ភ្នំពេញ​ ៖ នារី​ម្នាក់ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកបម្រើ​ការ​នៅ​ក្នុង​ហាង​បារាំង​នោះ បាន​ធ្វើ​អត្តឃាត​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ចំណុច​ផ្ទះ​ជួល​ លេខ​១២២E4Z ក្រុម​៥ ភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ស​ម្ភ​ស្ស អាយុ២៩​ឆ្នាំ មុខរបរធ្វើការ​ក្នុងហាង​បារាំង ស្នាក់ នៅផ្ទះ​ជួល​ កើតហេតុ​ខាងលើ ។

យោង​តាម​សម្តី​មិត្តភក្តិ​របស់សពនារី​រង​គ្រោះ បាន​ប្រាប់សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ចេញពី​ធ្វើការ ហើយ​ក៏​មក​បបួល​រូប​ខ្លួន​ទៅ​ផឹក​ស៊ី​ជាមួយ​គេ ពេល​នោះ រូប​ខ្លួន​បាន​ប្រាប់​ទៅ​នារី​រង​គ្រោះ​ថា គេ​មិន​មាន​លុយ​សម្រាប់​ផឹក​ស៊ីនោះ​ទេ ​។ ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​ក៏​បាន​​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​សង្សាររបស់​ខ្លួន នៅ​ពេល​ដែល​ខលទៅ ក៏​និយាយ​មិន​ត្រូវ​គ្នា​ ហើយក៏​ឈ្លោះ​ប្រ​កែ​ក​គ្នា​យ៉ាង​ខ្លាំង​ ដោយ​នារី​រង​គ្រោះបាន​និយាយ​ថា ខ្លួន​មាន​ប្រពន្ធ​កូន​ហើយ ម៉េច​បាន​មក​ស្រលាញ់​រូបគេ​ទៀត​ ? បន្ទាប់​មក នារី​រង​គ្រោះ​ក៏​បាន​បោះ​ទូរស័ព្ទ​ដែល​កំពុង​តែ​និយាយ​ជាមួយ​បុរស​ជា​សង្សារ​នោះ​ចោល បណ្តាល​ឲ្យ​បែក​ខ្ទេច ហើយ​ក៏​ត្រូវ​បាន​ឈ្មោះ សិន លី​ន​ណា ទៅ​រើស​យក​មក​វិញ និង​បាន​នាំ​គ្នា​ចូល​គេង​ទាំងអស់​គ្នា ។

ស្រាប់តែ​ព្រឹកថ្ងៃ​ទី​២២ មីនា ក៏​បាន​ប្រទះ​ឃើញ​នារីរ​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួនឯង​បាត់​ទៅ​ហើយ រួចក៏​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក ពិនិត្យ​នឹង​ធ្វើ​កោសល​វិ​ច្ឆ័​យ និង​បាន​ប្រគល់​សព​នារី​រង​គ្រោះ​ខាងលើ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