រឿងអាស្រូវ​ពុក​រលួយ​តាម​ច្រើន​រូបភាព​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ត្រូវ​បាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃុបឃិត​ឲ្យ​មេ​គយ​ចល័ត​គាប​យក​លុយ​ពី​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹ​ម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធាន​ការ​​ទៅ​លើ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ឲ្យ​ស្រប​ទៅ​តាម​កំណែទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​ស្ថាប័ន​គយ​នោះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប និង​មេ​គយ​ចល័ត​ខេត្តសៀមរាប បន្ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​គឃ្លើន​។

មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តសៀមរាបមួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ខេត្តសៀមរាប គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប និង​លោក កែវ រិ​ទ្ធី អនុប្រធាន​សាខា​គយ​ខេត្តសៀមរាប ផង​ដែរ​។ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ទេ​នោះ​គឺ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប មិន​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​ឡើយ​ព្រោះ​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​មិន​ខាន​។ អាច​និយាយ​បាន​ថា​ការ​ដែល​ឈ្មួញ​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ចូល​ដល់​ខេត្តសៀមរាប គឺ​មានការ​បើកដៃ​ពី​មន្ត្រី​គយ​និង​ច្រកព្រំដែន ព្រមទាំង​គយ​ចល័ត​តាម​ផ្លូវ​ទើប​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​ធំ​ៗ​ខ្លះ​បាន​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ហើយ​ដឹក​ជញ្ជូន​ចូល​មក​ខេត្តសៀមរាប ក៏​ដូច​ជា​ដឹក​ជញ្ជូន​ឆ្លងកាត់​ខេត្តសៀមរាប យ៉ាង​ពេញបន្ទុក​។ ការ​ណ៍ដែល​ឈ្មួញ​អាច​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ​ចល័ត​ខេត្តសៀមរាប ផង​ដែរ​ទើប​អ្វី​ៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ហើយ​សកម្មភាព​បែប​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយ​ខែ​ៗ​។ ដូច្នេះ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​បណ្ដោយ​ឲ្យ​សមត្ថកិច្ច​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។

ដោយឡែក​ឈ្មួញ​មួយ​ចំនួន​ដែល​នាំ​ចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​បាន​ឲ្យ​ដឹង​ថា ទោះបី​ពួក​គាត់​ដឹក​ជញ្ជូន​ទំនិញ​ស្របច្បាប់​ក៏​ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​គយ​ចល័ត​តាម​ផ្លូវ​និង​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប​នោះ​ទេ​។ ឈ្មួញ​ដែល​នាំ​ចូល​ទំនិញ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មក​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ពី​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត មក​ខេត្តសៀមរាប ពួក​គេ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​មិន​តិច​ជាង​១០​កន្លែង​នោះ​ទេ ក្នុង​នោះ​គយ​ចល័ត​គឺជា​អ្នក​គៀប​យក​លុយ​ច្រើន​ជាងគេ​។ ទន្ទឹម​នឹង​នេះ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​អំពើ​ពុក​រលួយ​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ក៏​ដូច​ជា​សមត្ថកិច្ច​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ព្រោះ​ពួក​គេ​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ងងើល​តែ​ម្តង​។ ចំណែក​លោក គុណ ញឹ​ម អគ្គនាយក​គយ ត្រូវ​បាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹង​ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប យ៉ាង​ស្ងប់ស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​ប្រធាន​សាខា​គយ​ខេត្តសៀមរាប និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ពេញបន្ទុក​៕

ប្រភព៖ គណបក្សយុវជនកម្ពុជា

 

 

Comments

comments