អ្នកវិភាគ​លើក​ឡើង​ថា បទបញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែមីនា អោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ពិនិត្យ​ករណី​លោក​សម រ​ង្ស៊ី ដែល​លោក​ចោទ​ថា សន្យា​កាត់​ខេត្ត​ចំនួន ៤ ឲ្យ​វៀតណាម​នោះ គឺ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​។ អ្នកវិភាគ​ស្នើ​សុំ​ឲ្យ​អ្នកនយោបាយ​រួបរួម​គ្នា គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើក​ឡើង​ថា លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ អាច​ប្រឈម​មុខ​នឹង​ទោស​មួយ​ករណី​ទៀត ព្រោះ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ប្រាកដជា​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​មើលឃើញ​ថា នៅ​ពេល​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើ​តាម​បទបញ្ជា​អ្នកនយោបាយ​ដូច្នេះ គឺ​នឹង​បាត់បង់ ឯករាជ្យ​ភាព និង​យុត្តិធម៌​៖ «​ថ្វី​ដ្បិត​រដ្ឋាភិបាល​អះអាង តុលាការ​មាន​ភាព​ឯករាជ្យ​មែន ប៉ុន្តែ​កន្លង​មក តុលាការ ច្រើន​តែ​រង​គំនាប​ពី​អ្នកនយោបាយ​ជា​ពិសេស​គណបក្សកាន់អំណាច​តែ​ម្ដង​។ ខ្ញុំ​យល់​ឃើញ​ថា កាលណា​មាន​ប្រតិកម្ម ឬ​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ស្ថាប័ន​តុលាការ អាច​នឹង​ខ្វះ​ភាព​ឯករាជ្យ​នៅ​ក្នុង​ការ​ចាត់វិធានការ ដូច្នេះ​ប្រសិនបើ​តុលាការ ធ្វើ​ទៅ​តាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី គឺ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​ទេ​។ ប្រសិនបើ​តុលាការ​មាន​ភាព​ឯករាជ្យ​នោះ តុលាការ នឹង ជំនុំជម្រះ និង​ស្រាវជ្រាវ​ករណី​លោក សម រ​ង្ស៊ី តាំងពី​ដើម​មក មិនមែន​ទាល់តែ​នាយ​រដ្ឋមន្ត្រី ស្រែក ទើប ចាត់វិធានការ​នោះ​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​តុលាការ មិនមែន​ជា​កាតព្វកិច្ច​នាយក​រដ្ឋមន្ត្រី​ឡើយ​»​។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​ប៉ែន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា​ដោយ​ចោទ​ថា ករណី លោក សម រ​ង្ស៊ី សន្យា​កាត់​ដី​ចំនួន ៤​ខេត្ត​នៅ​ភាគ​ឦសាន ឱ្យទៅ​ជនជាតិភាគតិច​វៀតណាម មិនមែន​ជា​រឿង​តូច​ឡើយ វា​គឺជា​ទ​ង្វើ​ក្បត់ជាតិ​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ​។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ត្រូវ​តែ​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​ច្បាស់​៖ «​ហើយ​រឿង​នេះ​កុំ​ភ្លេច​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ត្រូវ​ចាត់ចែង​រឿង​ហ្នឹង​ជាមួយ​មហាផ្ទៃ រឿង​ក្ដី​មួយ​នេះ​រឿង​ធំ​ណាស់​ជា​ផលប្រយោជន៍ ហើយ​នេះ​អំពើ​ក្បត់ជាតិ​ចេញ​មក​ច្បាស់​ក្រឡែត ប៉ុន្តែ យើង​អត់​ត្រូវធ្វើ​ទទឹងទិស​ទេ ព្រោះ​ត្រូវ​ស៊ើបអង្កេត ឲ្យ​បាន​ម៉ត់ចត់ ហើយ​ត្រូវ​ដំណើរការ​តាម​យន្តការ​ច្បាប់ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​កាត់​ដី​កម្ពុជា​ឲ្យ​ជនបរទេស​នោះ​ទេ​»​។

