ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​លោក សម រ​ង្ស៊ី ដែល​ប្តឹង​ស្នើ​សុំ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ការ​ច្រានចោល​នេះ​បាន​ជំរុញ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ច្បាប់​របស់​លោក សម រ​ង្ស៊ី​។

កាលពី​ខែ​មុន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ស្នើ​សុំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហ៊ុន សែន​។

ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ថា បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ទិញ​ចំនួន​ចូល​ចិត្ត «Like» និង​ការ​គំរាម​សម្លាប់​ជាដើម​។ ពាក្យបណ្តឹង​នោះ​ក៏​អះអាង​ផង​ដែរ​ថា​ព័ត៌មាន​ដែល​ស្វែងរក​នេះ​អាច​នឹង​ជួយ​ការពារ​បណ្តឹង​ផ្នែក​ច្បាប់​របស់​លោក សម រ​ង្ស៊ី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ប្តឹង​នៅ​ក្នុង​ប្រទេស​ពី​បទ​បរិហារកេរ្តិ៍​ផង​ដែរ ចំពោះ​ការ​ចោទប្រកាន់​លោក ហ៊ុន សែន ថា​បាន​ទិញ​ការ​ចូល​ចិត្ត «Like» ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ១ ខែមីនា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​អះអាង​ថា ពាក្យបណ្តឹង​នេះ​គឺ​រំលោភ​លើ​ច្បាប់​រក្សា​ទុក​ព័ត៌មាន ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ច្បាប់​ស្តី​អំពី​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​គមនាគមន៍​ដែល​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ឆ្លើយ​តប​ការ​ផ្តល់​មតិយោបល់​ពី​ភាគី​ទី ៣ នៅ​លើ​វេទិកា​របស់​ខ្លួន​។

ការ​បដិសេធ​នេះ​ក៏​បាន​បង្ហាញ​អំពី​សំណើសុំ​ព័ត៌មាន​របស់​លោក សម រ​ង្ស៊ី ផង​ដែរ​ថា វា​ជា​ផ្នែក​មួយ​នៅ​ក្នុង​ជម្លោះ​ផ្ទាល់ខ្លួន​របស់​លោក សម រ​ង្ស៊ី ជាមួយ​លោក ហ៊ុន សែន និង​ជា​ការ​ស្វែងរក​អំណាច​នយោបាយ​ផ្ទាល់ខ្លួន​។ ឯកសារ​នោះ​បាន​ចោទប្រកាន់​លោក សម រ​ង្ស៊ី​ថា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អព្យាក្រឹត​មួយ «​ពាក់ព័ន្ធ​» នឹង​ជម្លោះ​នយោបាយ ហើយ​បាន​សំដៅ​ទៅ​ដល់​ការ​ស្នើ​សុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​នេះ​ថា «​ជា​ដំណើរ​មិន​ត្រឹមត្រូវ​»​។

ការ​ឆ្លើយ​តប​របស់​លោក រ​ង្ស៊ី បាន​ដាក់​ទៅ​កាលពី​ថ្ងៃ​ទី ៧ ខែមីនា​។ ក្រុម​របស់​លោក​បាន​សរសេរ​ថា ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​គឺជា «​ភាសា​មិន​ច្បាស់លាស់​»​។

លិខិត​នោះ​សរសេរ​ថា​៖ «​ខុស​ឆ្ងាយ​ពី​តួអង្គ​អព្យាក្រឹត ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ប្រមូលប្រាក់​រាប់​លាន​ដុល្លារ​ពី​បុគ្គល​មួយ​ចំនួន​។ ក្រុមហ៊ុន​បាន​លក់​ការ​ផ្សព្វផ្សាយ​ទៅ​ឲ្យ​របប​ដែល​កំពុង​ប្រើ​វេទិកា​នេះ​ដើម្បី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​រំលោភសិទ្ធិ​មនុស្ស​»​។

ក្រុម​របស់​លោក សម រ​ង្ស៊ី បាន​បន្ត​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កថា​កំពុង​ព្យាយាម​លាក់បាំង​នូវ​អាកប្បកិរិយា​ដ៏​គួរ​ឲ្យ​ស្តីបន្ទោស​របស់​ខ្លួន​។

