ភ្លើងស្តុប​ជា​រង្វង់​មូល​ពណ៌​ក្រហម អ្នកបើកបរ​នៅ​តែ​អាច​បន្ត​យាន​ថ​យន្ត​បត់​ស្តាំ​បាន​ប្រសិនបើ​ពុំ​មាន​ឧបសគ្គ​នៅ​ពីមុខ​។ តែ​មិន​អាច​បត់​ស្តាំ​បាន​ទេ ប្រសិនបើ​ភ្លើងស្តុប​នោះ​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស​។​ជា​រឿយ​ៗ​បង្ហាញ​ទំនាស់​រវាង​អ្នកបើកបរ​និង​នគរបាល គឺ​មក​ពី​ភ្លើងស្តុប​។

ទំនាស់​ភ្លើងស្តុប​រវាង​នគរបាល​ចរាចរ​និង​អ្នកបើកបរ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​រយៈពេល​ចុង​ក្រោយ​នេះ​កើត​មាន​ច្រើន ដោយសារ​ម្នាក់​ៗ​ជជែក​យក​ត្រូវ​រាងខ្លួន​រហូត​មាន​ពេល​ខ្លះ​កើត​មាន​អំពើ​ហិង្សា​ឬ​ជេ​ប្រមាថ​គ្នា ដោយសារ​តែ​ភ្លើងស្តុប​ថ្មី​គ្មាន​សញ្ញា​ព្រួញ គ្មាន​រយៈពេល​កំណត់​ដូច​ភ្លើងស្តុប​នា​ពេល​មុន​។

ភ្លើងស្តុប​ដែល​ដំឡើង​ថ្មី​រាជធានី​ភ្នំពេញ ពោល​ទើបនឹង​ដាក់​ចុង​ក្រោយ​នេះ​កន្លែង​ខ្លះ​គ្មាន​លេខ​កំណត់​រយៈពេល​ទេ គឺ​ពី​ខៀវ​ទៅ​លឿង​រួច​ក្រហម​ភ្លាម​ៗ​។​កន្លែង​ខ្លះ​សញ្ញា​ភ្លើងស្តុប​ពណ៌​ក្រហម​មាន​ជា​រង្វង់​មូល និង កន្លែង​ខ្លះ​ទៀត មាន​ជា​សញ្ញា​ព្រួញ​ចង្អុល​ប្រាប់​ទិស​ត្រូវ​ឈប់​និង​ត្រូវ​ទៅ​។

នៅ​តាម​ភ្លើងស្តុប​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស បញ្ហា​ទំនាស់​រវាង​អ្នកបើកបរ​និង​នគរបាល​ចរាចរ​មិនសូវ​កើត​មាន​ទេ​តែ​នៅ​តាម​គោលដៅ​ស្តុ​ប​ដែល​ភ្លើង​ក្រហម​គ្មាន​សញ្ញា​ព្រួញ បញ្ហា​បាន​កើត​មាន​រាល់ថ្ងៃ​។ ភាគច្រើន​បង្ក​ឡើង​ដោយ​នគរបាល​ចរាចរ​មួយ​ចំនួន​ដែល​មិនសូវ​យល់​ពី​ច្បាប់​ឬ​ដឹង​ដែល​តែ​បំពាន​ច្បាប់​ដោយ​ឃាត់​អ្នកបើកបរ​បត់​ស្តាំ​ដើម្បី​ទារប្រាក់​។

សញ្ញា​ស្តុ​ប​ពណ៌​ក្រហម​ដែល​គ្មាន​សញ្ញា​ព្រួញ​ហាម​បត់​ស្តាំ មាននៅ​ស្តុ​ប​ជលផល​, ណា​ជី​ន​, សន្ធរ​មុ​ក​, រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង មាននៅ​កន្លែង​ផ្សេង​ទៀត​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​គេ​បាន​ដាក់​ដោយ​ទំនងជា​ខ្វះ​ការ​សិក្សា​។ កន្លែង​ខ្លះ​ដាក់​ភ្លើងស្តុប​មិនមែន​ជួយ​សម្រួលការ​កកស្ទះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​កកស្ទះ​លើស​ដើម​ទៅ​វិញ​ក៏​មាន​។

