លោក ហ៊ុន សែន ប្រាប់​អ្នកគាំទ្រ​លោក​ថា ដោយសារ​តែ​ការ​ដុត​ទីងមោង​រូប​របស់​លោក ដូច្នោះ​លោក​មាន​លេស​ប្រាប់​សហគមន៍​អន្តរជាតិ​ថា លោក​មិន​អាច​ចរចា​នឹង​គណបក្សប្រឆាំង​បាន​ឡើយ​។ លោក​ថា ការ​ដុត​ទីងមោង​រូប​របស់​លោក បង្ហាញ​ថា គណបក្សប្រឆាំង​គ្មាន​ឆន្ទៈ និង​ស្មោះត្រង់​ក្នុង​ការ​ចរចា​។

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ប្រកាស​បន្ត​បើកទ្វារ​ចរចា​នឹង​គណបក្ស​នយោបាយ​ផ្សេង​ទៀត ជុំវិញ​ការ​បោះ​ឆ្នោត​។

កាលពី​ថ្ងៃ​ទី​១៧ មីនា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ប្រមាណ​ជាង ១​ពាន់​នាក់ មក​ពី​ទីក្រុង និង​រដ្ឋ​ផ្សេង​ៗ នៃ​ប្រទេស​អូស្ត្រាលី បាន​មក​ជួបជុំ​គ្នា​នៅ​ចំ​ពីមុខ​សាលាក្រុង​ស៊ី​ដ​នី ដើម្បី​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ពួក​គេ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស និង​ដោះ​លែង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន កន្លង​មក មានការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក និង​អូស្ត្រាលី ដោយ​មិន​មានការ​ចូលរួម​ពី​គណបក្សប្រឆាំង​ជា​ផ្លូវការ​នោះ​ទេ​។

លោក ហ៊ុន សែន ក៏​ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​មិន​នៅ​ពីក្រោយ​ឃាតក​បាញ់​សម្លាប់ បណ្ឌិត កែម ឡី ឡើយ​។ លោក​ចោទប្រកាន់​ថា អ្នក​ដែល​សម្លាប់​លោក កែម ឡី ជា​ភ្នាក់ងារ​អា​មេ​រិ​ក​។ ប៉ុន្តែ​ភរិយា និង​អ្នកគាំទ្រ​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​ជឿជាក់​លើ​ការ​អះអាង​របស់​លោក ហ៊ុន សែន នៅឡើយ​ទេ​។ ពួក​គេ​លើក​ឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី ទេ ហេតុ​អ្វី​បានជា​លោក​បាន​បង្ក​ឧបសគ្គ​ជា​ច្រើន​ដល់​ការ​ធ្វើ​បុណ្យសព និង​ការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ដល់​បណ្ឌិត កែម ឡី​៕

Comments

comments