ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ បាន​សន្យា​ថា នឹង​បន្ត​ការ​បង្ក្រាប​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ដើម្បី​ទប់ស្កាត់​ឧបាយកល​របស់​ក្រុម​អមិត្ត​នៅ​មុន​ការ​បោះ​ឆ្នោត នា​ខែកក្កដា​ខាង​មុខ​។

ការ​ប្តេជ្ញា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ក្រសួង បាន​ចេញផ្សាយ កាលពី​ម្សិលមិញ​។ កាលពី​ឆ្នាំ​មុន បណ្តឹង​របស់​ក្រសួង​ទៅ​តុលាការ​ក៏​ជា​ហេតុផល​មួយ​ដែល​នាំ​ទៅ​ដល់​ការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ទាក់ទង​នឹង​ករណី​«​បដិវត្តន៍​ពណ៌​»​។

របាយការណ៍​នោះ​បញ្ជាក់​ថា​៖«​ប្រមូលផ្តុំ​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​គ្រប់គ្រង សភាពការណ៍​ឲ្យ​បាន​ល្អ ដោយ​ម្ទា​ស់ការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ នូវ​ឧបាយកល វិធីសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត ដោយ​ការ​គ្រប់គ្រង​និង​រក្សា​ស្ថានភាព​ឲ្យ​បាន​ល្អ​ដោយ​ស៊ើបអង្កេត​ល្បិច​កល យុទ្ធសាស្ត្រ ឬ​សកម្មភាព​ថ្មី​ៗ​របស់​ក្រុម​អមិត្ត គ្រប់​ប្រភេទ សំដៅ មាន​វិធានការ​រាំង​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស ឧបាយកល​មុន ក្នុង​និង​ក្រោយ​ពេល​បោះ​ឆ្នោត​»​។

របាយការណ៍​នោះ ក៏​បាន​ទទួលស្គាល់​ផង​ដែរ​អំពី​បញ្ហា​សន្តិសុខ​ដែល​កើតឡើង​ដោយសារ​តែ​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​ថ្មី​ៗ​នេះ​ឃើញ​មានការ​លេច​ធ្លាយ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​។

ក្រសួង ក៏​បាន​រៀបចំ​កិច្ច​ពិភាក្សា​បិទទ្វារ​ពីរ​ផង​ដែរ​ស្តី​ពី​ការ​ធានា​សន្តិសុខ​ផ្ទៃក្នុង​និង​ការ​បន្ត​បង្ក្រាប​បដិវត្តន៍​ពណ៌ ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រសួង ជាមួយ​នគរបាល កងរាជអាវុធហត្ថ​និង​មន្ត្រីខេត្ត​។

អ្នកចូលរួម​ជា​ច្រើន​នាក់​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ល្ងាចម្សិលមិញ​៕

ប្រភព P Post

Comments

comments