ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១២​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ។

ក្នុង​ចំណោម​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា​នោះ គឺ​ផ្ទៃដី​ទំហំ​៣៧៤ ៦៧៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័​ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក (Orkide Villa) ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទៃដី​ទំហំ​៩៨ ៤៩៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័​ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ។

ពាក់ព័ន្ធ​នឹង​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​នេះ​ដែរ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​៣០​ហិ​កតា​ឲ្យ​ទៅ​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ និង​លោក​ឧកញ៉ា លឹ​ម រស់ ព្រមទាំង​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​០៥​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ។ មាន​ន័យ​ថា ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​ជិត​១០០​ហិ​កតា ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​គ្រាក់​ៗ​ចំនួន​៣​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​នាយក​រដ្ឋមន្ត្រី​, ក្រុមហ៊ុន ING Holding Co.,Ltd. របស់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ​, លោក​ឧកញ៉ា លឹ​ម រស់​, លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ។

លោក ខូ​វ គឹ​ម​បាក់ គឺជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នាក់​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧៩៩/០៨ ចុះ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៩ ។ បច្ចុប្បន្ន លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

យ៉ាងណាក៍ដោយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមីនា ឆ្នំា២០១៨នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ​បាន​ទេពីអ្នកនំាពាក្យរាជរដ្ឋាភិបាល ក៍ដូចជាអ្នកនំាពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ៕

ប្រភព DTN7

Comments

comments