កំណើន​ជនជាតិ​ចិន​សម្រុក​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាន់តែ​ច្រើន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ី​វិល​នៅ​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កំណើន​របស់​ជនជាតិ​ចិន​នេះ គឺ​បង្ក​ផល​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ជនជាតិ​ចិន​ទាំងនោះ​មក​រស់នៅ​ដោយ​ស្របច្បាប់​។

មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ចំនួន ព្រួយបារម្ភ​ថា កំណើន​របស់​ជនជាតិ​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​មិន​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ទេ តែ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត​។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត លោក ផុ​ន ប្រុស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មីនា​ថា លោក​មិន​សប្បាយចិត្ត ចំពោះ​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ព្រោះ​ពួក​គេ​បាន​មក​ដណ្ដើម​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ម្យ៉ាង​ធ្វើ​ឲ្យ​បន្ទប់​ស្នាក់​ឡើងថ្លៃ​ជាង​ពេល​ដែល​ជនជាតិ​ចិន​មិន​ទាន់​មក​រស់នៅ​ច្រើន​ដូច​សព្វថ្ងៃ​៖ «​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​មុខរបរ​រកស៊ី​ពី​មុន​បាន​ប៉ុនណា​គាត់​ចេះ​តែរ​ស់បាន ប៉ុន្តែ​ជនជាតិ​គាត់​ជះ​ទឹក​លុយ​សម្បើម​ពេក ហាក់បីដូចជា​មក​ចាយ​លុយ​របៀប​ណា​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​យើង​មិន​អាច​មាន​លទ្ធភាព​ធ្វើ​ដូច​គាត់​បាន​។​ដូច្នេះ​មុខរបរ​ដែល​រកស៊ី​ប្រចាំ​ថ្ងៃ​ប៉ះពាល់​ជាមួយនឹង​ជនជាតិ​នឹង គឺ​អីចឹង​គាត់​ដណ្ដើម​អស់ហើយ​បាទ​»​។

ចំណែកឯ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​ទៀត លោក កែវ ចាន់ រៀបរាប់​ថា ផ្ទះសំណាក់​នឹង​អាគារ​ពាណិជ្ជកម្ម​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​សម្រាប់​ស្នាក់​នៅ និង​បើក​ធ្វើ​អាជីវកម្ម​ស្ទើរ​អស់​ទៅ​ហើយ​។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា បើ​ទោះបីជា​ចិនដីគោក​មក​ជួល​អាគារ​ច្រើន​យ៉ាងនេះ​ក្ដី ក៏​ប៉ុន្តែ​ហាក់​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ​៖ «​អូ​អា​រឿង​នឹង​មិនបាច់​និយាយ​ទេ វា​កុ​ម្មុ​យ​និ​ស្ត​តែ​ម្ដង បើ​ថា​យប់​ឡើង​ពួក​គាត់​ដើរ​ទាំង​ហ្វូង​ពេញ​ផ្លូវ​ហើយ ចំណែក​សមត្ថកិច្ច​ដូច​អត់​មាន​ចាត់វិធានការ​ណ៍​ទេ យ៉ាប់​ណាស់​។ វា​មក​នៅ​ស្រុក​ខ្មែរ​យើង​នឹង​អ្នកមាន​សិទ្ធិ​ឡាន​ដាក់​ស្លាក​លេខ​ខេមរៈ​ភូមិ​ទៀត​ផង​»​។

អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លោក អេ​ង លី​ហួ មាន​ប្រសាសន៍​ថា ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ចំនួន​កើនឡើង​ខ្លាំង ក៏​ប៉ុន្តែ​លោក​អះអាង​ថា ពួក​គេ​មក​រស់នៅ​ដោយ​ស្របច្បាប់ ហើយ​ម្យ៉ាងទៀត ក៏​មិន​ទាន់​បង្ក​បញ្ហា​ធំដុំ​ដល់​សង្គម និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅឡើយ​ទេ​៖ «​បាទ​កើនឡើង​ច្រើន​ក្នុងអំឡុងពេល​ការ​រីក​ចម្រើន​មួយ​រយៈ​ក្រោយ​នេះ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​សប្បាយចិត្ត​។ ក្នុង​នោះ​មាន​អាជីវកម្ម​ខ្លះ​ក៏​គាត់​ទិញ​ខ្លះ​ក៏​គាត់​ជួល​ដែរ ហើយ​សូ​ម្បី​តែ​អ្នកលក់​សាច់​គោ​អាំង​ក៏​មាន​ដែរ មាន​លក់​បង្កង​អាំ ជា​ភោជនីយដ្ឋាន លក់​ចាបហួយ ជា​កាស៊ីណូ ដូច្នេះ​គាត់​មាន​គ្រប់​តែ​មុខ​នឹង​»​។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា លើក​ឡើង​ថា កំណើន​ជនជាតិ​ចិន​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ចំនួន​កាន់តែ​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​ពួក​គេ​ភាគច្រើន​មក​ប្រកប​របរ​រក​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) និង​បើក​ល្បែងស៊ីសង ដែល​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ដល់​សង្គម​ជាតិ​បាន​៖ «​យើង​អត់​គាំទ្រ​ទៅ​លើ​ជនជាតិ​ចិន​ទាំង​អស់នោះ​ទេ ហើយ​សូម​អោយ​រដ្ឋាភិបាល​គួរតែ​រក​ការងារ​គួរតែ​រក​ទីផ្សារ គួរ​ធ្វើ​អ្វី​ខ្មែរ​មាន​ផលប្រយោជន៍​ច្រើន​ជាង ប្រសើរ​ជាង​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ច្រើន​អ៊ីចឹង ខ្ញុំ​គិត​ថា​ប្រទេស​យើង​ក្រ​ហើយ​បែរជា​អ្នក​ដែល​មក​មាន​ជំនាញ​ខ្ពស់​ជាង​យើង​ទៀត មិនមែន​មក​ក្លាយទៅជា​កូនចៅ​របស់​ម្ចាស់​ប្រទេស​ទេ​ក្លាយទៅជា​ថៅកែ​របស់​ម្ចាស់​ប្រទេស​នឹង​»​។

របាយការណ៍​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនជាតិ​ចិន​រស់នៅ​ប្រហែល​ជាង ១​ពាន់​នាក់ ហើយ​ភាគច្រើន​ពួក​គេ​រស់នៅ​តាម​អាគារ​ខ្ពស់​ៗ​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។ ប៉ុន្តែ​លោក ស៊ុំ ច័ន្ទ​គា និង​ប្រជាពលរដ្ឋ​អះអាង​ថា ជនជាតិ​ចិន​មក​រស់នៅ​ក្រុង​មួយ​នេះ​មាន​ចន្លោះ​ពី ៤​ពាន់ ទៅ​ជិត​មួយ​ម៉ឺន​នាក់ ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លំហូរ​ជនជាតិ​ចិន​ចូល​មក​រស់នៅ​តំបន់​ព្រំដែន​មួយ​នេះ កាន់តែ​ច្រើន​ឡើងជា​លំដាប់​។ ចំណែកឯ​តម្លៃ​ដីធ្លី​និង​ផ្ទះសម្បែង​វិញ ក៏​កាន់តែ​ឡើងថ្លៃ ហើយ​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​របស់​ពលរដ្ឋ​ក្រីក្រ​ដូច​ជា​អ្នក​រត់​ម៉ូតូឌុប កម្មករ​សំណង់​និង​បុគ្គលិក​កាស៊ីណូ​ជាដើម គឺ​ពួក​គេ​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​ដើម្បី​ស្នាក់​នៅ​ធ្វើការ​ងារ​រក​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​នោះ​ឡើយ​៕

ប្រភព RFA

 

Comments

comments