ភ្នំពេញ ៖ គិត​មក​ត្រឹម​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​១២​ មីនា​ នេះ លោក​សាស្ដ្រាចារ្យ​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ដែល​ជា​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​កម្ពុជា ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ព្រួត​វាយ ខ្លះ​ដោយ​ដុំ​ថ្ម រង​របួស​យ៉ាងធ្ងន់ធ្ងរ ហូរ​ឈាម​ឡើង​ជោគ​អាវ និង​បំផ្លាញ​រថយន្ដ​ខូចខាត​យ៉ាងដំណំ ព្រោះតែ​ខឹង​លោក​បើករថយន្ដ​បុក​រះ​នៅ​តាម​ផ្លូវ​នោះ ត្រូវ​បាន​ប្រភព​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួ​សារ​របស់​លោក​អះអាង​ថា បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ ។

លោក​សាស្ដ្រាចារ្យ ស៊ុ​យ សា​រ៉េ​ត ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោកបញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃ​ទី​១១ មីនា ២០១៨ បាន​ដឹក​ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ក្រោយ​រង​ការ​វាយប្រហារ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ កាលពីរ​ល្ងាច​ថ្ងៃ​ទី​១១ មីនា ម្សិលមិញ​នោះ ។

ប្រភព​ពី​សាច់ញាតិ​លោក​សាស្ដ្រាចារ្យ បានអោយ​ដឹង​ថា លោកគ្រូ សុ៑​យ សា​រ៉េ​ត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម នៅឡើយទេ​ ។ ខណៈ​នេះ​លោកគ្រូ​គាត់​បានដឹង​ខ្លួន​ឡើ​ង​វិញ​ហើ​យ ប៉ុន្តែ​សភាព​របួស​នៅ​ធ្ងន់​ត្រង់មាត់​និង​ធ្មេញ ជាមួយ​គ្នា​នេះ​ដែរក្រុម​គ្រួសារ​កំពុង​រង់ចាំ​លទ្ធផល​ពិនិត្យ​ខួរក្បាល​ពី​​ខាងក្រុម​​គ្រូពេទ្យ​ ។ បន្ទាប់​ពី​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម បាន​ជួយ​សង្គ្រោះហើយ​អះអាង​ថា មិន​ប៉ះពាល់​ក្បាល​ខ្លាំង​ខ្លា​នោះ​ឡើយ ។

ប្រភព​ដដែល​ បាន​បញ្ជាក់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា នេះ​ថា រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពី​ការ​ស្គេ​ន​របស់​គ្រូពេទ្យ​វៀតណាម បាន​បញ្ជាក់​ថា របួស​នេះ​មិន​បាន​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​នោះ​ឡើយ គឺ​ត្រូវមាត់​ខ្លាំង និង​បណ្តាល​ឲ្យ​បាក់​ធ្មេញ ប៉ុន្ដែ​ត្រូវ​នៅ​សម្រាក​ព្យាបាល​បន្ដ​ទៀត​នៅ​ទីនោះ ។

បើ​មើល​តាម​រយៈ​វី​ដេ​អូ គេ​អាច​សម្គាល់​ជាបឋម​ពី​ភិនភាគចិញ្ចៀន និង​នាឡិកា​របស់​លោក​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត បាន​ថា គឺ​លោកអតីតគ្រូ​បង្រៀននៅសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និងជាគ្រូ​បង្រៀន​មុខ​វិជ្ជា​ផ្នែក business ​សាកលវិទ្យាល័យ​កម្ពុជា ។ លោក​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត ជា​មន្រ្តី​ក្រសួង​អប់រំ​ មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ផង​ដែរ ។

គួរ​រំលឹក​ទៀត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មីនា នោះ រថយន្ត​ម៉ាក GREAT WALL​មួយ​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា ដេញ​វាយ​កម្ទេច ហើយ​ម្ចាស់​រង​របួសធ្ងន់​ពោរ​មុខ បែកក្បាល ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ព្យាយាម​បើក​រត់ និង​បុក​ជា​បន្តបន្ទាប់​ទៀត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១៥៦ កែង​ផ្លូវ​លេខ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ដែល​បើក​ដោយ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​បើក​បុក​គេ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ ហើយ​បន្ត​បើក​រត់គេច​តាម​ផ្លូវ រហូត​ដល់​ម្តុំ​ផ្សារ​ធំ​ថ្មី ជិះ​២-៣​ជុំ​នៅ​ម្តុំ​ផ្សារ​ថ្មី ហើយ​បន្ត​បើក​រត់គេច​តាម​ផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ក៏​មាន​បុក​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ផង​ដែរ ហើយ​បន្ត​ទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ ជិះ​ម៉ូត​ជិត​២០០​គ្រឿង​តាម​ទាន់​។

យ៉ាងណា​ក៏​ដោយ បើតាមមន្ត្រី​នគរបាល​ចរាចរណ៍ម្នាក់​ ក៏​បាន​ឲ្យ​ដឹង​ជា​ជំ​ហ៊ាន​ដំបូង​ផង​ដែរ​ថា លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ម្តុំ​ទួល​សង្កែ តែ​ប្រហែល​លោក​មិន​បាន​ឈប់​ដោះស្រាយ ក៏​មាន​កំហឹង​ពី​អ្នក​រត់​ម៉ូតូឌុប និង​នៅ​ក្បែរ​នោះ រហូត​បើក​ម៉ូតូ​ដេញ​តាម​ ។ ទំនង​លោក​ភ័យ​កាន់តែ​ខ្លាំង ឃើញ​គេ​បើក​ម៉ូតូ​ដេញ​តាម​នោះ ក៏​បន្ត​ចេះ​តែ​បើក​ទៅ​មុខ រហូត​ជួប​ហេតុការណ៍​នេះ​តែ​ម្តង ​៕ ម្ចាស់រថយន្តបុក​រះ​ផ្អើល​ភ្នំពេញ ជាសាស្ត្រាចារ្យ​ បើតាមនាឡិកា និង​ចិញ្ចៀនរបស់លោក