ព្រៃវែង ៖ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ថ្លែង​ថ្កោលទោស​ដាច់អហង្ការចំពោះ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ា​លី ដែល​បាន​បើក​ការ​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា​។

លោកនាយក​រដ្ឋមន្ដ្រី​ ថ្កោលទោសបែបនេះនៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១១ ពី​អ្នក​លឿង​ខេត្តព្រៃវែង ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹកថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​នេះ ។

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​អះអាង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា នៅ​ម៉ោង​ប្រមាណ​១និង៥៥​នាទី​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​) មាន​អំពើ​វាយប្រហារ​ដ៏​ឃោរឃៅ​មួយ​មក​លើ​បន្ទាយ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ា​លី​ ។ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់ និង​អ្នក​របួស​ទេ នៅ​ក្នុង​ពេល​ក្រុម​ឧទ្ទាម បើក​ការ​វាយប្រហារ​នោះ​ទេ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់លោក ឈុំ សុ​ជាតិ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​៦ និង​៥៥​នាទី​ព្រឹក ម៉ោង​ប្រទេស​ម៉ា​លី ​ថ្ងៃ​ទី​២២ មីនា មាន​ករណី​បំប្លោង​គ្រាប់​ចំនួន​៣​គ្រាប់ ត្រូវ​ចំ​ស្នាក់​ការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា២​ខ្នង នៅ​តំបន់ Kidal ប្រទេស​ម៉ា​លី បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ ​។

តាម​សេចក្តីរាយការណ៍ បាន​បញ្ជាក់​ថា ករណី​នេះ មិន​បាន​បង្ក​ឲ្យ​កងកម្លាំង​វិស្វកម្ម​ព្រ​លាន​យន្តហោះ​លេខ​១៨៩ របស់​កម្ពុជា ​ដែល​កំពុង​បំពេញការងារ​នៅ​តំបន់​នោះ រង​របួស​នោះ​ទេ ​។

រហូត​ដល់​ពេល​នេះ ស្ថានការណ៍​នៅ​កន្លែង​កើតហេតុ មាន​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ​ ។ ជាមួយ​គ្នា​នេះ កម្លាំង​យើង​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ នៃ​ការ​វាយប្រហារ​ខាងលើ​ផង​ដែរ​ ៕