រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ជំរុញ​ការ​វិនិយោគ ដើម្បី​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​មាន​ផែនការ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដែល​ការ​បង្កើត​នេះ គឺ​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ដូច​ជា ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ព័ត៌មាន ងាយស្រួល​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ ពិសេស​មាន​ភាព​ងាយស្រួល​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​តាម​តំបន់​តែ​ម្តង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ការ​បង្កើត​ឲ្យ​មាន​សេវា​របៀប​នេះ​នឹង​អាច​ផ្តល់​ភាព​ជោគជ័យ​កាន់តែ​ច្រើន​ដល់​ម្ចាស់​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រមទាំង​អាច​ជួយ​ដល់​កម្មករ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះសំបែង ពិសេស​វា​ជា​ផ្នែក​មួយ​ដែល​នឹង​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីក្រុង​ផង​ដែរ​»​។

លោក ស ខេ​ង បាន​បន្ត​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​បង្កើត​ក្រុង​បន្ថែម​កាន់តែ​ច្រើន​យើង​នឹង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត និង​ទីកន្លែង​ណា​ដែល​អាច​បង្កើត​ច្រក​ចេញចូល​តែ​មួយ​បាន គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​សម្រាប់​អ្នកមាន​តម្រូវការ​នៅ​លើ​ការ​ផ្តល់​សេវា​ពួក​គេ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ដើរ​ស្វែងរក​កន្លែង​ផ្តល់​សេវា​នោះ​ទេ ដែល​នេះ​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទាំង​វិស័យ​ឯកជន និង​សង្គម​ជាតិ​ទាំងមូល​។

លោក​បន្ត​ថា​៖ «​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​ទីកន្លែង ជា​ពិសេស​ការ​បន្ត​ពង្រីក​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​បាន​ដល់​ឃុំ​សង្កាត់​បន្ថែម​ទៀត ក្នុង​នោះ​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ដែល​មាន​ទីប្រជុំជន ក៏​គ្រោង​ប្រែក្លាយ​ទីប្រជុំជន​ក្នុងស្រុក​នោះ​ទៅ​ជា​សង្កាត់​ផង​ដែរ ព្រោះ​ទីប្រជុំជន​ស្រុក​ក៏​ជា​កូន​ទីក្រុង​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ទាំងមូល​»​។

ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា រដ្ឋាភិបាល​នឹង​បង្កើត​ក្រុង​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ ដើម្បី​ពង្រីក​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ និង​ការ​វិនិយោគសាធារណៈ ពិសេស​ធ្វើ​ឲ្យ​ទីប្រជុំជន​នីមួយ​ៗ​កាន់តែ​មានការ​រីក​ចម្រើន​។

លោក​បន្ត​ថា​៖ «​គេ​សង្កេត​ឃើញ​នៅ​តាម​ទីប្រជុំជន​មួយ​ចំនួន​កំពុង​មានការ​រីក​ចម្រើន​លឿន​នា​ពេល​នេះ​ហើយ​ជីវភាព និង​សេដ្ឋកិច្ច​មូលដ្ឋាន​ក៏​មាន​ភាព​ប្រសើរ​ដែរ​»​។

អភិបាលស្រុក​ពារាំង​នៃ​ខេត្តព្រៃវែង លោក ហ៊ី ធួ​ក បាន​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​បែប​នេះ និង​បង្កើត​ឲ្យ​មាន​ច្រក​ចេញចូល​តែ​មួយ ដើម្បី​បង្កើន​ការ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល ហើយ​ការងារ​ទាំងនេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ណាស់​សម្រាប់​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​គោលនយោបាយ​វិមជ្ឈការ និង​សហ​វិមជ្ឈការ​។

លោក​បន្ត​ថា​៖ «​ការ​ពង្រឹង​ការងារ និង​ផ្តល់​សេវា​នៅ​ថ្នាក់​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ពង្រឹង និង​ពង្រីក​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​»​។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​និយាយ​ថា ប្រសិនបើ​បង្កើត​ក្រុង​ថ្មី​ៗ​ដើម្បី​តែ​បង្ខិត​សេវា​ទៅ​ដល់​ប្រជាពលរដ្ឋ​មិន​មាន​ផលប្រយោជន៍​ច្រើន​នោះ​ទេ ប៉ុន្តែ​បើ​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​វិនិយោគ​ពិតជា​ល្អ​ប្រសើរ​ណាស់ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ដែល​អាច​បង្កើត​ការងារ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​។ លោក​បន្ត​ថា ប្រសិនបើ​បង្កើត​ឲ្យ​មាន​អាជីវកម្ម ឬ​សហគ្រាស​មួយ​នៅ​ក្នុង​ចន្លោះ​ឃុំ​ពី ៣-៤ វា​នឹង​ស្រូប​យក​បាន​នូវ​កម្លាំង​ពលកម្ម​ច្រើន​។

លោក​បាន​អះអាង​ថា​៖ «​ការ​បង្កើត​ក្រុង​នៅ​តាម​មូលដ្ឋាន​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​កាន់តែ​ច្រើន​នៅ​តាម​មូលដ្ឋាន​វា​ជា​រឿង​អបអរ​មែនទែន​ប្រសិនបើ​រាជរដ្ឋាភិបាល​ធ្វើ​បែប​នេះ​»៕