យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា លោក ហម ម៉េ​ង​សែ អនុប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ជា​ចៅ ក្រម​ស៊ើបសួរ បាន​សម្រេច​មិន​ឃុំខ្លួន ស្ត្រីជន​ត្រូវ​ចោទ​២​នាក់ ដែល​ជា​មេបន​ល្បែង​កន្ទុយលេខ កណ្តាល​ផ្សារ ប្រចាំ​ភូមិ​៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ និង​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ។

ស្ដ្រីជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ជាមួយ​វត្ថុ​តាង​ជា​ច្រើន​ខណៈ​ពួក​គេ​កំពុង​តែ កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម​ខុសច្បាប់​។ ក្រោយ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ស្ត្រី​ទាំង​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ តែ​ទីបំផុត​ស្ត្រី​ទាំង​២​នាក់ បាន​ទទួល​ឱកាស​ទៅ​ប្រកប​របរ​នេះ​វិញ​ដដែល ។

ពាក់ព័ន្ធ​ករណី​នេះ លោក តុ​ប ឈុ​ន​ឡុ​ង ដែល​ជា​តំណាង​អយ្យការ​កាន់​សំណុំរឿង បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា លោក បាន​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ លាង អ៊ី​ម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ ទ្រី ផា​រី ភេ​ទ្រី អាយុ​២៩​ឆ្នាំ ពី​បទ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ យោង​តាម​មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង ។

លោក តុ​ប ឈុ​ន​ឡុ​ង បាន​អះអាង​បន្ដ​ថា សំណុំរឿង​នេះ​ក្នុង​នាម​ជា​តំណាង​អយ្យការ លោក​បាន​ស្នើ​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ប៉ុន្តែ​នៅ​ពេល​សំណុំរឿង​នេះ​ស្ថិត​ក្រោម​ការ​ចាត់ការ​របស់​លោក​ហម ម៉េ​ង​សែ បែរជា​សម្រេច​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៅ​វិញ (​ដោះ​លែង​) ពោល​គឺ​មិន​ឃុំខ្លួន​តាម​សំណើរ​របស់​លោក​ឡើយ ។

លោក តុ​ប ឈុ​ន​ឡុ​ង បន្ថែម​ថា លោក បាន​ទទួល​សេចក្តីជូនដំណឹង ស្តី​ពី​ការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ស្ថិត​ក្រោម​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ របស់​លោក ហម ម៉េ​ង​សែ ដោយ​កូនចៅ​លោក​យក​ឱ្យ​លោក​ចុះហត្ថលេខា លោក​ក៏​ចុះ​ទៅ​ដោយ​មិន​បាន​មើល​ផង ។ ទោះជា​យ៉ាងណា​លោក តុ​ប ឈុ​ន​ឡុ​ង ក្នុង​នាម​ជា​តំណាង​អយ្យការ​កាន់​សំណុំរឿង​បាន សុំ​មិន​ឆ្លើយ​តប​នឹង​សំនួ​រថា “​តើ​លោក​តំណាង​អយ្យការ​យល់​យ៉ាងណា​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នេះ​ដែរ​ឬទេ ? ”

លោក​ព្រះរាជអាជ្ញា​រង លី សុ​ផា​ណា អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​តាម TELEGRAM នៅ​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា លោក ហម ម៉េ​ង​សែ ជា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ជាប់​កាតព្វកិច្ច​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយសារ​តែ​ជន​ត្រូវ​ចោទ មិនមែន​ជា​មេ​កន្ទុយលេខ និង​ដោយ​បាន​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង និង​មូលដ្ឋាន​ច្បាប់​ផង​ដែរ ។

សូម​ជម្រាប​ជូន​ថា ការ​ដោះ​លែង​ជន​ត្រូវ​ចោទ​បែប​នេះ មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​លោក​ចៅក្រម ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​អតីត​ចៅក្រម​ធ្លាប់​ត្រូវ​បាន​ក្រសួងយុត្តិធម៌​ដាក់​ពិន័យ​ឱ្យ​អត់​ប្រាក់ខែ​១​ឆ្នាំ ព្រោះតែ​ដោះ​លែង​ជនសង្ស័យ​នោះ ។

