ដី​ព្រៃកោងកាង​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ជាង ១៣ ហិ​កតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ​-​លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួលទោស​នោះ​ទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់​ឲ្យ​មាន​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​។

ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ ស​ជ​ណ ចុះ​ថ្ងៃ​ទី ៩ ខែមីនា​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រសួងបរិស្ថាន​ទាក់ទង​នឹង​របាយការណ៍​ស្តី​ពី​ករណី​បូម​ខ្សាច់​ចាក់​បំពេញ​ដី​ក្នុង​តំបន់​ព្រៃកោងកាង​ជាង ១៣ ហិ​កតា​ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

ស​ជ​ណ ដែល​ចុះហត្ថលេខា​ដោយ​លោក តឹក​រ៉េ​ត សំរេច រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្រេច​៖ «​ដកហូត​ជា​សម្បត្តិ​រដ្ឋ​នូវ​ទីតាំង​ដី​ទំហំ ១៣,៣៩ ហិ​កតា ដែល​កាន់កាប់​ដោយ​ឈ្មោះ សុខ គឹ​ម​ហុង និង មាស ស៊ីវ​ជូ ហើយ​ដែល​ក្នុង​នោះ​ដី​ទំហំ ៣,១១ ហិ​កតា​ត្រូវ​បាន​បូម​ខ្សាច់​ចាក់​បំពេញ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​ការ​បូម​ខ្សាច់​ចាក់​លុប​ព្រៃកោងកាង​ដែល​ជា​តំបន់​អភិរក្ស​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្តកោះកុង និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ហើយ​បាន​បញ្ជា​ឲ្យ​ចុះ​ពិនិត្យ​មើល​បញ្ហា​នេះ​កាលពី​ថ្ងៃ​ទី ២២ ខែកុម្ភៈ​។ មួយ​ថ្ងៃ​ក្រោយមក​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក អន ភារៈ អភិបាលរង​ខេត្ត​បាន​ចុះ​ពិនិត្យ​តាម​បទបញ្ជា​ហើយ​បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួងបរិស្ថាន​ដែល​គ្រប់គ្រង​ដែន​ជម្រក​នោះ​។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ផ្ញើ​របាយការណ៍​នោះ​ជូន​ប្រមុខ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​មុន ហើយ​លោក ហ៊ុន សែន បាន​ពិនិត្យ និង​ចារ​មួយ​ថ្ងៃ​ក្រោយមក​។ ៣ ថ្ងៃ​បន្ទាប់ ទើប​ទីស្តីការ​ចេញ​សេចក្តីសម្រេច​ដកហូត​ដី​នេះ​។

កិច្ចសន្យាលក់​ទិញ​ដីធ្លី​មួយ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ខែកុម្ភៈ​បាន​បង្ហាញ​ថា ដី​ទំហំ​ជាង ១៣ ហិ​កតា​នោះ​ពី​មុន​គឺជា​របស់​លោក គឹ​ម​ហុង និង ស៊ីវ​ជូ​។ ប៉ុន្តែ​អ្នក​ទាំង ២ បាន​លក់​ទៅ​ឲ្យ​លោក​ឧកញ៉ា ជា លាង​ហុង កាលពី​ថ្ងៃ​ទី ៩ ខែមីនា ឆ្នាំ ២០១៧ ដោយ​មាន​ហត្ថលេខា​របស់​លោក ឆុង ថា​វ៉​ន អតីត​មេ​ភូមិ​ស្ទឹង​វែង និង​លោក ខុ​ង វិ​ឈាន អតីត​ចៅសង្កាត់​ស្ទឹង​វែង​ផង​ដែរ​។ បើ​ទោះបីជា​ដី​នោះ​ត្រូវ​បាន​លក់​ឲ្យ​លោក​ឧកញ៉ា​ហើយ​យ៉ាងណា​ក៏​ដោយ ក៏ ស​ជ​ណ នៅ​តែ​សរសេរ​ដកហូត​ពី​ឈ្មោះ​អ្នកលក់​ដដែល​។

លោក ហ៊ុន សែន បាន​បញ្ជា​សា​ជា​ថ្មី​កាលពី​ខែសីហា​កន្លង​មក​ដោយ «​ឲ្យ​និរាករណ៍​ចោល​» និង​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​។ ការ​បញ្ជា​ផ្ទាល់មាត់​នេះ​គឺ​បន្ថែម​ទៅ​លើ ស​ជ​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី ១៦ ខែមិថុនា​ឆ្នាំ ២០១៦ ស្តី​ពី «​និរាករណ៍ ឬ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិ​ញ្ញា​ប័ន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិតបញ្ជាក់​ការ​កាន់កាប់​របស់​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​តំបន់ឆ្នេរ​ទាំង ៤»​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​បទបញ្ជា​នោះ​ទេ ថែម​ទាំង​បាន​នាំ​គ្នា​ចុះហត្ថលេខា និង​ប្រថាប់ត្រា​លក់ដូរ​ដី​ព្រៃកោងកាង ឬ​ដី​តំប់​ឆ្នេរ​ទៅ​វិញ​។

អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកស្រី ស៊ីវ​ជូ ក៏​មាន​ដី​ផ្សេង​ទៀត​នៅ​តំបន់​នោះ​ផង​ដែរ​។ ក្រៅពី​ដកហូត​ដី​ព្រៃកោងកាង​វិញ ស​ជ​ណ របស់​ទីស្តីការ​ដដែល​ក៏​បាន​បង្គាប់​លោក សុខ គឹ​ម​ហុង និង មាស ស៊ីវ​ជូ «​ឲ្យ​ស្នើ​សុំ​ប្រើប្រាស់​ចំណែក​ដី​ដែល​ស្ថិត​ក្នុង​តំបន់​សហគមន៍​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប តាម​នីតិវិធី​មក​ក្រសួងបរិស្ថាន​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ភូមិបាល​»​។

នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ​ទាំង​លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង និង​លោក ស្រេង ហុង អភិបាលរង​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​បាន​ទទួល ឬ​ឃើញ​សេចក្តីសម្រេច​នៅឡើយ​ទេ​។ ដូច្នេះ​ទាំ ២ នាក់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។ ទោះ​យ៉ាងណា​លោក ស្រេង ហុង បញ្ជាក់​ខ្លី​ថា​៖ «​សេចក្តីសម្រេច​យ៉ាងណា យើង​ធ្វើ​តាម​»​។

លោក ស្រ៊ុ​ន ដា​រិ​ទ្ធិ នាយក​ខុទ្ទកាល័យ​នៃ​ក្រសួងបរិស្ថាន​និយាយ​ថា ការ​បូម​ខ្សាច់​ចាក់​បំពេញ​គឺ​ទើបតែ​ចូល​ក្នុង​តំបន់​អភិរក្ស​នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​តែ​ជាង​មួយ​ហិ​កតា​ប៉ុណ្ណោះ​ដែល​វា​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ដែរ​។ ដូច្នេះ​នឹង​មិន​មានការ​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ថែម​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​គ្រាន់តែ​ដកហូត ហើយ​ដី​ណា​មិន​នៅ​ក្នុង​តំបន់​អភិរក្ស​ទេ ត្រូវ​សុំ [​ប្រើប្រាស់​] តាម​នីតិវិធី​។ យើង​ក៏​មិន​មាន​ចំណាត់ការ​ផ្លូវច្បាប់ ក្រៅពី​ការ​អប់រំ​ណែនាំ​ទេ​។ ការ​អនុវត្ត​ច្បាប់​មិនមែន​បាន​ន័យ​ថា​ទាល់តែ​ចាប់​មនុស្ស​ដាក់គុក បាន​ហៅ​ថា​ការ​អនុវត្ត​ច្បាប់​ទេ​។ វា​មាន​វិធានការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​។ តែបើ​ធ្ងន់ធ្ងរ​គឺ​ត្រូវ​ចាត់ការ​តាម​ផ្លូវ​តុលាការ​»​។

លោក ដា​រិ​ទ្ធិ​ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​មិន​បានដឹង​ថា ដី​នោះ​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​ដែរ​គឺ​បានដឹង​ត្រឹមតែ​ឈ្មោះ​ម្ចាស់​ដូច​មាននៅ​ក្នុង​សេចក្តីសម្រេច​ដកហូត​វិញ​ប៉ុណ្ណោះ​។

ប៉ុន្តែ​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​ឃ្លាំមើល​ការ​ទន្ទ្រាន​ដី និង​ព្រៃកោងកាង​តំបន់ឆ្នេរ​ចង់​ឲ្យ​រដ្ឋាភិបាល​ចាត់ការ​ទៅ​តុលាការ​ទៅ​លើ​អ្នក​ដែល​ទន្ទ្រាន​កាន់កាប់ និង​អ្នកទិញ​លក់​ទាំងនោះ​បន្ថែម​។ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​មិន​រាងចាល ហើយ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដដែល​។

លោក សុខុម បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​ដកហូត​វិញ តែ​មិន​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​លើ​បុគ្គល​ដែល​បាន​បំផ្លាញ​ព្រៃកោងកាង​នោះ​ទេ​។ បណ្តោយ​ឲ្យ​បុគ្គល​នោះ​នៅ​រួចខ្លួន​នៅឡើយ​។ ខ្ញុំ​សង្កេត​ឃើញជាក់ស្តែង​ថា អ្នក​ដែល​បំផ្លាញ​ព្រៃកោងកាង​នៅ​តាម​តំបន់ឆ្នេរ​ទាំង ៤ ខេត្ត​នោះ​មិន​ដែល​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា​អនុវត្ត​ច្បាប់​ប្តឹង​ទៅ​តុលាការ​នោះ​ទេ​។ ឃើញ​តែ​បណ្តោយ​ឲ្យ​អ្នកមាន​លុយ និង​អំណាច​ទាំងនោះ​នៅ​រួចខ្លួន​ដដែល​»​។

នៅ​ពេល​ដែល​សួរ​ថា តើ​រដ្ឋាភិបាល​កំពុង​តែ​ការពារ​ឧកញ៉ា​ទិញ​ដី ឬ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងនោះ​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​ការពារ​អ្នក​ណា​ម្នាក់​ទេ​» ហើយ​ថា គោលដៅ​របស់​រដ្ឋាភិបាល​គឺ​អភិរក្ស​តំបន់​ការពារ​៕

Comments

comments