លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​បុគ្គល​ឈ្មោះ​«​ម៉ា​រី​» ដែល​ដើរ​ភូត​ប្រជាពលរដ្ឋ​តាំងពី​ខេត្តកំពត កែប​និង​ខេត្តតាកែវ ថា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចាប់ខ្លួន ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​តំបន់​ជ្រៃ​កោង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ក៍បាន​ប្រកាស​ជា​សាធារណៈ​ដែរ​ថា «​អ្នក​ណា​នៅ​លើ​លោក​នេះ ហ៊ាន​ចាប់ ហ៊ុន សែន » ។

ដោយឡែក​សេចក្តីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុរស​ខ្លាំង ហ៊ុន សែន បញ្ជា​ឲ្យ​តាម​រក​ឈ្មោះ​«​ម៉ា​រី​»​នោះ​រួច​មក​កម្លាំង​សមត្ថកិច្ច​ខេត្តកំពត​បាន​ឃាត់ខ្លួន​បុគ្គល ឈ្មោះ «​ម៉ា​រី​» បាន​ហើយ នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ការ​តាម​ឃាត់​បុគ្គល​ឈ្មោះ «​ម៉ា​រី​» នេះ ដោយសារ​តែ​គាត់​បាន​ទៅ​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេស​ជាតិ នៅ​តាម​ខេត្ត ក្នុង​នោះ​មាន​ខេត្ត​កែប ខេត្តកំពត​ជាដើម ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​អូស្ត្រាលី ដោយ​និយាយ​ថា ទទួល​ភាព​បរាជ័យ​ទាំងស្រុង​។

នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ជន​នេះ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការ​សួរនាំ​ចាត់វិធានការ​បន្ត​ទៀត​៕

Comments

comments