ភ្នំពេញ ៖ លោក​ផ្កាយ​៤ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ មីនា​នេះ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ តាម​ចាប់​បាន​ម្នាក់​ទៀត​ហើយ ។

ជនសង្ស័យ​ទី​៣​នេះ មានឈ្មោះ អាន ផ​ល្លី អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា ម្សិលមិញ ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​លើ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ចំនួន​២​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី ធ្វើការ​ឃាត់ខ្លួន​បាន​ផង​ដែរ ។

ជនសង្ស័យ​ទី​១ មានឈ្មោះ យា​ត ទិ​ត្យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អា​ស័​យ​ដ្ធា​ន​ផ្ទះ​គ្នាន​លេខ ផ្លូវ​ទី​៧ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។ និង​ទី​២ ឈ្មោះ អាន វិ​នទី ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងមាស អា​ស័​យ​ដ្ធា​ន ផ្ទះ​១០០៥ ផ្លូវ​១៩៤ ក្រុម​៤០ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក ។

សមត្ថកិច្ច​កំពុង​សាកសួរ​ចម្លើយ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ៕