មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ ខណៈ​ដែល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​យកដៃ​លូក​ចូល​ក្នុង​ព្រី​ភ្លើង​នៅផ្ទះ​បងប្អូន​ខាង​ប្តី ដើម្បី​បញ្ចប់ជីវិត ព្រោះ​ខូចចិត្ត​សុំ​ប្តី​រួមរស់​ជាមួយ​គ្នា​វិញ តែ​ប្តី​មិន​ព្រម ដោយសារ​នាង​បាន​ចុះ​ចោល​ប្តី និង​កូន​ៗ​ជិត​៥​ខែ ទៅ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ៩​រោច ខែ​ផល្គុន ឆ្នាំ រកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

យោង​តាម​បុរស​ជា​ប្តី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ ជឹ​ង ចំណាន អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ជិន សា​រ៉​ន អាយុ​៥៤​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ឈ្លូ​ង​២ ឃុំ​ស្គ​ន ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។

លោក​បាន​បញ្ជាក់​ទៀត​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​មក​ហើយ និង​មានកូន​១០​នាក់ និង​ចៅ ចៅទួត​១៥​នាក់ ដោយ​មិន​ដែល​មានការ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចុងឆ្នាំ​២០១៧ ក្នុង ខែ​១១ គាត់​មិនដឹង​ថា ប្រពន្ធ​របស់​ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​នោះ​ទេ រហូត​ធ្វើ​ឲ្យ​នាង​បង្ខំចិត្ត ចុះ​ចេញពីផ្ទះ​អស់​រយៈពេល​ជិត​៥​ខែ និង​បាន​យក​មាស​ទៅ​តាម​ខ្លួន​១​តម្លឹង​ផង​ដែរ​។

លុះ មក​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ ស្រាប់តែ​លេចមុខ​ប្រពន្ធ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​សុំ​គាត់​រួមរស់​ជាមួយ​គ្នា​វិញ តែ​រូប​គាត់​ជា​ប្តី មិន​យល់ព្រម​ទទួលស្គាល់​នោះ​ឡើយ​។

ក្រោយ​ពេល​គាត់​(​ប្តី​)​បដិសេធ​មិន​ចង់​ត្រូវរ៉ូវ​គ្នា​វិញ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ចូល​ក្នុង​បន្ទប់ទឹក ហើយ​បាន​លូកដៃ​ចូល​រន្ធ​ព្រី​ភ្លើង​បណ្តាល​ឲ្យ​ឆក់​ប្រកាច់​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បងប្អូន​សាច់ថ្លៃ​ដឹក​មក​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិត​តែ​ម្តង​។

បច្ចុប្បន្ន ស្ត្រី​រូប​នេះ រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ប្រសូតិ ខណៈ​មិនដឹង​ថា​បុរស​ជា​ប្ដី​ព្រម​ទទួលយក​គ្នា​វិញ​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕

ប្រភព Nokorwat

 

Comments

comments