ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ជាង ១៣% ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​កម្ពុជា បាន​ចំណាយ​លុយ​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើនឹង​ជិត ១២% ច្រើន​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ​។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ប្រាក់​ដែល​កើនឡើង​នេះ ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី​១ ហើយ​ទី​២ គឺ​ភ្ញៀវ​ទេសចរ​វៀតណាម ហើយ​បន្ទាប់​មក​គឺ​ឡាវ ថៃ និង​កូរ៉េ​ខាងត្បូង​។

កាសែត ឌឹ ខ្មែរ ថែម​ស៍ (Khmer Times) កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែកុម្ភៈ បាន​ដកស្រង់​សម្ដី​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ លោក គង់ សុ​ភារៈ មក​ចុះ​ផ្សាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន នៅ​កម្ពុជា កើនឡើង​ដោយសារ​ប្រទេស​ទាំង​ពីរ​បាន​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​។ លោក​ឱ្យ​ដឹង​ថា កម្ពុជា​រំពឹង​ថា នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​ហោច​ណាស់ ៦​លាន​នាក់​នៅ​ឆ្នាំ​២០១៨ ហើយ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង ១០​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២៥​។

ឯកអគ្គរដ្ឋទូត​ចិន លោក ស៊ី យុង​បូ (Xiong Bo) និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្ថានទូត​ចិន កាលពី​ស​ប្តា​ហ៍​មុន​ថា ក្រសួងទេសចរណ៍​របស់​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ​ដែល​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា​។

ការ​កើតឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​តាម​បណ្តា​ប្រទេស​កុ​ម្មុ​យ​និ​ស្ត ដូច​ជា​ប្រទេស​ចិន និង​វៀតណាម​នេះ ស្រប​ពេល​ដែល​កម្ពុជា បាន​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាដើម ហើយ​ដែល​រដ្ឋាភិបាល​ចិន និង​វៀតណាម បាន​ចេញ​មុខ​គាំទ្រ​ពេញទំហឹង​។

ក្រុម​អ្នក​ឃ្លាំមើល​ធ្លាប់​អះអាង​ថា ស្រប​ពេល​ភ្ញៀវ​ទេសចរ​ចិន មានការ​កើនឡើង បាន​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ប្រទេស​លោក​សេរី ដូច​ជា​សហរដ្ឋអាមេរិក កា​ណា​ដា អូស្ត្រាលី អង់គ្លេស និង​ប្រទេស​បារាំង ជាដើម មានការ​ថយ​ចុះ​ទៅ​វិញ​។ កត្តា​ដែល​នាំ​ឲ្យ​មានការ​ថយ​ចុះ​នេះ អាច​ដោយសារ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​គ្រោះ​មហន្តរាយ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្ដា​ប្រទេស​ទាំងនោះ​៕

Comments

comments