ភ្នំពេញ ៖ ភ្លៀង​កក់ខែ នឹង​ចាប់ផ្ដើម​ធ្លាក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយ​ចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​កម្រិត​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ពោល​គឺ​ចាប់ពី​ថ្ងៃស្អែក​នេះ​ហើយ នេះ​បើ​យោងសេចក្ដី​ជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១២ មីនា នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់ ដែល​បក់​មក​ពី​ទិស​ខាងកើត (​មក​ពី​សមុទ្រ ចិន​ខាងត្បូង​) ។

យោង​តាម​ការ​ព្យាករ​ឥទ្ធិពល របស់​ខ្យល់​ខាងលើ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់ ថ្ងៃ​ទី​២២ ខែមីនា នៅ​តាម​បណ្ដា​ខណ្ឌ​-​ស្រុក​-​ក្រុង មួយ​ចំនួន នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយ​រៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។

បណ្ដា​រាជធានី​-​ខេត្ត ដែល​មាន​ភ្លៀង​កក់ខែ សីតុណ្ហភាព​អតិបរមា នឹង​ថយ​ចុះ មក​នៅ​ក្នុង​រង្វង់ ៣៣-៣៤ អង្សា​សេ ឯ​បណ្ដា​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព អតិបរមា នឹង​ស្ថិត​ក្នុង​រង្វង់ ៣៥-៣៦ អង្សា​សេ ៕

Comments

comments