ក្រោយ​ពី​បាន​មក​កាន់​តំណែង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េ​ង​សែ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​ក៏​ធ្លាប់​បាន ដោះ​លែង ជន​ត្រូវ​ចោទ​ឈ្មោះ សាក់ សុវណ្ណ​មុនី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អ្នក​ថតរូប ទីលំនៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​មាន​របួស​ដល់​អ្នក​ដទៃ ចំនួន​២​នាក់ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​គោក​អំពិល ផ្លូវ​៥០​ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ លោក ហម ម៉េ​ង​សែ ក៏​ធ្លាប់​បាន​ដោះ​លែង​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ស៊ុ​យ សារៈ​ទី ដែល​បាន​បើករថយន្ត​កិន​កុមារ អាយុ​៩​ឆ្នាំ ម្នាក់​ស្លាប់ នៅ​ខណ្ឌដង្កោ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ចៅក្រម០១រូបធ្លាប់ទទួលពិន័យ ផ្ទេរកន្លែងការងារលឿនដូចព្យុះ
លោក​ចៅក្រម ហម ម៉េ​ង​សែ ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម ដោយ​ព្រះរាជក្រឹត្យ លេខ ជ​ស / រក​ត /០១៩៨/០០៨ ចុះ ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​១៩៩៨ ។
ក្រោយមក លោក ហម ម៉េ​ង​សែ ក្នុង​ពេល​បំពេញការងារ​ជា​ចៅក្រម​នៅ​ក្នុង​តុលាការក្រុង​ភ្នំពេញ ត្រូវ​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម វិន័យ​ក្រោម​រូបភាព​ព្យួរ​ពី​ការងារ​មិន​ឱ្យ​មាន បៀវត្សរ៍​ក្នុង​រយៈពេល​កំណត់​១​ឆ្នាំ និង​ត្រូវ​បាន​ផ្លាស់​ដោយ​បង្ខំ ចេញពី​តុលាការក្រុង​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ លេខ ន​ស / រក​ត /០៨០៥/៣៤៣ ចុះ ថ្ងៃ​ទី ០២ ខែសីហា ឆ្នាំ ២០០៥​។

ការ​សម្រេច​ដាក់​ពិន័យ លើ​លោក​ចៅក្រម ហម ម៉េ​ង​សែ របស់​ក្រសួងយុត្តិធម៌​នា​ពេល​នោះ ដោយសារ​តែ​មាន​ប្រតិកម្ម​របស់​ក្រសួងមហាផ្ទៃ នា​ដើមឆ្នាំ​២០០៥ កន្លង​ទៅ ។ នៅ​ពេល​នោះ​ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ស៊ើបអង្កេត និង​ស្រាវជ្រាវ រក​ឃើញ​ថា លោក​ចៅក្រម ហម ម៉េ​ង​សែ បាន​ដោះ​លែង​ជនជាប់ចោទ មិន​ប្រក្រតី​ចំនួន ០៩​នាក់ និង​សម្រេច​ឃុំខ្លួន​មនុស្ស ខុសច្បាប់ កំណត់​ចំនួន​០៦​នាក់ ដោយ​រួម​មាន​ទាំង អនីតិជន​ទាំង​បទមជ្ឈិម ។

ក្រោយ​ពី​ស្រា​ជ្រាវ​រក​ឃើញ​កំហុស​របស់​លោក​ចៅក្រម ហម ម៉េ​ង​សែ រួច​ហើយ នៅ​ថ្ងៃ​ទី ០៧ ខែមីនា ឆ្នាំ​២០០៥ ឯកឧត្តម ឌិ​ត មុន្ទី ក៏​បាន​ធ្វើ​របាយការណ៍​គោរព​ជូន​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ និង​សម្រេច ។

ក្រោយ​ពី​អនុវត្ត​វិន័យ​រួច​លោក​ចៅក្រម ហម ម៉េ​ង​សែ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​តាម​សាលាដំបូង​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្ត កោះកុង ខេត្តស្វាយរៀង និង​ខេត្តកំពង់ឆ្នាំង ។ លុះ​នៅ​ចុងឆ្នាំ​២០១៧ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ពី អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ឱ្យមក​បម្រើ​ការងារ​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែល​ចៅក្រម​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​ខុស​រហូត​ទទួល​ពិន័យ តាម​រយៈ​ព្រះរាជក្រឹត្យ លេខ ន​ស / រក​ត /០៨១៧/៦០៨ ចុះ ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ ២០១៧ ៕

Comments

comments