នៅ​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ឈ្មួញ​ឈ្មោះ ហាក់ សេង គឺជា​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​។ ដូច្នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា ឈ្មួញ​ឈ្មោះ ហាក់ សេង ជា​មេខ្លោង​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ហើយ​ការ​ដែល​ឈ្មួញ​រូប​នេះ​ហ៊ាន​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែ​ម្តង​។ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិន​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះ​ទេ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​សង្កាត់ មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប និង​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ហាក់ សេង ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ស្រេច​តែ​អំពើ​ចិត្ត​។ ក្រោយ​ពេល​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក​ទើប​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​អ្នកបើកបរ​គ្រឿងចក្រ​៧​នាក់​និង​គ្រឿងចក្រ​ចំនួន​៩​គ្រឿង​នៅ​កន្លែង​កើត​មាន​បទល្មើស​ដោយ​ផ្ទាល់​តែ​ម្តង​។ បញ្ហា​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​វាយតម្លៃ​ទុកជា​មុន​ថា ឈ្មួញ​ឈ្មោះ ហាក់ សេង អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ជា​មិន​ខាន​។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា​នៅ​កន្លែង​កើតហេតុ​គេ​បាន​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ប្រមាណ​១​ហិ​កតា​រួច​ជា​ស្រេច​ទៅ​ហើយ​។ ម្ចាស់​គ្រឿងចក្រ​ដែល​ជួល​ឲ្យ​អ្នកបើកបរ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ឈ្មួញ​ឈ្មោះ ហាក់ សេង ដែល​ជា​អ្នកលក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្បែរ​ភោជនីយដ្ឋាន ឡុ​ក យី​ញ ក្នុង​ក្រុង​សៀមរាប ហើយ​ឈ្មួញ​ម្នាក់​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។ ដោយសារ​អាង​មាន​ទំនាក់​ទំ​ង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទើប​ឈ្មួញ​ឈ្មោះ ហាក់ សេង ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​លើក​ឡើង​ថា ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​ចៅសង្កាត់​ជ្រាវ និង​ពី​អភិបាលក្រុង​សៀមរាប ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិន​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។ ដូច្នេះ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប គួរ​ចាត់វិធានការ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ដែល​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ហាក់ សេង ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​បាន​វាយតម្លៃ​ទុកជា​ស្រេច​ថា ឈ្មួញ​ឈ្មោះ ហាក់ សេង អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​យ៉ាង​ស្រួល​ៗ​ជា​មិន​ខាន ព្រោះ​ការ​ដែល​ឈ្មួញ​រូប​នេះ​ហ៊ាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​កំរោល គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ​៕

ប្រភព Moneaksekar Khmer

Comments

comments