លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​ទី​៥ ក្នុង​អាស៊ាន​ជា​ប្រទេស​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ខ្ពស់ រាប់​ចាប់ពី​មន្ត្រី​ថ្នាក់ទាប​ជាងគេ​ឡើង​ទៅ​។

ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​គរុ​សិស្ស និស្សិត​ជាង​១៦០០​នាក់ នៅ​វិទ្យាស្ថាន​អប់រំ ក្បែរ​វិមាន​ឯករាជ្យ ។

បើ​តាម​លោក ហ៊ុន សែន លើ​ពិភពលោក​នេះ ប្រហែល​មិន​មាន​ប្រទេស​ណា​ដែល​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នៅ​នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែ​នីមួយ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​សម្រាប់​មុន​ពេល​បុណ្យចូលឆ្នាំ និង​ក្រោយ​ពេល​ចូល​ឆ្នាំ​សុទ្ធតែ​បាន​បើក​ប្រាក់ខែ​នៅ​ពាក់​កណ្តាលខែ ដែល​ជា​បញ្ចេញ​ប្រាក់​រៀល​ដ៏​ធំ តែ​ទោះជា​យ៉ាងណា​រាជរដ្ឋាភិបាល​មាន​វិធី​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​នេះ​។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាមានសិស្សជាង៣លាននាក់ គ្រូជិត១២ម៉ឺននាក់ ។ លោកបន្តថា ការអភិវឌ្ឍវិស័យអប់រំ និងសុខាភិបាល មិនមានផែនការត្រូវកាត់បន្ថយនោះទេ គឺមានតែការ​បន្ថែមថវិកាសម្រាប់អភិវឌ្ឍន៍បន្ថែមទៀត ៕

 

Comments

comments