លោកសាស្ត្រាចារ្យ Stephen Hawking ជាអ្នក​ប្រាជ្ញ​​វិទូ​ ​ជនជាតិ​អង់គ្លេសមួយរូប​វិធី​ដ៏​ល្បីល្បាញ​បំផុត ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ផ្តល់​តម្លៃ​នៃ​ការ​សិក្សា​ជា​ច្រើន ទៅ​លើ​ជីវិត​ភព​ផ្សេង និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រហោង​ខ្មៅ​នោះ ទីបំផុតលោក​បាន​ទទួលមរណៈភាព​ហើយ ក្នុង​អាយុ៧៦​ឆ្នាំ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ធំៗលើពិភពលោកនា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ​។

ក្រោយ​ពី​ទទួល​រង​ជំងឺ​រាប់​សិប​ឆ្នាំ​មកនេះ ដោយ​អង្គុយ​លើ​រទេះ និង​មាន​ឧបករណ៍​វេជ្ជសាស្ត្រ ជំនួយ​សុខភាព​ជាប់​ជា​និច្ច​នោះ នៅ​វ័យ២១ឆ្នាំ លោក Stephen កើត​មាន​ជំងឺ​មួយ​ឈ្មោះ​ថា Lou Gehrig ឬ Amyotrophic Lateral Sclerosis ជា​ជំងឺ​ម្យ៉ាង​ធ្វើ​ឲ្យ​លោក​កម្រើក​អវយវៈ​លែង​បាន ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​អ្នក​ដទៃ ឬ ឧបករណ៍​បច្ចេកវិទ្យា​ ។ ក្រោយ​ពី​រក​ឃើញ​ថា ​មាន​ជំងឺ​នេះ​គ្រូពេទ្យ​សន្និដ្ឋាន​ថា លោក​អាចរ​ស់បាន​ជាង២ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​បង្កើត​អច្ឆរិយ​មួយ​ដោយ​អាច​រស់នៅ​បាន​ដល់​សព្វថ្ងៃ​ ។

ស្នាដៃ​ចុង​ក្រោយ​បំផុត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​នោះ គឺ​លោក Hawking បាន​ចេញ​នូវ​សេចក្តី​ព្រមាន​មួយ ដល់​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​មនុស្ស​លើ​ភព​ផែនដី ឲ្យ​ឈប់​បន្តសកម្មភាព​ស្វែងរក​ជីវិត​អេ​លៀន ឬ​មនុស្ស​ភព​ផ្សេង​នោះ​ទៀត​ទៅ ព្រោះ​វា​នឹង​បង្ក​ការ​គំរាមកំហែង​ដល់​ភព​ផែនដី ប្រសិនបើ​អេ​លៀន​ទាំងនោះ មក​កាន់តែ​ផែនដី​ដោយ​ចេតនា​ចង់​ទន្ទ្រាន​គ្រប់គ្រង ​។

លោក Stephen តែងតែបាន​លើក​ឡើង​ច្រំ​ដែល​ថា ​វិធី​តែ​ម្យ៉ាង​គត់​ដែល​ជួយ​ឲ្យ​មនុស្សលោក​គេច​ផុត​ពី​ការ​ផុត​ពូជ ​គឺ​ការ​តាំងទី​លំនៅ​លើ​ភព​ផ្សេង ដោយពេល​វេលា​កាន់តែ​ខើច​ទៅ​ហើយ​ ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ អំឡុង​ពេល​ឡើង​ថ្លែង​សុន្ទរកថា ​កាលពី​ថ្ងៃ​អង្គារ៍ ​នៅ​សកល​វិទ្យាល័យ​អង់គ្លេស Oxford University Union លោក​បាន​សង្កត់ធ្ងន់​ថា «​យើង​ត្រូវ​តែ​បន្តដំណើរ​រុករក​នៅ​លំហ​អាកាស​ដើម្បី​អនាគត​មនុស្សជាតិ​។ ខ្ញុំ​គិត​ថា ​ពួក​យើង​អាច​រស់នៅ​លើ​ភព​ផែនដី​ដ៏​ផុយ​ស្រួយ​នេះ​បាន​តែ ១,០០០ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​» ។

សូមជម្រាបថា ​លោក Stephen កើត​នៅ​ថ្ងៃ​ទី៨ មក​រា ឆ្នាំ ១៩៤២ ដែល​ចៃដន្យ​ប៉ះ​ចំ​ខួប​ស្លាប់​ទី៣០០ឆ្នាំ​របស់​លោក Galileo Galilei ដែល​ជា​តារាវិទូ និងជា​អ្នកប្រាជ្ញ​រូបសាស្ត្រ​ដ៏​ល្បីឈ្មោះ​មួយ​រូបផងដែរ​ ។ លោក​ Stephen Hawking ​មិន​ត្រឹម​តែ​ជា​​អ្នក​ប្រាជ្ញ​រូបសាស្ត្រ​ដ៏​ល្បី​ទេ​ ប៉ុន្តែ​ក៏​ជា​​អ្នក​ប្រាជ្ញ​រូបធាតុ​, ជា​តារា​វិទូ និង​ ជា​អ្នក​ប្រាជ្ញ​គណិត​វិជ្ជា​ដ៏​ល្បី​ឈ្មោះ​ថែម​ទៀត​ផង ៕

 

Comments

comments