ការ​ឆ្លើយ​តប​នោះ​អះអាង​ថា​ច្បាប់​បាន​ត្រឹមតែ​រារាំង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ពី​ការ​បញ្ចោ​ញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែន​អំពី «​ទំនាក់ទំនង​មិន​មាន​មាតិកា​» នោះ​ទេ​ដូច​ជា​ការ Like របស់ Facebook ជាដើម​។

ក្រៅពី​នេះ​ក៏​បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ផ្លូវច្បាប់​ចំពោះ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន នៅ​លើ​វេទិកា​នេះ​ទេ និង​ថា «​មិន​បាន​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ហ្វេ​ស​ប៊ុ​ក​ពី​ការ​ធ្វើ​តាម​ការ​អនុវត្ត​ច្បាប់​របស់​សហព័ន្ធ​ដែរ​»​។

ក្រុម​អ្នក​ច្បាប់​របស់​លោក​ក៏​បាន​ចំអក​ដល់​ការ​ចោទប្រកាន់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​ថា ជម្លោះ​នេះ​គឺជា​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន​របស់​លោក សម រ​ង្ស៊ី ដោយ​ពួក​គេ​បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា​ជា «​សម្ដី​ដូច​កូន​ក្មេង​» ។

នៅ​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​សៅរ៍​លោក សម រ​ង្ស៊ី​បាន​និយាយ​ថា លោក​តែងតែ​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​អំពី​ការ​ទិញ Like ក្លែងក្លាយ​នេះ ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​នោះ​ទេ​។ លោក​បាន​ភ្ជាប់​អ៊ីមែល​ចំនួន ៣ ទៅ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្ញើ​អំឡុង​ឆ្នាំ ២០១៦​។

លោក​បាន​សរសេរ​ថា​៖ «​ដោយ​ព្យាយាម​លាក់បាំង​ការ​ពិត​អំពី​ល្បិច​តាម​អ៊ីនធឺណិត ជាក់ស្តែង​វា​មិន​ស្រប​តាម​ក្រមសីលធម៌​ផ្លូវការ​របស់​ខ្លួន​នោះ​ទេ​ហើយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ហាក់ដូចជា​មិន​ខ្វល់​អំពី​រូបភាព​របស់​ខ្លួន​ទេ ទោះបីជា​វា​អាច​ត្រូវ​បាន​គេ​យល់​ថា​កំពុង​ជួយ​ពង្រឹង​អំណាច​របស់​ពួក​ផ្តាច់​ការ​ក៏​ដោយ​»​។

លោក សម រ​ង្ស៊ី ត្រូវ​បាន​បង្ខំ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​ដើម្បី​ចៀស​ពី​ការ​ផ្តន្ទាទោស​ចាប់តាំងពី​ឆ្នាំ ២០១៥ មក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ប្តឹង​អំពី​បទ​បរិហារកេរ្តិ៍ ចំពោះ​មតិយោបល់​ដែល​បាន​និយាយ​ក្នុង​ឆ្នាំ ២០០៨​។ នៅ​ក្នុង​ឆ្នាំ ២០១៧ ដោយ​មានការ​ផ្តន្ទាទោស​រូប​លោក​បាន​បង្ខំ​ឱ្យ​លោក​សម្រេច​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្សប្រឆាំង និង​ត្រូវ​ជំនួស​មក​វិញ​ដោយ​លោក កឹ​ម សុខា ដែល​ក្រោយមក​ត្រូវ​ចាប់ខ្លួន​ក្រោម​ការ​ចោទ​ពី​បទ «​ក្បត់ជាតិ​» ហើយ​គណបក្ស​របស់​ពួក​គេ​ក៏​ត្រូវ​បាន​រំលាយ​ទាំងស្រុង​កាលពី​ខែវិច្ឆិកា​ផង​ដែរ​។

លោក សម រ​ង្ស៊ី បន្ថែម​ទៀត​ថា​៖ «​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ប្រជាប្រិយភាព​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​មួយ​ដើម្បី​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

អ្នកតំណាង​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​បំភ្លឺ​ទេ​៕

Comments

comments