ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ព្រូស​បុក​ស្លាប់ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២០ មីនា យប់មិញ​នេះ គឺជា​តារាចម្រៀង រ៉ុ​ក​ឃែ​ន​ខេន​រ៉ូ​ល​ខ្មែរ អ្នក​នាង តាក់ ច​ន្ធី ខណៈ​អ្នក​នាង​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី (pass app) នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់ លើ​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក អ៊ឹម ជីវ៉ា បានអោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា អ្នក​នាង តាក់ ច​ន្ធី តារាចម្រៀង​បែប​រ៉ុ​ក បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត Prius បើក​បុក​ម៉ូតូ​កង់​បី​មួយ​ទំហឹង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា «​តារាចម្រៀង​ខ្មែរ​អ្នក​នាង តាក់ ច​ន្ធី បាន​ស្លាប់​ភ្លាម បន្ទាប់​អ្នក​នាង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា មក​ដល់​ភ្លើងស្តុប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក​ព្រុស ជិះ​ឡើង​លឿន​មក​បុក បណ្តាល​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ម្នាក់ និង​ស្លាប់​ម្នាក់ ។ អ្នក​នាង តាក់ ច​ន្ធី គឺជា​តារាចម្រៀង​បែប រ៉ុ​ក​ឃែ​ន​រ៉ូ​ល ទោះបី​អ្នក​នៅ​ក្នុងស្រុក​ខ្មែរ គេ​មិនសូវ​ស្គាល់​ច្រើន តែបើ​នៅ​បរទេស​វិញ អ្នក​នាង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្លៀវ​អន្តរជាតិ ហើយ​ជា​និច្ច​ជា​កាល អ្នក​នាង​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​ញឹក​ញ៉ាប់ ។ អ្នក​នាង តាក់ ច​ន្ធី គឺជា​តារា​មួយ​រូប ដែល​មាន​ជីវភាព​ក្រីក្រ តស៊ូ​ក្នុង​ជីវិត​ដោយ​ជីវភាព​លំបាក​បំផុត ក្នុង​នាម​អ្នក​នាង ជា​ម្តាយ ជា​មេ​គ្រប់គ្រង​គ្រួសារ​ក្នុង​បន្ទុក រស់នៅ​បន្ទប់​ជួល មាន​សមាជិក​រហូត​ដល់​៨​នាក់ ដែល​អ្នក​នាង​រ៉ាប់រង​គ្រួសារ​ទាំងស្រុង​។ សព​អ្នក​នាង តាក់ ច​ន្ធី ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ ចំណែកឯ រថយន្ត​បង្ក​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ​» ។

សូម​បញ្ចា​ក់ថា នារី​រូប​ស្រស់​បើករថយន្ត​ព្រុស​យ៉ាង​លឿន បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​កំពុង​ដឹក​ភ្ញៀវ ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​បុរស​បរទេស​ម្នាក់​ទៀត​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ទៀត​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់ ក្រោយ​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេង​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដឹក​ភ្ញៀវ​២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត Prius ពណ៌​កណ្ដុរ​ប្រមេះ​មួយ​គ្រឿង មិន​មាន​ស្លាក​លេខ បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទៅ​បុក​កង់​បី​ឥណ្ឌា​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​បោក​ក្បាល​ស្លាប់ ។

នារី​រូប​ស្រស់​ជា​អ្នក​បើករថយន្ត​បង្កហេតុ​មានឈ្មោះ ងួ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ ក្រោយមក​មិនដឹង​យ៉ាងម៉េច​ក៏​ត្រូវ​បាន​សន្លប់​បាត់ស្មារតី​ឈឹង ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរពេទ្យ ។

ចំណែកឯ​បុរស​បរទេស​ដែល​រង​របួសធ្ងន់​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ឯកជន ដឹក​ទៅ​មន្ទីរពេទ្យ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ តាក់ ច​ន្នី អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នកចម្រៀង រ៉ុ​ក​ខេន​រ៉ូ​ល នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង និង​មានស្រុក​កំណើត នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រី​រង​គ្រោះ​មានកូន​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ក្នុង​បន្ទុក ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ ទាក់ទង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះ​មក​ធ្វើការ​វាស់វែង រួច​រថយន្ត​និង​កង់​បី​ឥណ្ឌា ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខេត្តព្រៃវែង​៕