ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ បាន​បញ្ចេញ​ប្រតិកម្ម​មួយ​ទំនង​សំ​ដៅ​ទៅ​នឹង​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​ដែល​ថត​ផ្សាយពីនារី​ម្នាក់​ដែល​ស្រវឹង​ជោកហើយឈប់​ដេក​ក្នុង​រថយន្ត​តាម​ចិញ្ចើម​ផ្លូវ​ថា គឺជា​ទ​ង្វើ​អ​សីលធម៌ អ​សុជីវធម៌ និង​គ្មាន​ការ​អប់​រំជា​អ្នក​សារព័ត៌មាន នេះ​ដោយ​មិន​ទាន់​គិតដល់​វិជ្ជាជីវៈ​ផង ។

លោក​រដ្ឋមន្ត្រី បាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា «​អ្នកដឹង​ខ្លួន​ស្រវឹង​ឈប់​ដេក​ក្នុង​ឡាន គឺ​គួរ​អាណិត និង​សរសើរ​ព្រោះ​យល់​ពី​កំរិត​សមត្ថភាព​ខ្លួន តែបើ​យើង​នាំ​គ្នា​ទៅ​ថត​ចុះ​ផ្សាយ តើ​ដើម្បី​ជំរុញ​ឱ្យ​គាត់​បើក​បុក​គេឯង ដើម្បី​ខ្លួនឯង​មាន​អត្ថបទ​ផ្សាយ ឬ​យ៉ាងណា ? បើ​មិន​និយាយ​ដល់​វិជ្ជាជីវៈ​ទេ យ៉ាង​ហោច​ណាស់​យើង​គិត​ពី​កំរិត​សីលធម៌ សុជីវធម៌ និង​ការ​អប់រំ​ទៅ​ចុះ​» ។

ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១១០ កែង​នឹង​ផ្លូវ​៦១ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​ប្រមាញ​ព័ត៌មាន​សន្តិសុខ​នា​ពេល​រាត្រី ដូច​ក្រុម​ទីទុយ​នោះ បាន​នាំ​គ្នា​ថតរូប​ភាព​នារី​ម្នាក់ ដែល​ស្រវឹង​ជោគ និង​ឈប់​ចត​ដេក​ក្នុង​រថយន្ត​នៅ​តាម​ចិញ្ចើម​ផ្លូវ ។ សកម្មភាព​របស់​អ្នក​ថត​បែប​នេះ បាន​កើតជា​អំពើ​ហិង្សា​មួយ នៅ​ពេល​ដែល​នារី​ខាងលើ ទាមទារ​ឱ្យ​អ្នក​សារព័ត៌មាន​លុប​រូប​នោះ​ចេញ ប៉ុន្តែ​ពួក​គេ​មិន​ព្រម ។

បើតាម​ច្បាប់​ចរាចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជន​ដែល​ស្រវឹង​លើស​កម្រិត មិន​អនុញ្ញាត​ឱ្យ​បើកបរ​បាន​ទេ​ ។

សូម​បញ្ជាក់​ថា នារី​ម្នាក់​ស្រវឹងស្រា​ឈប់​រថយន្ដ​ដេក​កណ្ដាលផ្លូវ​ពេល​ប្រជាពលរដ្ឋ​ឃើញ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយទៅ​មើល និង​មាន​ទាំង​អ្នក​សារព័ត៌មាន​របស់ ជា​ច្រើន​ស្ថាប័ន​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​ដែរ តែ​បែរជា​នារី​រូប​នោះ​វាយ និង​បោក​ទូរស័ព្ទ​បណ្ដាល​អោយ​ខូចខាត និង​រង​របួស​បែក​មាត់​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ចំណែក​នារី​រូប​ស្រស់​ដែល​បើករថយន្ត LEXUS-470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-8783 ដោយសារ​ស្រវឹង​ខ្លាំង ហើយ​បើក​មក​ឈប់​ដេក​កណ្ដាលផ្លូវ​នោះ ក៏​បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​គ្នា​ដែរ ៕

Comments

comments