Cambodia's Prime Minister Hun Sen (L) and Chinese President Xi Jinping shake hands before the opening ceremony at the fourth Conference on Interaction and Confidence Building Measures in Asia (CICA) summit in Shanghai May 21, 2014. REUTERS/Aly Song (CHINA)

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​ចិន​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ថា​ការ​គាំទ្រ​ចិន​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ជួយ​ឲ្យ​ចិន​កាន់តែ​រីក​ចម្រើន ដើម្បី​ជួយ​ដល់​ប្រទេស​នានា​រាប់​ទាំង​កម្ពុជា​ផង​ដែរ ។

បើ​តាម​លោក ហ៊ុន សែន ចិន​មាន​ឥរិយា​បទ​គោរព​ប្រទេស​ដទៃ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ដទៃ​ទេ​នោះ ដូច្នេះ​ការ​រីក​ចម្រើន​របស់​ចិន នឹង​បាន​ក្លាយជា​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​ដទៃ ហើយ​ថា​ចិន​មិន​ធ្លាប់​មាន​ប្រវត្តិ​នាំ​កងទ័ព​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ណាមួយ​នោះ​ទេ ដូច្នេះ​មិន​គួរ​ព្រួយបារម្ភ​អំពី​ប្រទេស​ចិន​នោះ​ឡើយ​។

លោកហ៊ុន សែន លើកឡើងខាងលើ បានធ្វើឡើងនៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ឡើង​វិញ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​វាង​ប្រវែង​សរុប ៩៦.៤៨​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃ​០៧​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​នេះ​។

នៅ​ក្នុង​ពិធី​នោះ​ដែរ បុរស​ខ្លាំង ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មិត្ត​ល្អ គឺជា​មិត្ត​ដែល​បាន​ជួយ​គ្នា​ក្នុង​គ្រាក្រ ប្រសិនបើ​មិន​មាន​ជំនួយ​របស់​ចិន​ទេ​នោះ ក៏​មិន​មានការ​សាងសង់​ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ដែរ​។

បើ​តាម​លោក ហ៊ុន សែន មក​ដល់​បច្ចុប្បន្ន​នេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ និង​ជំនួយ​ឥត​សំណង​របស់​មិត្ត​ចិន បាន​សាងសង់​រួច​មាន​ចំនួន ២៣​ខ្សែ មាន​ប្រវែង​សរុប ២,៣០១​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១,៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ គម្រោង​កំពុង​សាងសង់​មាន​ចំនួន​០៦​ខ្សែ មាន​ប្រវែង​ប្រមាណ​៦០០​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​៤៩០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ទៀត​ថា គម្រោង​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ០២​គម្រោង គឺ​គម្រោង​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​មាន​ប្រវែង​សុ​រប ១៨៧ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៤៨៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ ស្ពាន​ធំ​ៗ​ដែល​បាន​សាងសង់​រួច​មាន​ចំនួន ០៧​ស្ពាន មាន​ប្រវែង​សរុប ៦,៨២៤​ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​ស្ពាន​កំពុង​សាងសង់​ចំនួន​០១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹង​ត្រង់​-​ក្រូចឆ្មា​។

សរុប​គម្រោង​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ និង​ជំនួយ​ឥត​សំណង​របស់​មិត្ត​ចិន ដែល​បាន​សាងសង់​រួច កំពុង​សាងសង់ និង​ត្រៀម​សាងសង់ មាន​ទឹកប្រាក់​ប្រមាណ ២,៥៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

ដោយឡែក បើ​តាម លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ឡើង​វិញ ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​វាង​នេះ ចាប់ពី​អ្នក​លឿង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​នោះ​ប្រវែង​ផ្លូវ ៦៥.៥៥​គីឡូម៉ែត្រ ស្ថិត​ក្នុង​ទឹកដី​នៃ​ខេត្តព្រៃវែង និង​ប្រវែង​ជាង ២១.១៣​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​ទឹកដី នៃ​ខេត្ត​ត្បូងឃ្មុំ​។ ផ្លូវ​វាង​មាន ២​កន្លែង សរុប​ប្រវែង ៩.៨​គីឡូម៉ែត្រ ដើម្បី​វាង​ក្រុង​ព្រៃវែង បញ្ចៀស​ចរាចរណ៍​កាត់​ក្រុង និង​សម្រួល​ដក់​ការ​បើកបរ​លើ​ផ្លូវ​ចាស់​ដែល​មាន​កែង​ខ្លាំង​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវជាតិ​លេខ​១១​នេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់ ៥​សង់ទីម៉ែត្រ លើក​គំ​ពស់ និង​ពង្រីក​ទទឹង​ផ្លូវ​ពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ​និង​ក្រោម​កម្រាស់ ៦០​សង់ទីម៉ែត្រ​។ ក្នុង​ប្រវែង​ទ​ទឺង​ផ្លូវ ១១​ម៉ែត្រ ទទឹង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ប្រវែង ៧​ម៉ែត្រ ចែក​ជា ២ គន្លង (១​ទៅ ១​មក​) ដែល​គន្លង​នីមួយ​ៗ មាន​ទទឹង ៣.៥០​ម៉ែត្រ ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន ២​គន្លង (១​ទៅ ១​មក​) ដែល​គន្លង​នីមួយ​ៗ មាន​ទទឹង ១.៥០​ម៉ែត្រ និង​ចិញ្ចើម​ដីក្រហម​សងខាង ទទឹង ០,៥០​ម៉ែត្រ​។ សាងសង់​ស្ពាន ចំនួន ២​កន្លែង ប្រវែង ២១០​ម៉ែត្រ សាងសង់​លូ​ជ្រុង​ចំនួន ៣​កន្លែង លូ​មូល​ចំនួន ៩១​កន្លែង លូ​ដាក់​តាម​ប្រឡាយ​សងខាង ផ្លូវ​ចំនួន ១៩២​កន្លែង និង​បំពាក់​ផ្លា​ក​សញ្ញា​ចរចរ គូស​គំនូសចរាចរ បង្គោលគីឡូម៉ែត្រ និង បង្គោល​សុវត្ថិភាព តាម​ដងផ្លូវ​ផង​ដែរ​។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៩៤.១៥​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង បោសសំអាត​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​។ អនុវត្ត​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជី​វ កម្ម​ថ្នល់​-​ស្ពាន ចិន (China Road and Bridge Corporation) និង​ត្រួត​ពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វា​ង​ចូ​វ​វ៉ា​ន​អាន (Guangzhou Wanan Construction Co.,ltd) ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៤​ខែ ចាប់ពី​ខែមីនា ឆ្នាំ​២០១៨ និង​គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១​ខាង​មុខ​៕