បុរស​ម្នាក់ ក្រោយ​ពី​រៀប​ការ​ប្រពន្ធ​រួច បាន​ចាប់ដៃ​គ្នា​ប្រឹងប្រែង​រកស៊ី​ខ្លាំង​ណាស់ លុះ​ក្រោយមក ក៏​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ បាន​ប្រាក់ខែ​រាប់​ពាន់​ដុល្លារ និង​តែង​ផ្ញើ​ឱ្យ​ប្រពន្ធ​រាល់​ខែ មិន​ដែល​ខាន ស្រាប់តែ​ប្រពន្ធ​រស់នៅ​បែក​ប្តី​យូរ​ជូរ​មាត់​ផង ណាមួយ​មាន​លុយ​ចាយ​ពេញដៃ​ផង ក៏​ចេះ​តែ​ដើរ​លេង​ផឹកស៊ី​រាល់​យប់ រហូត​ដល់​បែកគំនិត​នាំ​ប្រុស​សហា​យមក​ដេក​កំដរ​ទៀត​ផង លុះ​បែកធ្លាយ​រឿងរ៉ាវ ក៏​ពង្រត់​គ្នា​ចេញពី​ស្រុក​បាត់​។

បុរស​អភ័ព្វ​ស្នេហ៍​ដែល​ចេញ​ទៅ​ធ្វើការ​ស្រុក​ឆ្ងាយ​យូរ​ពេក រហូត​ដល់​ប្រពន្ធ​នាំ​ប្រុស​មក​ដេក​រួមរ័ក​ដល់​ក្នុងផ្ទះ​នេះ មានឈ្មោះ​ទួន ប៊ុ​ន​ធឿ​ន អាយុ​៣៩​ឆ្នាំ កំពុងធ្វើការ​នៅ​ឯ​ប្រទេស​កូរ៉េ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចុង​អាង ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។

តាម​សម្តី​លោកតា​ហេង ហ៊​ន អាយុ​៦៧​ឆ្នាំ ត្រូវជា​ឪពុក​បុរស​ប្រពន្ធ​ផិត ឈ្មោះ​ទួន ប៊ុ​ន​ធឿ​ន បាន​រៀបរាប់​ជំនួស​កូនប្រុស​ថា កាលពី​កំលោះ កូនប្រុស​គាត់ (​ទួន ប៊ុ​ន​ធឿ​ន​) គឺជា​មនុស្ស​ពូកែ​ខាង​ដុះដាល​គំនិត​រកស៊ី​ចិញ្ចឹមជីវិត ក្រោយមក នៅ​អំឡុង​ឆ្នាំ​១៩៩៩ ពួក​គាត់​ជា​ឪពុក​ម្តាយ​ក៏​ផ្សំផ្គុំ​រៀប​ការ​ប្រពន្ធ​ឱ្យឈ្មោះ​ហ៊ុន សា​រ៉ា​ន់ សព្វថ្ងៃ​អាយុ​៣៥​ឆ្នាំ​។ តាំងពី​រៀប​ការ​រួច ប្តី​ប្រពន្ធ​កូនប្រុស​នេះ​ស្រលាញ់​គ្នា​ចាក់ទឹកមិនលិច​ទេ រស់នៅ​ចុះសម្រុង​នឹង​គ្នា​ល្អ​ណាស់ មិន​ដែល​ឮ​មាត់​តូច​មាត់ធំ​ដាក់​គ្នា​ទេ និង​បាន​រួមរស់​បង្កើតកូន​៥​នាក់ (​ប្រុស​៤ ស្រី​១)​។

លោកតា​ហេង ហ៊​ន បន្ត​ថា ដំបូង​ឡើយ កូនប្រុស​គាត់​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត លុះ​សន្សំ​លុយ​បាន​ខ្លះ ក៏​បន្ថែម​មុខរបរ ដោយ​ទិញ​រ៉ឺ​ម៉ក​ម៉ូតូ​មក​រត់​នៅ​ផ្សារ​អង្គតាសោម​។ នៅ​អំឡុង​ពេល​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នោះ កូនប្រុស​គាត់​បាន​ឆ្លៀតពេល​រៀន​ភាសា​កូរ៉េ ទៀត​ផង រហូត​ដល់​ចេះ​ដឹង​គួរសម​ក៏​ដាក់​ពាក្យ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដោយ​ទទួល​បាន​ប្រាក់ខែ​ជិត​២​ពាន់​ដុល្លារ​ឯណោះ​។

ពេល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ កូនប្រុស​នេះ​តែង​កាត់​ចំណែក​ប្រាក់ខែ​របស់​ខ្លួន​ជាង​ពាក់កណ្តាល​ផ្ញើ​មក​ឱ្យ​ប្រពន្ធ ដើម្បី​ចិញ្ចឹម​គ្រួសារ ដោយ​ក្នុង​មួយ​ខែ ផ្ញើ​ឱ្យ​ប្រពន្ធ​១​ពាន់​ដុល្លារ ឬ​លើស​ពី​នេះ​ទៀត​ផង ហើយ​តែង​ផ្ញើ​មក​ឱ្យ​ជា​រៀង​រាល់​ខែ មិន​ដែល​ខាន​ឡើយ​។

