ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​​គណនី​យ Facebook មួយ ដែល​សួរ​ថា​តើ​កងកម្លាំងប្រដាប់អាវុធ​ចាប់ពី​ស័ក្តិ​ប៉ុន្មាន​ទៅ​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​តាម​ខ្លួន នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​បកស្រាយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​តាម​ពិត​ការ​ចេញ​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពោល​គឺ​នគរបាល និង​កង​យោធពលខេមរៈភូមិន្ទ មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ជា​បុគ្គល ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រាជធានី​.​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​.​ខេត្ត មេបញ្ជាការ​កង​វរ សេនា​តូច អធិការ​ន​.​ប ក្រុង ស្រុក ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ស្រុក ខណ្ឌ និង​មន្ត្រី​ស៊ី​វិល​ចាប់ពី​ថ្នាក់​អគ្គនាយក​ឡើង​ទៅ ។ ដោយឡែក ក៏​ត្រូវ​បាន​ចេញ​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ​ជា​អង្គភាព សម្រាប់​បម្រើ​ឱ្យ​កិច្ច​ប្រតិបត្តិការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ផង​ដែរ ។ ហើយ​ចំពោះ​ជន​ស៊ី​វិល​មិន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រើប្រាស់​អាវុធ​ទេ ។ ក្នុង​ករណី​បុគ្គល​ណា​ដែល​ប្រើប្រាស់​អាវុធ​ខុស​បទបញ្ជា​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់ ទោះជា​មាន​លិខិតអនុញ្ញាត ឬ​មិន​មាន​លិខិតអនុញ្ញាត​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​។​»

