ចៅសង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ម៉ា​លី ពិសិដ្ឋ បាន​បិទ​គន្លឹះទ្វារ​បន្ទប់​ការងារ​របស់​ខ្លួន បន្ទាប់​ពី​ប្រ​ព​ន្ឋ​បង្ហាញមុខ​នៅ​សាលាសង្កាត់​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពង់ឆ្នាំង​ដើម្បី​សួរនាំ​ករណី​ប្តី​សុំ​លែងលះ​នៅ​តុលាការ​នោះ ស្រែក​ឡូឡា​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ។

បើ​តាម​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រ​ព​ន្ឋ​របស់​លោក ម៉ា​លី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​២​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ អ៊​ល ពិសី អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ចឹក​សា សង្កាត់​-​ក្រុង​និង​ខេត្តកំពង់ឆ្នាំង មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​បង​ឈ្មោះ ពិសិដ្ឋ សុ​ខិ​តា អាយុ​១៧​ឆ្នាំ កូនស្រី​ទី​២ ឈ្មោះ ពិសិដ្ឋ ថា​ភរិយា អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​ឈ្មោះ ពិសិដ្ឋ លី​វណ្ណ​លាភ អាយុ​៥​ឆ្នាំ​។

ស្ត្រី​រូប​នេះ​បាន​រៀបរាប់​ទៀត​ថា គាត់ និង​លោក ម៉ា​លី ពិសិដ្ឋ បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិន​បាន​រៀប​ការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​បាន​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា ដែល​បញ្ជាក់​ថា ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​។

លោកស្រី​បន្ត​ថា មុន​យក​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ គាត់​ជា​ស្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់ ចំណែក​លោក​ចៅសង្កាត់​កា​កាប​២ ម៉ា​លី ពិសិដ្ឋ ជា​បុរស​ពោះម៉ាយ មានកូន​ម្នាក់​ដែរ​។ លុះ​ពេល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ លោក​ប្ដី​បាន​ឲ្យ​គាត់​លុប​នាមត្រកូល​ប្ដី​មុន​របស់​កូនស្រី​ចោល និង​យកឈ្មោះ​របស់​ខ្លួន​ដាក់​ជំនួស​វិញ​។ បន្ទាប់​មក​បាន​ឲ្យ​គាត់​សេង​អីវ៉ាន់​ចាបហួយ​យក​លុយ និង​ខ្ចី​លុយ​ធនាគារ​៥​ពាន់​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្ការ​មាស​២​តម្លឹង ប្រមូល​យក​លុយ​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ និង​បាន​ស្នាក់​នៅផ្ទះ​ជួល​។

ពេល​នោះ លោក​ប្ដី​បានការ​ងារ​ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​កា​កាប ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គ្នា ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ លុះ​ក្រោយមក បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ ប្ដី​គាត់​បាន​ក្លាយជា​ចៅសង្កាត់​កា​កាប​២ ប៉ុន្តែ​មិន​បាន​ប្រាប់​ឲ្យ​គាត់​ដឹង​ថា ជាប់​ជា​ចៅសង្កាត់​ឡើយ គឺ​លាក់លៀម​រហូត​។ លុះដល់​ខែធ្នូ ឆ្នាំ​២០១៧ ស្រាប់តែ​លោក​ប្ដី​ដាក់​ពាក្យ​ទៅ​តុលាការ​សុំ​លែងលះ​គ្នា​ជាមួយ​គាត់ ដោយ​គ្មាន​មូលហេតុ និង​បាន​ព្យាយាម​គេចវេស​ពី​គាត់​រហូត​តែ​ម្ដង​។

បន្ទាប់​ពី​ប្ដី​ធ្វើ​បែប​នេះ គាត់​ពិបាកចិត្ត​ណាស់​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ គាត់​បាន​តាម​រក​ប្ដី ប៉ុន្តែ​ប្ដី​គេច​មិន​ជួប​ទេ លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ តុលាការ​បាន​កោះហៅ​ទៅ​សាកសួរ​។ ពេល​នោះ ប្ដី​ដាច់ខាត​ត្រូវ​តែ​លែង​គាត់​ចោល ប៉ុន្តែ​គាត់​វិញ​មិន​បាន​លែង​ទេ លុះដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ តុលាការ​បាន​កោះហៅ​ម្ដងទៀត តែ​គាត់​អត់​បាន​ទៅ​ទេ ព្រោះ​អត់​ស្រួលខ្លួន ហើយ​ប្ដី​បាន​គេច​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​នេះ ទើប​គាត់​សម្រេចចិត្ត​តាម​រក​ដល់​សាលាសង្កាត់​តែ​ម្ដង ប៉ុន្តែ​លោក​ចៅសង្កាត់ មិន​ចេញពី​បន្ទប់ធ្វើការ​មក​ជួប​ឡើយ​ដោយ​ចាក់​គ​ន្លឺះ​ទ្វារ​បន្ទាប់​មិន​ឲ្យ​ចូល​ជួប ដូច្នេះ​សុំ​ឲ្យ​លោក​អភិបាល​ខណ្ឌ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គាត់​ផង​។

យ៉ាងណា​ក៏​ដោយ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា​ដដែល​នេះ «​អង្រុត​»​អង្គភាព​ព័ត៌មាន Fresh News​មិន​អាច​រក​សុំ​បំភ្លឺ​តប​ពី​លោក ម៉ា​លី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​២​បាន​ឡើយ​៕

Comments

comments