ព្រៃវែង ៖ ស្ត្រី​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​បាន​លេបថ្នាំ​សម្រក​រាង កាលពី​ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ទុក​ស្រូវ ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដូច្នេះ​ហើយ​សូម​បងប្អូន​មុន​នឹង​ប្រើ​ផលិតផល​អ្វីមួយ​គួរតែ​ពិនិត្យ​នឹង​ពិភាក្សា​ជាមួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ​អោយ​បាន​ច្បាស់លាស់​ជា​មុន​សិន នេះ​ជា​ការ​លើក​ឡើង​តាម​រយៈ​ហ្វ៊េ​ស​ប៉ុក​លោក ព្រំ​សាន្ត ។

ថ្នាំ​សម្រក​ទម្ងន់​ដែល​ស្ត្រី​រង​គ្រោះ​បាន​ផឹក​សង្ស័យ​ជា​ផលិតផល​ថៃ មាន​ស្លាក​យីហោ​ជា​អក្សរ​ថៃ និង​អក្សរ​អង់គ្លេស​ឈ្មោះ​ថា SKINNY PEEL VITAMIN ក្រោយ​ពី​លេបថ្នាំ​រួច​បាន​ធ្វើ​ទុក​ក្នុង​ខ្លួន បង្ក​ជា​អាការ​ក្អួតចង្អោរ​យ៉ាង​ខ្លាំង ស្រាប់តែ​បែប​ពពុះមាត់ ភ្លាម​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ជួ​ន​ទៅ​កាន់​មណ្ឌល​សុខភាព​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយ ព្រោះ​ឥទ្ធិពល​ថ្នាំ​សម្រក​រាង​បាន​ជ្រាប​សព្វ​ពេញ​សេរី​រា​ង្គ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក៍​មាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ចេញ​មក​ប្រតិកម្ម​ទាក់ទង​នឹង​រឿង​ខាងលើ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​បុគ្គល​ម្នាក់​ឈ្មោះ Zeii Ny ចេញ​មក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា (​ដឹង​ច្បាស់​អត់ ថា​មីង​ខ្ញុំ​ស្លាប់​ដោយសារ​តែ​លេបថ្នាំ បើ​មិនដឹង​ព័ត៌មាន​ច្បាស់​ទេ កុំ​ចេះ​តែ​បង្ខូចឈ្មោះ ហើយ​មាន​សិ​ទ្ធី​អី​យក​រូប​បងប្អូន​ខ្ញុំ​ផុស​ជា​សាធារណៈ​ចឹ​ង ធ្វើ​អី​សូម​គិតពិចារណា ក្រុម​គ្រួសារ​គេ​កំពុង​តែ​កាន់ទុក្ខ តែ​អ្នកឯង​បែរជា ផុស​ប្រឌិត​រឿង​មិន​ពិត បង្ខូចឈ្មោះ​មីង​ខ្ញុំ​ទៅ​វិញ អ្នកឯង​គ្រាន់តែ​ជា​អ្នក​ដទៃ​សោះ ដឹង​ច្បាស់​ជា​បងប្អូន​បង្កើត​គេ​ទៀត ហួសចិត្ត​ណាស់ មេត្តា​គិតពិចារណា​ម្តងទៀត​) ។

ដោយឡែក​គណនី​ឈ្មោះ មូល សុ​ផា​នី​កា ក៍បាន​លើក​ឡើង​ផ្សេង​ទៀត​ដែរ គឺថា ៖ ប្រហែលជា​គាត់​មាន​ជម្ងឺ​ផ្សេង​ៗ ដូច​ជា​ជម្ងឺលើសឈាម​,​ជម្ងឺ​គាំងបេះដូង​, លើស​ជាត់​ខ្លាញ់​។​ល​។ នៅ​ក្នុង​ខ្លួន​គាត់​ព្រោះ​បើ​តាម​មើលទៅ​គាត់​មាន​មាឌ​ធាត់ ។ វា​ប្រឈម​មុខ​នឹង​ការ​ប្រតិកម្ម​អាច​បណ្តាល​ឲ​គាត់​ស្លាប់​បាន​ហើយ​ម្យ៉ាងទៀត​គាត់​មើលទៅ​អាយុ​រៀង​គ្រែ​ល​ដែល​ហើយ ។ សូម​អធ្យាស្រ័យ​រាល់​ពាក្យ​ពេញ​ដែល​ខ្ញុំ​និយាយ​ទៅ​មានការ​ខុសឆ្គង​ត្រង់​ណា​សូមកុំ​ប្រកាន់​នេះ​គ្រាន់តែ​ជា​មតិ​នាង​ខ្ញុំ​ទេ​។ ជា​ចុង​ក្រោយ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង ។

មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ក៏​ដូ​ជ​ជា​មន្ត្រី​ជំនាញ បាន​ទេ​ជុំវិញ​ករណី​ខាងលើ​នេះ ៕