ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​នីតិវិធី​ថ្មី​មួយ​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ ត្រូវ​តម្កល់​ប្រាក់​ទុក​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សម្រាប់​ដោះស្រាយ​ករណី​ថៅកែ​រត់​ចោល​កម្មករ​។ គម្រោង​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​រោងចក្រ​ប្រមាណ​ជិត ១០​រោងចក្រ ត្រូវ​បាន​បិទទ្វារ និង​ថៅកែ​រត់​ចោល​ដោយ​មិន​ទាន់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​បណ្ដាល​ឱ្យ​កម្មករ​រាប់​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​រ៉ាំរ៉ៃ​ទាមទារ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធិ​ផល​សន្និបាត​ការងារ​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែមីនា ថា សម្រាប់​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ថៅកែ​រត់​ចោល ក្រសួង​ទុក​ថា ជា​ហានិភ័យ​មួយ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

កាសែត​ក្នុងស្រុក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ថា រដ្ឋមន្ត្រីក្រសួង​ការងារ​កំពុង​បង្កើត​អនុក្រឹត្យ​ស្ដី​ពី​របប​នីតិកម្ម​ដើម្បី​ធានា​ទូទាត់​អត្ថប្រយោជន៍​កម្មករ ករណី​ដែល​រោងចក្រ​បិទទ្វារ​។ ក្រសួង​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន ឬ​រោងចក្រ​តម្កល់​ប្រាក់​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ទូទាត់​ហានិភ័យ​ណាមួយ​ដែល​កើតឡើង គឺ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មាន​លទ្ធភាព​ទូទាត់​ប្រាក់​ទាំងនោះ​ដល់​កម្មករ​។ បើ​ទោះបីជា​យ៉ាងនេះ​ក្តី លោក អ៊ិ​ត សំ​ហេង មិន​បាន​បញ្ជាក់​ថា តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ​ត្រូវ​តម្កល់​ប្រាក់​ប៉ុន្មាន​នោះ​នៅឡើយ​ទេ​។

លោក ហ៊ុន សែន កាលពី​ចុងខែ​កុម្ភៈ​នេះ បាន​ផ្ដល់​ថវិកា​បុរេប្រទាន​របស់​រដ្ឋ​ចំនួន ៤​លាន ៦​សែន​ដុល្លារ ដើម្បី​ទូទាត់​ប្រាក់បៀវត្ស​ដល់​កម្មករ​ជាង ៤​ពាន់​នាក់ ដែល​ម្ចាស់​រោងចក្រ​ចំនួន​៩ បាន​រត់​ចោល​។ រោងចក្រ​ដែល​ថៅកែ​រត់​ចោល​នោះ មាន​រោងចក្រ ហ្គា​វ័ន អាប់​ភើ​រៀល (Gawon Apparel Co., Ltd.) នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល រោងចក្រ ហ្វើ​ស ហ្គា​វ័ន (First Gawon) នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម រោងចក្រ អេ​ហ្វ​.​អ​.​អ៊ី​. ហ្គា​មេន (FRE Garment) រោងចក្រ​យូ​ដា ហ្គា​មេន អ៊ិ​ន​ដាស់​ស្ទ្រៀ​ល (UDA Garment Industrial) ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​ចោម​ចៅ និង​រោងចក្រ អ៊ី​ហ្វា ហ្គា​មេន អ៊ិ​ន​ដាស​ស្ទ្រៀ​ល (EFA Garment Industrial) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​ប្រាក់​បុរេប្រទាន​នេះ​បាន​នៅឡើយ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ិ​ត សំ​ហេង ក៏​បាន​អះអាង​ថា ថៅកែ​រោងចក្រ​មិន​ត្រូវ​អាង​តែ​រដ្ឋាភិបាល​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជំនួស​ខ្លួន ហើយ​នាំ​គ្នា​រត់គេច​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​នោះ​ទេ ពោល​រាល់​អ្នក​ដែល​បាន​រត់​ចោល​រោងចក្រ​ហើយ​នោះ រដ្ឋាភិបាល​នឹង​មាន​វិធានការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ឱ្យ​ថៅកែ​ទាំងនោះ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​ចប់​សព្វគ្រប់​តាម​ផ្លូវច្បាប់​។ លោក​បន្ត​ថា ក្រៅពី​វិធានការ​ទាំងនេះ រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រកាស​មួយ​តម្រូវ​ឱ្យ​រោងចក្រ​ទាំងអស់​បើកប្រាក់​អតីតភាព​របស់​កម្មករ​រៀង​រាល់ ៣​តែ​ម្ដង ឬ​១​ខែ​ម្ដង ដើម្បី​កុំឱ្យ​ថៅកែ​រោងចក្រ​ជំពាក់​កម្មករ​ច្រើន​ពេក​។

ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ បានឱ្យ​អាស៊ី​សេរី​ដឹង​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ថា លោក​សាទរ​ពោះ​វិធានការ​ថ្មី​នេះ ប្រសិនបើ​ក្រសួង​អាច​ធ្វើ​បាន ព្រោះ​ចំណុច​នេះ​ខាង​សហជីព​របស់​លោក​បាន​ស្នើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​តម្លាភាព លោក​ស្នើ​ឱ្យ​មានការ​ចូលរួម​ពី​ក្រុម​សហជីព​ឯករាជ្យ​ក្នុង​ករណី​ដែល​មានការ​ទូទាត់​ប្រាក់​ឱ្យ​កម្មករ​ក្នុង​ករណី​ដែល​ថៅកែ​រត់​ចោល​រោងចក្រ​៖ «​ប៉ុន្តែ ជា​ធម្មតា​កាលណា​អត់​មាន​សហជីព​កម្មករ​ពិតប្រាកដ​ចូលរួម តែងតែ​មានការ​ដោះស្រាយ​នឹង​វា​អត់​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​ទេ​។ ឧទាហរណ៍​ថា ការ​ដោះស្រាយ​វិវាទ​កន្លង​មក​…​ពេល​ខ្លះ​កម្មករ​អត់​ទទួល​បាន​ផលប្រយោជន៍​ទៅ​តាម​ច្បាប់​ទេ ហើយ​រឿង​ខ្លះ​ទៀត​ទទួល​បាន​រឿង​អយុត្តិធម៌​ច្រើន​»​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លទ្ធផល​សន្និបាត​ការងារ​ប្រចាំឆ្នាំ​២០១៧​នេះ​ក៏​បាន​អះអាង​ថា ក្រសួង​បាន​ដោះ​វិវាទ​ការងារ​រួម​ចំនួន ១២៧​ករណី ថយ​ចុះ​៨០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ករណី​សះជា​ចំនួន​៥៦​ករណី និង​មិន​សះជា ៧០​ករណី​។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​ជាង​ជិត ១៣០​ករណី​នេះ មិនមែន​ជា​វិវាទ​ធំ​ៗ​ទេ ដោយសារ​តែ​ក្រសួង​បំបែក​វិវាទ​ធំ​ៗ​មួយ​ចំនួន​ឱ្យទៅ​ជា​វិវាទ​តូច ដូច្នេះ មើលទៅ​ហាក់ដូចជា​ឃើញ​ការ​ដោះស្រាយ​វិវាទ​ច្រើន​អ៊ីចឹង​៖ «​អ៊ីចឹង​ការ​មិន​មាន​វិវាទ​ទៅ​ដោះស្រាយ​មិនមែន​មាន​ន័យ​ថា មានរឿង​យុត្តិធម៌ លែង​មាន​បញ្ហា ហើយ​សុខ​សប្បាយ​ទេ​។ មាន​ន័យ​ថា ការ​រំលោភ​ហើយនឹង​បញ្ហា​នៃ​រឿង​អយុត្តិធម៌​នៅ​តែ​ច្រើន ហើយ​ច្រើន​ជាង​មុន​ទៀត​ជា​ពិសេស គឺ​គាត់​អត់​មាន​តំណាង​។​ល​។​»​។

លទ្ធផល​សន្និបាត​ការងារ​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​កូដកម្ម ក្រសួង​បាន​ដោះស្រាយ​ចំនួន ៩៧​រោងចក្រ ថយ​ចុះ​៤២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ករណី​សះជា ៩០​ករណី​។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​កូដកម្ម​ថយ​ចុះ​នេះ​មិនមែន​មាន​ន័យ​ថា គ្មាន​រឿង​អយុត្តិធម៌​កើតឡើង​ចំពោះ​កម្មករ​ទេ ព្រោះ​ដោយសារ​ច្បាប់​សហជីព​បាន​រឹត​បន្តឹង​សហជីព​មិន​ឱ្យ​តំណាង​កម្មករ ហេតុនេះ​កម្មករ​ខ្លាច មិន​ងាយ​នឹង​ធ្វើ​កូដកម្ម​ទេ​។ ចំពោះ​ការ​ដោះស្រាយ​របស់​ក្រសួង​វិញ លោក​ថា មិនដឹង​មាន​យុត្តិធម៌​ត្រឹម​កម្រិត​ណា​ដល់​កម្មករ​ទេ​៖ «​កូដកម្ម​វា​ជា​ជម្រើស​ចុង​ក្រោយ ហើយ​កូដកម្ម​គេ​មិន​ងាយ​ធ្វើ​ទេ ប៉ុន្តែ​ដើម្បី​កុំឱ្យ​មាន​កូដកម្ម​កើតឡើង ត្រូវ​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ​យុត្តិធម៌ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ ក្រសួង​នៅ​កណ្ដាល គ្មាន​ក្រុម​ជើងកាង ឬ​អត់​មាន​អ្នក​កាង​ក្រុមហ៊ុន​ទេ​.. ខ្ញុំ​គិត​ថា រឿង​អ្វី​ដែល​កម្មករ​ចង់​ធ្វើ​កូដកម្ម​»​។

សហជីព​ឯករាជ្យ​ស្នើ​ឱ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ឱ្យ​បាន​ឆាប់រហ័ស និង​មាន​តម្លាភាព​៕

ប្រភព RFA

 

Comments

comments