តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង នាំ​ចូល​តាម​ទូក​ធំ​ៗ​នៅ​ច្រក​ប៉ាក់​ខ្ល​ង គ្មាន​ការ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ព្រមទាំង​បក្ខពួក​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េ​ង នៅ​តែ​អាច​នាំ​ចូល​ប្រហិត​តាម​ទូក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន ហើយ​លោក សំ កុសល ជា​អ្នក​ទទួលផល​ប្រយោជន៍​ធំ​ជាងគេ​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង បាន​យក​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ធ្វើ​ជា​បង្អែក​យ៉ាង​រឹង​មាំ​ទើប​អាច​បន្ត​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​អង្គភាព​សាខា​គយ​និង​រដ្ឋាករ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េ​ង និង​ម៉ែ​អា​ម៉​ង់ និង​ឈ្មួញ​ផ្សេង​ៗ​ទៀត​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ប៉ាក់​ខ្ល​ង យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយះ​ការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ម៉ូតូ​គេចពន្ធ​ជាដើម គឺ​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ការ​ដែល​លោក សំ កុសល ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ាក់​ខ្ល​ង និង​ច្រក​ផ្សេង​ៗ​ទៀត​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​មួយ​ខែ​ៗ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​របស់​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ខ្លះ​ផង​។ ដោយហេតុ​ថា មិនមែន​តែ​នៅ​ច្រក​ប៉ាក់​ខ្ល​ង មួយ​ប៉ុណ្ណោះ​ទេ​ដែល​លោក សំ កុសល ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ម៉ូតូ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត គឺ​នៅ​ច្រក​ផ្សេង​ៗ​ទៀត​ដូច​ជា ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម ក៏​លោក សំ កុសល បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​ពេញបន្ទុក​ដែរ​។ ជាង​នេះ​ទៅ​ទៀត​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ជា​បន្ទាន់​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​មួយ​ចំនួន​បាន​យក​លោក សំ កុសល ធ្វើ​ជា​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​ហើយ​បន្ត​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​៕

ប្រភព៖គណបក្សយុវនកម្ពុជា

 

Comments

comments