មណ្ឌលគិរី ៖ សាច់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ សរុប​ជាង​១០០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាប​បាន​ទាំង​ព្រលឹម នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ នៅ​ថ្ងៃ​ទី​២១ ខែមីនា ២០១៨ ព្រមទាំង​ឃាត់ខ្លួន​ ស្ត្រី​ថៅកែ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់​ បញ្ជូនអោយ​មន្ត្រី​ជំនាញ​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​អាវុធហត្ថ​បន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បង្ក្រាប​បាន​សាច់សត្វ​ព្រៃ​ចំនួន​១១៧​គីឡូ ព្រមទាំង​ឃាត់ខ្លួន​អ្នកលក់​សាច់សត្វ​ព្រៃ​ខុសច្បាប់ បាន​ម្នាក់ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ដុត​កម្ទេច​ចោល ចំណែក​ស្ត្រី​អ្នកលក់​សាច់សត្វ​ព្រៃ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹ​ម​សាង បាន​លួច​រកស៊ី​លក់​សាច់សត្វ​ព្រៃ​នេះ​ជា​យូរ​មក​ហើយ ទើបតែ​ព្រឹក​ថ្ងៃ​ទី​២១ មីនា​នេះ អង្គការ​វ៉ា​យ​អេ​ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​លក់​សាច់សត្វ​ព្រៃ ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​ក្នុង​មូលដ្ឋាន រួម​មាន​កម្លាំង​មន្ត្រី​អង្គការ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ផង​ដែរ ។

លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ថ្ងៃនេះ មាន​៧​ប្រភេទ សរុប​ចំនួន​ជាង​១០០​គឺ​ឡូ​ក្រាម ចំណែក​ស្ត្រី​អ្នកលក់​សាច់សត្វ​ព្រៃ គឺ​ត្រូវ​អោយ​ចូលខ្លួន​ពិន័យ​តាម​ច្បាប់​ប៉ុណ្ណោះ ព្រោះ​ពពួកសត្វ​ទាំងនេះ​មិនមែន​ជា​ប្រភេទ​សត្វ​កម្រ​នោះ​ទេ ។ លោក​បន្ត​ថា សត្វ​ទាំងនោះ រួម​មាន​កន្ធាយ ពស់ សាច់​ឈ្លុះ ជ្រូកព្រៃ ឆ្មាបា ក្តាន់​ញ៉ែង និង​សាច់​កាំ​ប្រ​ម៉ា សរុប​ទាំងអស់​ចំនួន​១១៧​គីឡូក្រាម ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ បាន​និយាយ​ថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹ​ម សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់ ចេញ​មុខ​បង្ក្រាប​ទេ ទើបតែ​ពេល​នេះ​មាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត ចុះ​ស្រាវជ្រាវ​សម្ងាត់​ទើប​អាច​ចាប់​បង្ក្រាប​បាន ៕

Comments

comments