ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ត្រូវជា​គូសង្សារ​នឹង​គ្នា ដែល​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ទៅ​ហើយ​នោះ ស្រាប់តែ​នៅ​យប់​មុន​ថ្ងៃ​ពិធី បែរជា​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ បាន​សម្រេច តែ​សំណាង​មិនល្អ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​កំពុង​ល្បាត ប្រទះ​ឃើញ​ដេញចាប់​ក្របួច​ជាប់​ទាំង​គូ​តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ មីនា ២០១៨ ក្បែរ​ក្លឹ​ប​កម្សាន្ត 2nd តាម​បណ្ដោយ​ផ្លូវ​៥១ ស្ថិត​ក្នុង​ទឹកដី​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹង​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន សុវណ្ណ​រ៉ា អាយុ​២៤​ឆ្នាំ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះជា​ជនបរទេស​ពិតមែន ដោយ​រូបគេ​ជា​អ្នក​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។ ចំណែក​នារី​ជា​សង្សារ សុធា នេត្រា អាយុ​១៨​ឆ្នាំ ដែល​អង្គុយ​ពីក្រោយ មិន​បានដឹង​រឿង​អី​នោះ​ទេ ។ ជនសង្ស័យ ក៏​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រូវ​ភ្ជាប់ពាក្យ​ជាមួយ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ទៀត​ផង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនបរទេស​ចំនួន​៣​នាក់ (​ប្រុស​ម្នាក់ ស្រី​២​ម្នាក់​) ដើរ​នៅ​តាម​បណ្តោយ​ផ្លូវ​៥១ ខណៈនោះ ស្ត្រី​ជនបរទេស​ម្នាក់ ដើរ​បណ្តើរ​កាន់​ទូរស័ព្ទ​ចុច​បណ្តើរ លុះ​ដើរមក​ដល់​ចំណុច​ផ្លូវកែង​នឹង​លេខ​២២២ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ខាងលើ ដោយ​ខាង​ប្រុស​ជា​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-3648 ចំណែក​ខាង​ស្រី​ជា​អ្នក​ជិះ​ពីក្រោយ បាន​ជិះ​មក​អែបជិត​នារី​ជា​ជន​រង​គ្រោះ ដែល​កាន់​ទូរស័ព្ទ​ក្នុង​ដៃ ភ្លាម​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ហើយ រួច​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ មាន​សម្រែក​ពី​ជន​រង​គ្រោះ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​ល្បាត​ទីនោះ ក៏​ធ្វើការ​ប្រដេញ​តាម​ពីក្រោយ រហូត​ដល់​ផ្លូវ​៣៦០ កែង​នឹង​ផ្លូវ​៦៣ ទើប​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ ដោយ​ឆែក​ឃើញ​ទូរស័ព្ទ​ដៃ​នារី​រង​គ្រោះ នៅ​ក្នុង​កាបូប​របស់​នារី​ដែល​អង្គុយ​ពីក្រោយ​ទៀត​ផង ។

បច្ចុប្បន្ន សមត្ថកិច្ច​សម្រេច​នាំ​ខ្លួន​គូស្នេហ៍ ដែល​ឆក់​ទូរស័ព្ទ​ជនបរទេស មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