អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​យក​លេស​គ្រប់​បែប​យ៉ាង​ចោទប្រកាន់​រូប​លោក​និង​លោក កឹ​ម សុខា ក្នុង​បំណង​កម្ចាត់​អ្នក​រិះគន់​ទាំងអស់ ដែល​ប្រឆាំង​លោក ហ៊ុន សែន ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ ក៍បាន​ហៅ​ទ​ង្វើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ថា​កំពុង​ដើរ​តាម​គន្លង ប៉ុ​ល ពត ជា​មេដឹកនាំ​ដែល​មាន​ជំងឺសរសៃប្រសាទ ។

ការ​លើក​ឡើង​ខាងលើ​របស់​លោក សម រ​ង្ស៊ី នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បន្ត​ចោទប្រកាន់​លោក សម រ​ង្ស៊ី ថា​ជា​ជន​ក្បត់ជាតិ​កាត់​ខេត្ត​ចំនួន​៤​រួម​មាន​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង​និង​ខេត្តក្រចេះ​ឲ្យ​ទៅ​យួន​និង បន្ទាប់​ពី​មានការ​ផ្ទុះ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​លោក ហ៊ុន សែន ចោទ​ថា​ជា​ជន​ក្បត់ជាតិ​កាត់​ដី​ឲ្យ​យួន ពី​សំណាក់​ស្ថាប័ន​និង​ថ្នាក់ដឹកនាំ​សំខាន់​មួយ​ចំនួន​របស់​ជាតិ​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​ខ្លាំង ហ៊ុន សែន​នោះ ។

គិត​ត្រឹម​ម៉ោង​៧​និង​៤៧​នាទី​ព្រឹក​ថ្ងៃ​សុក្រ ១៥​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​ខុទ្ទកាល័យ​លោក ហ៊ុន សែន ក៍​ដូច​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក សម រ​ង្ស៊ី បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា​«​កាលពី ៤០ ឆ្នាំ​មុន ជំងឺ​ស​សៃ​ប្រសាទ​របស់ ប៉ុ​ល ពត បាន​ធ្វើ​ឲ្យ​គាត់​ឃើញ​តែ​សត្រូវ​ជុំវិញ​ខ្លួន ហើយ​ដើរ​ចោទ​គេ​ចោទ​ឯង ថា​ជា “​ជន​ក្បត់​” ដែល​ធ្វើការ​ឲ្យ CIA (​របស់​សហរដ្ឋអាមេរិក​) KGB (​របស់​សហភាព​សូ​វៀត​) ឬ​ក៏ ធ្វើការ​ឲ្យ​យួន​តែ​ម្តង​។ ឥឡូវនេះ ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​តែ​ដើរ​តាម​គន្លង​របស់ ប៉ុ​ល ពត​។ គាត់​កំពុង​រក​លេស​គ្រប់​បែប​យ៉ាង ចោទប្រកាន់ កឹ​ម សុខា និង​រូប​ខ្ញុំ ដើម្បី​កម្ចាត់​អ្នក​ទិតៀន​ទាំង អស់ ដែល​ហ៊ាន​ប្រឆាំង​អំណាច​កាន់តែ​ឃោរឃៅ​របស់​គាត់​។ មិនយូរ​ទេ គាត់​នឹង​ចោទប្រកាន់​ថែម​ទៀត​ថា កឹ​ម សុខា និង​ខ្ញុំ ជា “​ជន​ក្បត់​” ដែល​ធ្វើការ​ឲ្យ​ប្រទេស​អា​ល្លឺ​ម៉​ង់ (Germany) ពេល​ណា​គាត់​ដឹង​ថា​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឡើង​ដោយ​មានការ​ផ្គត់ផ្គង់ ពី​អង្គការ​អា​ល្លឺ​ម៉​ង់​ពីរ គឺ មូលនិធិ Konrad Adenauer និង​មូលនិធិ Friedrich Naumann​។ ហ៊ុន សែន អើយ ! ឈប់​ឆ្កួត​ទៅ !»៕

Comments

comments