លោក ព្រាប ច​ន្ទ័​វិបុល អ្នកសម្របសម្រួល​ផ្នែក​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក​និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក​ក្រសួង​សាធារណការ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ទី​២០​ខែមីនា​ឆ្នាំ​២០១៨​ថា បើសិន​សញ្ញា​ភ្លើងស្តុប​ជា​រង្វង់​មូល​ពណ៌​ក្រហម អ្នកបើកបរ​ដែល​ត្រូវ​បត់​ស្តាំ​នៅ​អាច​បន្តដំណើរ​ទៅ​បាន​នៅ​ពេល​គ្មាន​ឧបសគ្គ​នៅ​ពីមុខ​។
លោក បញ្ជាក់​ទៀត​ថា បើ​ភ្លើងស្តុប​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស​ទៅ​មុខ​និង​បត់​ស្តាំ​ពេល​សញ្ញា​នេះ​ពណ៌​ក្រហម អ្នកបើកបរ​មិន​អាច​បត់​ស្តាំ​បាន​ទេ​។ នៅ​លើ​ផ្លូវ​អក្សរ​តេ​( T )​បើសិនជា​ភ្លើងស្តុប​ពណ៌​ក្រហម​ហើយ ទោះ​គ្មាន​អ្វី​នៅ​ពីមុខ​ក៏​អ្នកបើកបរ​នៅ​តែ​មិន​អាច​បញ្ជា​យាន​ទៅ​មុខ​បាន​ដែរ​។

លោក​វរៈសេនីយ៍ឯក សែ​ម គុ​ន្ធា ប្រធាន​កា​រិ​យា​ល​យ័​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជ​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ទី​២០​ខែមីនា​ថា ភ្លើងស្តុប​ដែល​គ្មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស​(​ព្រួញ​)​អ្នកបើកបរ​ដែល​ត្រូវ​បត់​ស្តាំ នៅ​តែ​អាច​បត់​បាន​ពេល​គ្មាន​ឧ​ប​ស័គ្គ​ពីមុខ ទោះបីជា​ភ្លើងពណ៌​ក្រហម​ក៏​ដោយ​។

លោក​ប្រធាន​កា​រិ​យា​ល​យ័​បាន​ទទួលស្គាល់​ថា កន្លង​ទៅ​នេះ​នគរបាល​នៅ​តាម​គោលដៅ​មួយ​ចំនួន​ពិតជា​បាន​បំពាន​ក្នុង​ការ​ហៅ​អ្នកបើកបរ​បត់​ស្តាំ​បង្ក​ឲ្យ​មាន​ទំនាស់ ។ យើង​(​សែ​ម​គុ​ន្ធា​)​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​មន្ត្រី​នគរបាល នៅ​តាម​គោលដៅ​អំពី​បញ្ហា​នេះ​រាល់ថ្ងៃ​តែ​បញ្ហា​នៅ​តែ​មាន​មិន​ចេះ​ចប់​។​ចំពោះ​បញ្ហា​ភ្លើងស្តុប​ដែល​បាន​ដាក់​ថ្មី​ដោយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ គឺ​ពិតជា​មិន​បាន​សម​ស្រប​ទេ​នៅ​កន្លែង​ខ្លះ ។ យើង​បាន​លើក​នៅ​ក្នុង​អង្គប្រជុំ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ឯកភាព​គ្នា​ធ្វើការ​កែ​លម្អ តែ​ខាង​សាធារណការ ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​បញ្ហា​នេះ​ទេ​។ ភ្លើងស្តុប​ដើរ​មិន​ប្រក្រតី ភ្លើងស្តុប​ដាច់ ភ្លើងស្តុប​គ្មាន​លេខ​កំណត់​រយៈពេល គ្មាន​សញ្ញា​ព្រួញ សុទ្ធតែ​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ទំនាស់​រវាង​អ្នកបើកបរ​និង​នគរបាល​នៅ​តាម​គោលដៅ​៕

ប្រភព រស្មី​កម្ពុជា