សុខ ឥ​សាន បាន​ថ្លែង​ចំអក​ថា​៖ «​ខ្ញុំ​យល់​ថា​មិន​អាច​ជន​អគតិ​ណា​ទៅ​ធ្វើអំពើ​អនាធិបតេយ្យ​តាម​ចិត្ត​ចង់បាន​ទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ទៅ​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម មិនមែន​ដូច​ពួក​នេះ​នៅ​ជាយ​ៗ ប៉ូលិស​គេ​ចងខ្សែ​ឲ្យ​ដើរ​នោះ​ទេ​»៕

ប្រភព P Post

Comments

comments