លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​កំពុង​ឲ្យ​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​លោក កែម ឡី ដោយ​លោក​ដាក់​ការ​សង្ស័យ​ថា​ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ចារកម្ម​របស់​អា​មេ​រិ​ក​។

លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃនេះ ថ្លែង​ថា លោក​សោកស្តាយ ដែល​ប្រពន្ធ​លោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្ត​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ប្រឆាំង​នឹង​វត្តមាន​រូប​លោក ដោយ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ប្តី​អ្នកស្រី​។

លោក ហ៊ុន សែន បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ចារកម្ម អ្នក​ដែល​បាញ់​សម្លាប់ លោក កែម ឡី ជា​ចារកម្ម​អា​មេ​រិ​ក​។ លោក​ថា​លោក​កំពុង​ឲ្យ​គេ​ស៊ើបអង្កេត​ករណី​នេះ ។

លោក ហ៊ុន សែន បង្ហើប​ថា អនុប្រធាន​វិទ្យុ​អាស៊ី​សេរី លោក ជុន ចាន់​បុត្រ ធ្លាប់​និយាយ​រឿង​នេះ ពេល​អនុប្រធាន​វិទ្យុ​រូប​នេះ ទៅ​ជួប​មេបញ្ជាការ​កងទ័ព និង​កូនប្រុស​លោក សុំ​ជួយ​ការពារ​សុវត្ថិភាព ដោយ​ថា​ខ្លាច​អា​មេ​រិ​ក​សម្លាប់​ដូច លោក កែម ឡី​។

លោក​ថា​៖ «​ជុន ចាន់​បុត្រ បាន​ទៅ​ជួប​ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​៧០ មុន ជុន ចាន់​បុត្រ ជួប ហ៊ុន ម៉ា​ណែ​ត កូនប្រុស​របស់ខ្ញុំ​។ តើ ជុន ចាន់​បុត្រ និយាយ​ថា​ម៉េច​ទេ គាត់​សុំ​ឲ្យ​ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ ជួយ​ការពារ​ផង ប្រយ័ត្ន​ពួក​អា​មេ​រិ​ក​សម្លាប់​ដូច កែម ឡី​»​។

លោក ហ៊ុន សែន អះអាង​ថា លោក​គាំទ្រ​ការ​វិភាគ​របស់​លោក កែម ឡី ដោយ​លោក​ថា​លោក កែម ឡី មិនមែន​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ លោក​ថា លោក កែម ឡី គ្រោង​ជួប​លោក​នៅ​ថ្ងៃ​ទី​១៨ និង​១៩​ខែកក្កដា​ឆ្នាំ​២០១៦ ប៉ុន្តែ​ថា ជា​អកុសល​លោក កែម ឡី ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០​ខែកក្កដា​។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ហើយ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុ​ណ្នោះ​គឺ ជួប សំលាប់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

Comments

comments