ចំណែក​កូនប្រសា​ស្រី​របស់​គាត់​នៅផ្ទះ​វិញ ដោយសារ​តែ​បែក​ប្តី​យូរ​ផង ណាមួយ​មាន​លុយ​ចាយ​ពេញដៃ​ផង ស្រាប់តែ​ចេះ​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ជា​រៀង​រាល់​យប់ ជួន​ផឹក​មួយ​យប់​ទល់​ភ្លឺ​ក៏​មាន​។ មិនតែប៉ុណ្ណោះ នាង​ថែម​ទាំង​បែកគំនិត​លួច​ទាក់ទង​ប្រុស​សហាយ​ក្នុងភូមិ​ម្នាក់ ដែល​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ និង​តែង​នាំ​ប្រុស​សហាយ​នោះ មក​ដេក​កំដរ​សឹង​រាល់​យប់​ទៀត​ផង សូ​ម្បី​តែ​កូន​ៗ ក៏​ដឹង​ដែរ តែ​មិន​ហ៊ាន​និយាយ​។

លោកតា​ហេង ហ៊​ន បានឱ្យ​ដឹង​ទៀត​ថា ក្រោយមក កូនប្រុស​របស់​គាត់​ក៏​បាន​សាកសួរ​ប្រពន្ធ​ពី​រឿង​លុយកាក់​សន្សំ​បាន​ប៉ុន្មាន ហើយ​ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា ចាយ​ខ្ទេច​អស់ហើយ គ្មាន​សល់​អ្វី​ទេ មួយ​ខែ​ៗ​ចាយ​សឹង​មិន​គ្រប់​ផង​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​កូនប្រុស​គាត់​សង្ស័យ ក៏​ពឹង​ឱ្យ​គាត់​ជា​ឪពុក និង​សាច់ញាតិ ជួយ​តាមដាន​មើល​ប្រពន្ធ​របស់​គេ​ថា​តើ​មាន​អ្វី​ប្លែក​ឬ​ក៏​អត់? ទីបំផុត​ក្រោយ​ពី​តាម​សង្កេត​មួយ​រយៈ ទើប​ដឹង​ច្បាស់​ថា កូនប្រសា​ស្រី​នោះ កំពុង​មាន​ប្រុស​សហាយ​ឈ្មោះ​គង់ បន អាយុ​៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ប្រាក់ ប៉ាន់ អាយុ​៣៩​ឆ្នាំ និង​មានកូន​៥​នាក់​ដូច​គ្នា រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា រំលង​តែ​១​ស្រែ​ប៉ុណ្ណោះ​។ នៅ​រាល់ពេល​យប់​ស្ងាត់ បុរស​ជា​ប្រុស​សហាយ​ឈ្មោះ គង់ បន តែងតែ​លប​ឡើងផ្ទះ​កូនប្រសា​ស្រី​របស់​គាត់ ដើម្បី​ដេក​រួមរ័ក​មេត្រី ហើយ​រហូត​ដល់​ទៀប​ភ្លឺ ទើប​ចុះ​ទៅ​ផ្ទះ​វិញ​។

លោកតា​ហ៊​ន បញ្ជាក់​ថា កូនប្រុស​គាត់​ទោះបី​ដឹង​រឿង​ប្រពន្ធ​ផិតក្បត់ ក៏​នៅ​តែ​មិន​ដាច់​ចិត្ត​លែងលះ​ប្រពន្ធ​ឡើយ ព្រោះតែ​អាណិត​ដល់​កូន តែ​សម្រាប់​ចិត្ត​កូនប្រសា​ស្រី​វិញ បែរជា​មិន​ព្រម​កែខ្លួន ហើយ​ថែម​ទាំង​ប្រព្រឹត្ត​ខុសឆ្គង​លើស​ដើម ដោយ​ថ្លើមធំ​ពង្រត់​គ្នា​ជាមួយ​ប្រុស​ប្តី​របស់​គេ​នោះ ចេញ​ទៅ​សម្ងំ​រួមរស់​យ៉ាង ត្រេកត្រអាល​ទៀត​ផង ដោយ​មិន​អាណិតអាសូរ​ដល់​ទ្រូង​មនុស្ស​ស្រី​ជា​ប្រពន្ធ​ដូច​គ្នា​នោះ​ឡើយ​។

សព្វថ្ងៃ គូ​សហាយស្មន់​នេះ​កំពុង​សម្ងំ​រស់នៅ​ខេត្តកោះកុង ជា​ស្រុក​កំណើត​របស់​ប្រុស​សហាយ​។

ចំណែក​កូន​ៗ​របស់​ពួក​គេ​ទាំង​៥​នាក់ ត្រូវ​រស់នៅ​ក្នុង​បន្ទុក​ពួក​គាត់​ជា​ជីដូន​ជីតា ជួយ​ចិញ្ចឹម​បីបាច់ រហូត​ដល់​សព្វថ្ងៃ​៕

ប្រភព Angkor Thom