សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្រោយ​ពី​បាន​ទទួល​ការ​គំរាមកំហែង​របស់​ជនអនាមិក ដែល​មាន​បំណង​ចង់​សម្លាប់​ពួក​គាត់​។ ទោះបីជា​មានការ​គំរាម​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​សកម្មជន​នៃ​សហគមន៍​ខ្មែរ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ អះអាង​ថា ការ​គំរាម​នេះ មិន​អាច​រារាំង ពួក​គេ​ឲ្យ​ឈប់​ការ​តវ៉ា​អំពី​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នោះ​ឡើយ​។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ អះអាង​ថា​លោក​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​រួច​ហើយ ដើម្បី​ប៉ូលិស​អូស្ត្រាលី​បើក​ការ​ស៊ើបអង្កេត​ស្វែងរក​ភស្តុ​តាង និង​តម្រុយ របស់​ជនអនាមិក​ដែល​បាន​ផ្ញើ​លិខិត​គំរាម​រូប​លោក និង​សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន​ទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ​៖ «​រឿង​នេះ​យើងខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​ដែរ ដោយ​គ្មាន​អ្នក​ណា​គេ​មក គំរាមកំហែង​នោះ​ទេ​។ អ៊ីចឹង​យើង​បាន​ប្ដឹង​ករណី​នេះ​ទៅ​ប៉ូលិស វី​ក​តូ​រី​យ៉ា និង​ប៉ូលិស​សហព័ន្ធ​។ ហើយ​ប៉ូលិស​គេ​បាន​យកចិត្តទុកដាក់​។ ពីព្រោះ​គេ​មិន​អាច​ទទួលយក​បាន​ទេ​ចំពោះ​ការ​គំរាម​មក​លើ​សមាជិក​សភា​ដូច្នេះ​»​។

លោក​បន្ត​ថា លោក​ទទួល​លិខិត​អនាមិក​ដែល​លោក​ទទួល​បាន​នេះ គឺ​មួយ​អាទិត្យ​មុន​ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ជា​ការ​ដុត​រូប​ទីងមោង​រូប​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ស្រប​ពេល ដែល​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អូស្ត្រាលី ជា​លើក​ដំបូង​។

តំណាងរាស្ត្រ និង​ជា​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ វ៉ិ​ច​តូ​រី​យ៉ា ដែល​សកម្ម​ខាង​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា រូប​នេះ​អះអាង​ថា លិខិត​គំរាម​នោះ​បាន សំដៅ​ទៅ​លើ​មនុស្ស​បួន​នាក់​រួម​មាន​លោក ជា យូ​ហន អភិបាលក្រុង ស្ព្រី​ង​វែ​ល (Springvale) រដ្ឋ​វី​ក​តូ​រី​យ៉ា លោក តាក់ ម៉េ​ង​ហ៊ា​ង បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ប្រចាំ​គណបក្ស​ពលករ និង​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក បណ្ឌិត កែម ឡី​។

ក្នុង​លិខិត​ដែល​គំរាម​លោក ហុង លី​ម លោក ជា យូ​ហន លោក តាក់ មេ​ង​ហ៊ា​ង និង​អ្នកស្រី ប៊ូ រចនា ដែល​អាស៊ី​សេរី ទទួល​បាន​កាលពី​ថ្ងៃ ទី ១៩ មីនា ២០១៨ បាន​សរសេរ​ថា ពួក​គេ​នឹង​បាញ់​សម្លាប់​ក្រុម​នេះ​ទាំងអស់ ដូច​លោក កែម ឡី អ៊ីចឹង​ដែរ​។ ជនអនាមិក​រូប​នោះ​សរសេរ​ទៀត​ថា រូបគេ​មាន​ប្រពន្ធ​កូន​ក្នុង​ប្រទេស​អូស្ត្រាលី​ដូច្នេះ​គេ​អាច​ចេញចូល​ប្រទេស​អូស្ត្រាលី​ពេល​ណា​ក៏​បាន​។ ជន​នោះ​និយាយ​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​មិន​អាច​ប៉ះពាល់​គ្រួសារ​របស់​ជន​នោះ​បាន​ទេ ហើយ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ដឹង​បញ្ហា​នេះ​ដែរ​។

ជនអនាមិក​ដដែល​នោះ​ថា ពួក​គេ​ចង់​សម្លាប់​សកម្មជន​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី និង​មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​អស់ ហើយ​ថាបើ​ពួក​គេ​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨ នោះ ពួក​គេ​នឹង​គ្រប់គ្រង​ប្រទេស​ជា​រៀង​រហូត​។

លោក ហុង លី​ម បញ្ជាក់​ថា​ក្រុម​សមត្ថកិច្ច​ដែល​មាន​ជំនាញ​ខាង​ការ ធ្វើ​កោសល​វិច័យ​ក្រ​យ៉ៅ​ដៃ​អះអាង​ពួក​គេ​នឹង​ស្វែង​រកមុខ​ជនអនាមិក ដែល​បាន​គំរាមកំហែង​ឲ្យ​ទាល់តែ​ឃើញ​។ លោក​បន្ត​ថា​រហូត​មក​ទល់​ពេល​នេះ​ភ្នាក់ងារ​ចារកិច្ច​របស់​ប្រទេស​អូស្ត្រាលី កំពុង​ដំណើរ​តាមដាន លើ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​៖ «​ក្រសួង​ពាក់ព័ន្ធ​អីហ្នឹង​គេ​ចាប់ផ្ដើម​យកចិត្តទុកដាក់​ហើយ​។ ហើយ​លោក​រដ្ឋមន្ត្រី​ទី​មួយ​របស់ខ្ញុំ​ក៏​បានដឹង​អំពី​រឿង​ហ្នឹង​ដែរ​។ ហើយ​ក្រុម​ចារកិច្ច​អូស្ត្រាលី​ហ្នឹង​ក៏​ចូល​មក​ជួយ​ស៊ើបអង្កេត​លើ បញ្ហា​ហ្នឹង​ដែរ​»​។

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​បាន​នៅឡើយ​ទេ ចំពោះ​វិធានការ​ជាក់លាក់​ក្នុង​ការ​ស៊ើបអង្កេត​ករណី គំរាម​សម្លាប់​សកម្មជន​សហគមន៍​រដ្ឋ​វី​ក​តូ​រី​យ៉ា​ទាំងនេះ​។

ទោះជា​មានការ​គំរាម​យ៉ាងណា​ក៏​ដោយ លោក ហុង លី​ម បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា ការ​គំរាម​នោះ​មិន​អាច​រារាំង​ក្រុម​របស់​លោក​ពី​ការ​ស្រែក ទាមទារ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស សម្រាប់​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ​៕

ប្រភព RFA

Comments

comments