ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​នារី​ម្នាក់ ដែល​បើករថយន្ត​ព្រុស បាន​បុក​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា បណ្តាល​ឱ្យ​ស្ត្រី ជា​តារាចម្រៀង​ចង្វាក់​រ៉ុ​ក​ម្នាក់​ស្លាប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ងួ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ តាក់ ច​ន្នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ អ្នកចម្រៀង ចង្វាក​រ៉ុ​ក​ខេន​រ៉ូ​ល នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន និង​មាន​ជន​រង​គ្រោះ​ម្នាក់​ទៀត ជា​ជនជាតិ​បរទេស កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០១​និង ៤០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង រវាង​រថយន្ត​ម៉ាក តូ​យ៉ូ​តា Prius ពណ៌​កណ្ដុរ​ប្រ​ម៉េះ មួយ​គ្រឿង គ្មាន​ស្លាក​លេខ និង​រ៉ឺ​ម៉ក​កង់​៣​ឥណ្ឌា នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដឹក​ភ្ញៀវ​២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត Prius ពណ៌​កណ្ដុរ​ប្រមេះ​មួយ​គ្រឿង មិន​មាន​ស្លាក​លេខ បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទៅ​បុក​កង់​បី​ឥណ្ឌា​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​បោក​ក្បាល​ស្លាប់ ។

នារី​រូប​ស្រស់​ជា​អ្នក​បើករថយន្ត​បង្កហេតុ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ ក្រោយមក​មិនដឹង​យ៉ាងម៉េច​ក៏​ត្រូវ​បាន​សន្លប់​បាត់ស្មារតី​ឈឹង ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរពេទ្យ ។ ចំណែកឯ​បុរស​បរទេស​ដែល​រង​របួសធ្ងន់​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ឯកជន ដឹក​ទៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ ទាក់ទង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះ​មក​ធ្វើការ​វាស់វែង រួច​រថយន្ត​និង​កង់​បី​ឥណ្ឌា ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខេត្តព្រៃវែង​៕

Comments

comments