ការ​បកស្រាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ខាងលើ គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​គណនី​ឈ្មោះ​« Phearak Chea»​ដែល​ចោទសួរ​ថា​«​ខ្ញុំ​ចង់​សួរ​ថា​តើ​ម​ន្រី្ត​ថ្នាក់​ត្រឹមណា​អាច​ប្រើ​អាវុធ​បាន​ មាន​អ្នក​ណា​ឆ្លើយ​ចេញ​ទេ? ខ្ញុំ​ឃើញ​ម​ន្រី្ត​ថ្នាក់​ត្រឹមណា​ក៏​អាច​ប្រើ​បាន​ដែរ សូម​លោក​ដែរ​ចេញ​ច្បាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ជួយ​បកស្រាយ​ប្រាប់​ផង​ តើ​ឋានន្តរស័ក្តិ​ត្រឹមណា​អាច​ប្រើប្រាស់​អាវុធ​បាន?បើ​ខ្ញុំ​ឃើញ​មន្ត្រី​ប៉ូ​លី​ស​មួយ​ចំនួន​មិន​ទាន់​ដល់​ឋា​រ​នន្តរ​ស័ក្ដិ​ផង អាច​មាន​អាវុធ​ប្រើ​បាន​បាត់​ហើយ ច្បាប់​មកពីណា​ទៅ ? មាន​លុយ​មាន​អំណាច មាន​លុយ​​អាច​ទិញ​ស័ក្តិ​បាន មាន​លុយ​អាច​ទិញ​កាំភ្លើង​ប្រើប្រាស់​បាន មាន​ខ្នង​អាច​បាញ់បោះ​សេរី​បាន តើ​ច្បាប់​ស្រុក​ខ្មែរ​នៅឯណា​ទៅ បើ​គិតតែ​ប្រើ​លុយ ប្រើ​អំណាច​បុណ្យស័ក្ដិ​ចឹ​ង ពេល​ណា​ទើប​ប្រទេស​ជាតិ​រីក​ចំរើន​ទៅ​អស់លោក​អើយ​។ តើ​វិន័យ​០០៦ ​របស់​ប៉ូ​លី​ស​នៅ​ណា​ទៅ ​បើ​មន្ត្រី​ខ្លះ​មិន​បានដឹង​ថា​ន័យ​០០៦​ជា​អ្វី​ផង? ហើយ​មន្ត្រី​មាន​ខ្នង​មាន​ខ្សែ​ក៏​អាច​មាន​អាវុធ​កាន់ ហើយ​បើ​មាន​លុយ​វិញ​ចង់​ឡើង​ស័ក្ដិ​មា​ណ​ក៏​បាន ចុះ​មន្ត្រី​គ្មាន​លុយ​វិញ​គ្នា​មិន​នៅ​តែ​ដដែល ចុះ​បង​ៗ តស៊ូ​កន្លង​មក​ទុក​គ្នា​នៅ​ណា​វិញ?ខ្លួនឯង​ជា​មេ​គេ​គ្រប់​គ្រង់​កំលាំង និង​អនុវត្តន៍​ច្បាប់​មិន​បាន​ផង​នៅ​ដឹកនាំ​ធ្វើ​អី​ទៀត បង្កើត​ច្បាប់​ដើម្បី​អោយ​មន្ត្រី​អនុវត្តន៍​តាមតែ​បើ​មាន​អ្នក​ពុក​រលួយ​ដដែល​បង្កើត​ច្បាប់​ធ្វើ​អី លុប​ចោល​ទៅ ។ សូម​លោក​ជា​មេដឹកនាំ​មួយ​ចំនួន​ជួយ​ពិនិត្យ​រឿង​នឹង​ឡើង​វិញ​ផង កុំ​មាន​លុយ មាន​ខ្នង​ធ្វើ​អី​ក៏​បាន​នោះ ប្រជាពលរដ្ឋ​មិន​គាំទ្រ​ទេ ប្រយ័ត្ន​ធ្លាក់​ឆ្នោត​ទៅ​អស់លោក​អើយ បើ​ដឹកនាំ និង​បញ្ជា​មិន​បាន​ទេ មក​ធ្វើ​ប្រជាពលរដ្ឋ​ធម្មតា​វិញ​ទៅ​ស្រួលខ្លួន​ជាង​។ ពេល​ណា​ទើប​ប្រទេស​យើង​អនុវត្តន៍​ច្បាប់​បាន​ទៅ បើ​នៅ​មាន​បង​ៗ មួយ​ចំនួន​នៅ​តែ​ពុក​រលួយ ស៊ីលុយស៊ីកាក់​ចឹ​ង​នោះ គ្មាន​ទេ​ភាព​យុ​តិ្ត​ធម៌​នៅ​ប្រ​ទេស​ក​ម្ព​ជា បើ​នៅ​មាន​មន្ត្រី​មួយ​ចំនួន​នៅ​តែ​អាង​អំណាច មន​លុយ​សូកប៉ាន់ ចឹ​ង​។ សូម​ថ្នាក់លើ​របស់​ក្រសួងមហាផ្ទៃ​ជួយ​ពិនិត្យ​រឿង​នេះ​ផង បើ​អនុវត្តន៍​ច្បាប់​សូម​ធ្វើ​ពី​ថ្នាក់លើ​មក​ដល់​ថ្នាក់​ក្រោម​ផង កុំ​ធ្វើ​តែ​មន្ត្រី​តូចតាច​ចឹ​ង​គ្នា​មិនដឹង​អី​ទេ​លោក​។​»​។

ជា​ការ​កត់សម្គាល់ ការ​បកស្រាយ​និង​ច​ម្ង​ល់​ខាងលើ ទំនងជា​ដោយសារ​កន្លង​មក មាន​ករណី​បាញ់បោះ​សេរី​តាម​ទី​សាធារណៈ ប្រព្រឹត្ត​ដោយ​កងកម្លាំង​ដែល​មាន​ឋានន្តរស័ក្តិ​ទាប ឬ អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន​ជា​ជន​ស៊ី​វិល ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​ទៅ​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង់​អាច​វុ​ធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ រហូត​ដល់​មាន​ជន​ស៊ី​វិល​ប្រើប្រាស់​និង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នានា​នោះ​ថែម​ទៀត ៕

Comments

comments