កំពត ៖ បុគ្គល​ឈ្មោះ «​ម៉ា​រី​» ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ២០១៨​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​​មិន​​ទាន់មាន​​វិធានការ​អ្វី​នោះ​ទេ ។

លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់​ថា យើង​បាន​ឲ្យ​គាត់​ទៅ​វិញ​ហើយ បន្ទាប់​ពី​បាន​សួរនាំ​ចប់ ។ យ៉ាងណា​ក៏​ដោយ​លោកស្នងការ មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​លម្អិត ចំពោះ​ករណី​នេះ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គល​ឈ្មោះ «​ម៉ា​រី​» នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​តាម​រក​បុគ្គល​រូប​នេះ ។

លោកនាយក​រដ្ឋមន្ត្រី បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់ មក​ពី​តំបន់​រោងចក្រ​ជ្រៃ​កោង រាជធានី​ភ្នំ ពេញ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា បុគ្គល​នេះ​ពូកែ​ខាង​ភូត ហើយ​បុគ្គល​នេះ​មិន​ច្បាស់​ថា ទើប​ចូល​បួស ឬ​ក៏​បួស​ជា​សង្ឃ​យូរហើយ ឬ​ក៏​គ្មាន​ប្រសាសន៍​រាន់​តែ​កោស​ក់ ហើយ​គ្រង​ស្បង់​បោក​បញ្ឆោត​គេ ។​លោកសង្ឃ​ពិតប្រាកដ​ឬ​អត់ ? សង្ស័យ​កោស​ក់ ហើយ​ដាក់​ស្បង់ តែ «​បើ​មិនមែន​លោកសង្ឃ​ពិតប្រាកដ ក៏​ស្រួល​តែ​ម្តង​ទៅ​» ។ បុគ្គល​ឈ្មោះ «​សង្ឃ​ម៉ា​រី​» មិន​ត្រឹមតែ​ភូត​កុហក​រឿង​ធម្មតា​ទេ តែ​បាន​ភូត​កុហក​ថា សម្តេច​ត្រូវ​អូស្ត្រាលី​ចាប់ខ្លួន​ជាដើម «​ប៉ុន្តែ​អានេះ​ភូត មហាភូត ភូត​សុទ្ធតែ​រឿង​ប្រទេស​ជាតិ​» ។

លោកនាយក​រដ្ឋមន្ត្រី បន្ត​ថា «​អា​ម្សៀ​រ​នេះ អានេះ​មេ​ភូត ឪ​ភូត អត់​មាន​វត្ត​ពិតប្រាកដ​… ខ្ញុំ​បញ្ជា​ឲ្យ​រក​អា​ម្នាក់​នេះ​» ។ ថ្លែង​បណ្តើរ​បង្ហាញ​រូបភាព​បុគ្គល​នេះ​បណ្តើរ លោក​បាន​បញ្ជាក់​ថា បុគ្គល​រូប​នេះ គឺ​តែងតែ​ចល័ត​ពី​កែប ចូល​កំពត ជួន​ទៅ​ចល័ត​ពី​កំពត​ចូល​តាកែវ ។ លោក​បាន​ដាក់​បញ្ជា​ថា «​តាម​មើល​អា​មួយ​នឹង កែន ស​ត្ថា អភិបាលខេត្ត​កែប តាម​រក​អា​មួយ​ហ្នឹង​ថ្ងៃ​ហ្នឹង​» ៕