សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​គេ​ប៉ង​សម្លាប់​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​ដាក់​ពាក្យ​ប្តឹង​ផ្លូវការ​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​ដែល​ពាក្យបណ្តឹង​ទើបតែ​បែកធ្លាយ​ដល់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ ។

បើ​តាម​ពាក្យបណ្តឹង​គឺ​បាន​ចោទប្រកាន់​ក្រុម​ជន​បង្ក​ហិង្សា​លើ​លោក ស៊ុ​យ សា​រ៉េ​ត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្ន​ដទៃ​ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។

ពាក្យបណ្តឹង​ដាក់​ជូន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដដែល​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ក្រុម​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​ទារ​សំណង​ចំនួន​មួយ​ពាន់​ពីរ​រយ​លាន​រៀល ។

មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​១៣ មីនា​នេះ មិនដឹង​ថា​តើ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ ហើយក៍​មិនដឹង​ថា​ចំណាត់ការ​ក្នុង​ការ​ស្វែងរក​ក្រុម​ជន​បង្ក​ហិង្សា​នោះ​ទទួល​បាន​ល​ទ្ឋ​ផល​យ៉ាងណា​នោះ​ដែរ ខណៈ​ដែល​ស្ថានភាព​ជំងឺ​របស់​លោក ស៊ុ​យ សា​រ៉េ​ត បាន​ធូរស្រាល​និង​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ និង​កំពុង​បន្ត​សម្រាក​ព្យ​បាល​នៅ​ក្នុង​ប្រទេស​វៀតណាម ។

គួរ​រំ​ឮ​កថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ដេញ​តាម​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក GAC ដែល​ល្បី​ថា​បុក​មនុស្ស​ស្លាប់ ២​នាក់ តែ​មិន​ព្រម​ឈប់​។ នៅ​ពេល​ស្ទាក់​ជាប់ ស្រាប់តែ​ក្រុម​មនុស្ស​ដែល​មាន​កំហឹង​យ៉ាង​ខ្លាំង​នោះ បាន​នាំ​គ្នា​វាយ​យ៉ាង​សាហាវ​ទៅ​លើ​ម្ចាស់​រថយន្ត និង​កម្ទេច​រថយន្ត ដោយ​ប្រើ​ដុំឥដ្ឋ ដុំ​ថ្ម និង​មួក​ការពារ ដោយ​មិន​បាន​សួរនាំ​វែង​ឆ្ងាយ​ឡើយ​។ ក្រុម​មនុស្ស​ដែល​កំពុង​វាយ​លើ​ម្ចាស់​រថយន្ត បាន​និយាយ​ថា រថយន្ត​នេះ​បុក​គេ​ស្លាប់ ២​នាក់ ហើយ​មិន​ព្រម​ឈប់ ដោយ​បន្ត​បុក​រះ​ជា​ច្រើន​គ្រឿង​ទៀត​។

ទោះ​បែប​នេះ​ក្ដី ពុំ​មាន​របាយការណ៍​ជាក់លាក់​ណាមួយ​បញ្ជាក់​ពី​ការ​ពិត​អំពី​អ្នក​ស្លាប់​និង​របួស​ដូច​ការ​ផ្សាយ​ផ្ទាល់​របស់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​អន​ឡាញ​នោះ​ទេ តែ​ព័ត៌មាន​ខ្លះ​ថា​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត​នោះ មាន​មនុស្ស​ម្នាក់​គត់ ដែល​បាន​រង​របួសស្រាល​។

សេចក្តីរាយការណ៍​បាន​ស្រង់​សាក្សី​ថា ដើមហេតុ​មាន​ម៉ូតូ​មួយ​ក្រុម ចេញពី​ហាង​ផឹកស៊ី​ថ្ងៃត្រង់ ក៏​ជិះ​រេ​ចុះ រេ​ឡើង ប៉ះ​នឹង​ឡាន​របស់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត​។ ការ​ប៉ះពារ​នោះ មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​បក្សពួក​ខាង​ម៉ូតូ​ក៏​បាន​នាំ​គ្នា​ស្រែក​ឲ្យ​ឈប់ យ៉ាង​ច្រងេងច្រងាង​។ ដោយ​មានការ​ភិតភ័យ លោក ស៊ុ​យ សា​រ៉េ​ត មិន​ហ៊ាន​ឈប់​ឡើយ ដោយ​ព្យាយាម​បើក​រក​កន្លែង​មាន​សុវត្ថិភាព​សិន​។

