ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក​នៅ​តែ​បន្ត​កាន់​អំណាច ហើយ​នៅ​តែ​កាន់​អំណាច ប្រសិនបើ​នៅ​មាន​សេសសល់​អ្នកប្រឆាំង​រាជរដ្ឋាភិបាល ដែល​លោក​ទំនងជា​សំដៅ​ដល់​មេដឹកនាំ​គណបក្សប្រឆាំង​។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ​ទៀត ហើយ​លោក​ក៍បាន​ប្រកាស​ការពារ​សន្តិភាព មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​បាន​ឡើយ ព្រោះ​សន្តិភាព​ជា​គ្រឺះ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ជាតិ ។

លោក ហ៊ុន សែន ប្រកាស​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ ។

សូមបញ្ជាក់ដែរថា បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា​គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់​គិតចាប់ពី​ទី​ ប្រជុំ​ជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញហើយថាកំណាត់​ផ្លូវ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មានគុណ​ភាព​ខ្ពស់​បំផុត​។ ក្នុង​នោះ​គ្រឹះ​ផ្លូវ​មាន​កម្រាស់​រហូត​ដល់ ៦៥​សង់ទីម៉ែត្រ និង​ស្រទាប់​ខាងលើ ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ២០​សង់ទីម៉ែត្រ ដែល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​នេះ មាន​កម្រាស់​បេតុង​កៅស៊ូ​ក្រាស់​ជាងគេ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លើស​ពី​នោះ​កំណាត់​ផ្លូវ​នេះ មាន​ទទឹង​ចាប់ពី ២៥​ម៉ែត្រ រហូត​ដល់ ៣៩​ម៉ែត្រ ក្នុង​នោះ មាន ៤​គន្លង​សម្រាប់​រថយន្ត (២​ទៅ​, ២​មក​) ២​គន្លង សម្រាប់​ម៉ូតូ (១​ទៅ​, ១​មក​) និង​ចិញ្ចើម​ផ្លូវ​សម្រាប់​​អ្នក​ថ្មើរជើង​ចាប់ពី ១​ម៉ែត្រ រហូត​ដល់ ៨,៥០​ម៉ែត្រ ដែល​មាន​បង្កប់​លូ​មូល​នៅ​ខាងក្រោម​ផង​ដែរ ដើម្បី​រំដោះ​ទឹក កុំ​ឲ្យ​លិច​ផ្លូវ ជា​ពិសេស នា​រដូវវស្សា​។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បើ​ទោះបី​កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​ត្រឹមតែ​ជាង ៤​គីឡូម៉ែត្រ តែ​បាន​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​ថវិកា​ប្រមាណ​ជា ១៦​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផល​ប៉ះពាល់​។

លោក​ទេស​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម HAZANA-ANDO CORPORATION និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស Katahira & Engineers International ប្រើ​រយៈពេល​សាងសង់​អស់​ចំនួន ២៧​ខែ ដែល​ចាប់ផ្តើម​សាងសង់ ពី​ខែមេសា ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ទៀត​ថា កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤​នេះ គឺជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង កំណាត់​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​-​អ្នក​លឿង មាន​ប្រវែង សរុប ៥៥,៩៨​គ​.​ម ដែល​ត្រូវ​បាន​ស្តារ និង​សាងសង់​ឡើង​វិញ ក្រោម​គម្រោង​ជំនួយ​ឥត សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​៕