លោក​ហ៊ុន សែន ក៏​គ្រោង​ទៅ​ប្រទេស​វៀតណាម ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះហត្ថលេខា​រវាង​លោក សម រ​ង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ឬ​ហៅ​ថា Degar លោក កុក ស នេះ​ផង​ដែរ​។

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​លោក សម រ​ង្ស៊ី ដើម្បី​ឆ្លើយ​តប​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ មីនា​។ ប៉ុន្តែ​លោក សម រ​ង្ស៊ី ធ្លាប់​ច្រាន​ចោលការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថា ជា​ការ​បំ​ភ្លើ​ស​ខុស​ពី​ការ​ពិត​បែប​មនុស្ស​វិកលចរិត ហើយ​លោក​ក៏​មិន​ខ្វល់​អំពី​ចំណាត់​របស់ តុលាការ ដែល​ស្ថិត​ក្រោម​គំនាប​នៃ​របប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន​ឡើយ​។ លោក សម រ​ង្ស៊ី ក៏​បាន​ចោទ​វិញ​ថា ជន​ក្បត់ជាតិ គឺ​អ្នក​កាន់​អំណាច​សព្វថ្ងៃ ដែល​បាន​កាត់​ទឹកដី​ប្រទេស​កម្ពុជា​មាន ទាំង​កោះត្រល់ ឲ្យ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។

នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​លោក សម រ​ង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ឬ​ហៅ​ថា Degar លោក Kok Ksor កាលពី​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៣​នោះ មិន​បាន​សរសេរ ឬ​ព្រមព្រៀង​ថា បាន​កាត់​ខែត្រ​ចំនួន​៤ គឺ​ខែត្រ​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខែត្រ​ស្ទឹង​ត្រែង ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ បាន​សរសេរ​ថា អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ដា​កា (Degar) ឬ​ម៉ុង​តា​ញ៉ា នៅ​ក្នុង​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ជា​ពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ មាត្រា​៤ និង​មាត្រា​៥ ជាដើម​។ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំងនេះ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ​។

មាត្រា​៣ ចែង​ថា ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស្វ័​យស​ម្រេច​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាម​រយៈ​សិទ្ធិ​នេះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​ពួក​គេ​ដោយ​សេរី​។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ជាង ១​នាទី​របស់​លោក សម រ​ង្ស៊ី ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក សម រ​ង្ស៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា រស់នៅ​ដោយ​មាន​សេរីភាព ហើយ​ព្រៃ​ភ្នំ ដី ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​កាន់កាប់​យូរ​មក​ហើយ នៅ​ខែត្រ​មួយ​ចំនួន​ភាគ​ឦសាន​នោះ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដកហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួក​គាត់​នោះ ប្រគល់​ជូន​ពួក​គាត់​វិញ​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន ទាន់​ឃើញ​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​គេ​ចោទ​នោះ ជា​ជន​ក្បត់ជាតិ​ឡើយ​។ លោក​ថា ចំណាត់ការ​ចំពោះ​ខ្មែរ​គ្នា​ឯង មិន​បាន​ផ្ដល់​ផល​ចំណេញ​សម្រាប់​ជាតិ​ឡើយ មាន​តែ​ការ បែកបាក់​ជាតិ និង​ធ្វើ​ឲ្យ​បរទេស​មើលងាយ​ខ្មែរ​ប៉ុណ្ណោះ​។ លោក​ហង្ស វិទូ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នក នយោបាយ​ខ្មែរ គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ជា​ជាង​ការ​ប្រើ​កំហឹង និង​អារម្មណ៍​ផ្ទាល់ ខ្លួន ដើម្បី​យកឈ្នះ​ចាញ់​ជាមួយ​ខ្មែរ​គ្នា​ឯង​៕

ប្រភព RFA