ពេល​នោះ ស្រាប់តែ​ក្រុម​ជិះ​ម៉ូតូ បាន​នាំ​គ្នា​ស្រែ​កថា “​បុក​មនុស្ស​ស្លាប់​ហើយ​!!!” ឯ​អ្នកខ្លះ​ទៀត នាំ​គ្នា​ស្រែ​កថា “​ចិន​បុក​ខ្មែរ​ស្លាប់​ទៀត​ហើយ​”​។ លឺ​បែប​នេះ ក៏​មាន​អ្នក​ជិះ​ម៉ូតូ​ដេញ​តាម​កាន់តែ​ច្រើន ហើយ​ស្រែក​ពេញ​ផ្លូវ​ថា​ឡាន​នោះ​បុក​មនុស្ស​ស្លាប់ ឯ​ម្ចាស់​រថយន្ត​ភិតភ័យ​កាន់តែ​ខ្លាំង ក៏​ព្យាយាម​បើក​រត់​បន្ត រហូត​ប៉ះ​ឡាន​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​ម្នាក់​។

ស្រប​ពេល​កំពុង​ដេញ​តាម​នោះ មាន​សារព័ត៌មាន​មួយ​ចំនួន ដេញ​តាម live ឯ​សារព័ត៌មាន​មួយ​ចំនួន​ក៏​បង្ហោះ​ភ្លាម​ៗ​ថា កំពុង​ដេញ​រថយន្ត​ដែល​បុក​មនុស្ស​ស្លាប់ ២​នាក់​។ ម្ចាស់​រថយន្ត​បាន​បើក​តាំងពី ខណ្ឌឫស្សីកែវ រហូត​ទៅ​មុខ​លែង​រួច​នៅ​ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។ បន្ទាប់​ពី​ទៅ​មុខ​លែង​រួច មនុស្ស​ជា​ច្រើន​បាន​ចុះ​ពី​ម៉ូតូ នាំ​គ្នារ​ត់ទៅ​វាយ​ម្ចាស់​រថយន្ត និង​កម្ទេច​រថយន្ត​ភ្លាម ដោយ​មិន​ទុក​ពេល​ឲ្យ​ម្ចាស់​រថយន្ត​បាន​និយាយ​មួយ​ម៉ាត់​ណា​ឡើយ​។

ពេល​នោះ គេ​ឃើញ​ម្ចាស់​រថយន្ត​ចង់​និយាយ​ដែរ ប៉ុន្តែ​គ្រប់​គ្នា​បាន​ព្រួត​វាយ គប់​កញ្ចក់ ប្រើ​ដុំឥដ្ឋ ដុំ​ថ្ម​ធំ​ៗ គប់​លើ​រថយន្ត​យ៉ាង​ព្រៃផ្សៃ​។ ចំណែក​ដៃ​ម្ខាង ត្រូវ​បិទ​គាប​ជាប់​រថយន្ត​យ៉ាង​សង្វេគ​។ ក្រោយ​កើតហេតុ ល្បី​ត​គ្នា​ថា​បុក​មនុស្ស​ស្លាប់ តាម​ពិត​គ្មាន​នរណា​ស្លាប់​ឡើយ ហើយ​គ្រោះថ្នាក់​ដំបូង ក៏​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​រង​របួស​ដែរ ប៉ុន្តែ​ដោយសារ​ការ​ស្រែក​ឆោឡោ​ត​គ្នា ទើប​បង្ក​ជា​ការ​យល់​ច្រឡំ រហូត​វាយ​ម្ចាស់​រថយន្ត​ឡើង​បែក​ឈាម​ស្រោច​ខ្លួន ទាំង​មិន​បាន​បកស្រាយ​អ្វីមួយ​ម៉ាត់​សោះ​។

ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នក​បង្ក​ហិង្សា មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ តាម​ប្រសាសន៍​របស់​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ​។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​មក​ដាក់ទោស មិន​ឲ្យ​រួចខ្លួន​ឡើយ ព្រោះ​សកម្មភាព​នេះ​ផ្ទុយ​នឹង​ច្បាប់ និង​បង្ហាញ​ពី​ការ​បង្ក​អសន្តិសុខ​សង្គម​។ លោក​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​ផ្សេង ដែល​ត្រូវ​ទទួលទោស ប៉ុន្តែ​ការ​បង្ក​ហិង្សា​គឺជា​រឿង​ផ្សេង​៕