ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ល្ងាច​មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ លោត​ពីលើ​អគារ​ជាន់​ទី​១៥ បន្ទប់​លេខ​១៥០២ នៃ​សណ្ឋាគារ វី បង្ក​ការ​ភ្ញាក់ផ្អើលឡើងនៅ​​ទីតាំង​លេខ៤៨B ផ្លូវ​លេខ​១១១ តាម​ផ្លូវ​លេខ​១១១ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជនជាតិ​ចិន​ដែល​ស្លាប់ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​មាន​ឈ្មោះ LEE HSIANG PENG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​វី (V Hotel) បន្ទប់​លេខ​១៥០២ ជាន់​ទី​១៥ ហើយ​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​របស់​ជនជាតិ​ចិន​រូប​នេះ ​ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ក្រោយ​ពេល​និយាយ​តាម​ទូរស័ព្ទ​ប្រពន្ធ call មក​ពី​ប្រទេស​ចិន ។

ពាក់ព័ន្ធ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម្ចាស់​សណ្ឋាគារ វី បាន​លាក់បាំង​សមត្ថកិច្ច ចំពោះ​ករណី​ជនជាតិ​ចិន ដែល​លោត​ពីលើ​សណ្ឋាគារ​របស់​ខ្លួន ដោយ​ឆ្លើយ​ថា មិនដឹង​លោត​ពី​អគារមួយ​​ណា​ឡើយ ព្រោះ​នៅ​ក្បែរ​នោះ មាន​អគារ​ខ្ពស់​ៗ​ចំនួន​៤ ​ឯណោះ ។ ទោះជាយ៉ាងណា​រហូត​អស់​រយៈពេល​ជាង​៤​ម៉ោង ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​ថា ពិតជា​បាន​លោត​ពី​សណ្ឋាគារ វី ពិតប្រាកដ​មែន ដោយ​រក​ឃើញ​នូវ​លិខិតឆ្លងដែន​របស់​ជន​រង​គ្រោះ នៅ​ក្នុង​បន្ទប់​ជាន់​ទី​១៥​ ។

ប្រភព​ពី​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​គាត់​កំពុងនិយាយ​លេង​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​ក្បែរ​នោះ បាន​ប្រហែល​៥​នាទី ក៏​ឮ​សំឡេង​ផាំង​លាន់​ដូច​រន្ទះ ស្រាប់តែ​គាត់​ងាក​ទៅ​មើល ក៏​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​មនុស្ស​ធ្លាក់​ពីលើ​អគារ​ខុន​ដូ ចំ​ពីលើ​ដំបូល​រ៉ឺ​ម៉ក​របស់​គាត់ បណ្ដាល​ឲ្យ​គៀប​មនុស្ស​ជាប់​ដាច់​សាច់​ដៃជើង​គួរ​ឲ្យ​រន្ធត់ រួច​ក៏​ផ្អើល​ឆោឡោ​ឡើង​តែ​ម្ដង ។

ក្រោយ​កើតហេតុ​ការណ៍​អត្តឃាត​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​តែ​ម្ដង​ ។ បច្ចុប្បន្ន​សាកសព​ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​គ្រួសារ និង​ស្ថានទូត​សា​ម៉ី​មក​ទទួល ៕