អាជ្ញាធរ​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជាក់​ថា ពួកគេ​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​ទៅ​លើ​សារ​សរសេរ​គំរាម​សម្លាប់​ដែល​ផ្ញើ​ទៅ​គ្រួសារ​របស់​លោក កែម ឡី និង​សមាជិក​សភា​រដ្ឋ Victoria លោក ហុង លីម​។

លិខិត​ដែល​សរសេរ​ដោយ​ការ​វាយ​កុំព្យូទ័រ​នេះ​ត្រូវ​បាន​រាយការណ៍​ទៅ​នគរបាល​រដ្ឋ Victoria ទំនង​ជា​ត្រូវ​បាន​សរសេរ​ដោយ​នរណា​ម្នាក់​ដែល​ត្រូវ​បាន​អះអាង​ថា ជា​សមាជិក​ឥស្សរជន​នយោបាយ​របស់​កម្ពុជា​។

មន្ត្រី​នគរបាល​អូស្ត្រាលី លោក Cameron Scott បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​នគរបាល​រដ្ឋ Victoria បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​បន្ទាប់ពី​មាន​ការ​រាយការណ៍​ថា លិខិត​គំរាម​កំហែង​នោះ​ត្រូវ​បាន​យក​ទៅ​ឲ្យ​បុរស​ម្នាក់​កាលពី​ដើម​ខែ​មីនា​»​។ នេះ​ជា​ការឆ្លើយតប​នឹង​សំណួរ​អំពី​ការរាយការណ៍​នៃ​ការគំរាមកំហែង​ដែល​ទទួល​ដោយ​តំណាងរាស្ត្រ​ និង​ជា​សមាជិក​សហគមន៍​ខ្មែរ​អូស្ត្រាលី​។ ដោយសារ​តែ​ច្បាប់​ស្តីពី​ភាព​ឯកជន នគរបាល​បាន​បដិសេធ​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​បុគ្គល​ជាក់លាក់​។

លោក Scott បាន​ថ្លែង​បន្ត​ថា​៖ «​ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ វា​មិន​សមស្រប​ទេ​ដែល​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​»​។

លិខិត​នេះ​សំដៅ​ទៅ​លោក ហុង លីម និង​គ្រួសារ ព្រមទាំង ភរិយា​របស់​លោក កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនៗ​របស់​គាត់​។ អ្នកស្រី រចនា និង​កូនប្រុស​ ៥ ​នាក់​របស់​អ្នកស្រី​កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ជ្រកកោន​ក្នុង​ទីក្រុង Melbourne គឺ​អស់​រយៈពេល​ជាង ១៨ ខែ​បន្ទាប់ពី​លោក កែម ឡី ត្រូវ​បាន​ធ្វើ​ឃាត​។

លិខិត​នេះ​ក៏​សំដៅ​ទៅ​គ្រួសារ​លោក ជា យូហន ដែល​ជា​អភិបាលក្រុង Greater Dandenong និង​ប្រធាន​សមាគម​កម្ពុជា​នៅ​ក្នុង​រដ្ឋ Victoria និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង Greater Dandenong លោក តាក់ ម៉េងហ៊ាង​។ ក្រុង Dandenong គឺជា​ជាយក្រុង​នៃ​ទីក្រុង Melbourne​។

លិខិត​គំរាម​នោះ​សរសេរ​ថា​៖ «​អញ​នឹង​សម្លាប់​ពួកឯង​ទាំងអស់​។ អញ​នឹង​បាញ់​ពួក​ឯង ឲ្យ​ងាប់​ដូច​អា កែម ឡី​»​។

លោក កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​លោក​បាន​និយាយ​នៅ​ក្នុង​វិទ្យុ​អំពី​របាយការណ៍​មួយ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ និង​អត្ថប្រយោជន៍​អាជីវកម្ម​របស់​គ្រួសារ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​។

នៅ​ពេល​ឃាតករ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ និង​ផ្តន្ទាទោស ចម្លើយ​សារភាព​របស់​គាត់​ត្រូវ​បាន​ចោទសួរ​ដោយ​គ្រួសារ​លោក កែម ឡី ហើយ​សូម្បីតែ​អាជ្ញាធរ​បាន​ទទួល​ស្គាល់​ថា​គាត់​ទំនង​ជា​មិន​ប្រព្រឹត្ត​សកម្មភាព​នោះ​ដោយ​ម្នាក់ឯង​បានទេ​។ ទោះបី​យ៉ាង​ណា​ក្តី​ការ​ស៊ើបអង្កេត​ចំពោះ​ការបាញ់​លោក កែម ឡី ត្រូវ​បាន​បញ្ចប់​ដោយ​មិន​មាន​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បន្ថែម​ឡើយ ហើយ​ការសម្លាប់​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ជឿ​ថា ជា​រឿង​នយោបាយ​។

លិខិត​គំរាម​នោះ​បាន​ហៅ​អ្នក​ដែល​ត្រូវ​បាន​គំរាម​ទាំង​នោះ​ថា​ជា​ «​អា​ឆ្កែ​អូស្ត្រាលី​» ហើយ​អ្នក​សរសេរ​លិខិត​នោះ​អះអាង​ថា មាន​ប្រពន្ធ និង​កូន​នៅ​ប្រទេស​អូស្ត្រាលី និង​សិទ្ធិ​មក និង​ទៅ​ពេល​ណា​ក៏​បាន​។

លិខិត​នោះ​សរសេរ​បន្ត​ថា​៖ «​យើង​នឹង​គ្រប់គ្រង​កម្ពុជា​ជា​រៀងរហូត​។ យើង​នឹង​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ នឹង​នៅ​កាន់​អំណាច​ជា​រៀងរហូត​»​។

សមាជិក​សភា​រដ្ឋ Victoria លោក ហុង លីម បាន​ថ្លែង​ថា លោក​បាន​រាយការណ៍​អំពី​លិខិត​គំរាម​នេះ​ទៅ​នគរបាល​អូស្ត្រាលី​ហើយ​ត្រូវ​បាន​ជម្រាប​ថា នគរបាល​អូស្ត្រាលី​កំពុង​ស៊ើបអង្កេត​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា បើ​ទោះបី​ជា​មាន​ការ​សំដៅ​ទៅ​ការ​ឈ្នះឆ្នោត​នាពេល​ខាង​មុខ​ក៏ដោយ​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​មិន​នៅ​ពី​ក្រោយ​ការ​គំរាម​សម្លាប់​នេះ​ទេ​។ «​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ធ្វើ​រឿង​គួរ​ឲ្យ​អាម៉ាស់​បែប​នោះ​ទេ​»​។

លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លោក​ ហុង លីម ថា​៖ «​ខ្ញុំ​គិត​ថា វា​គ្រាន់តែ​ជា​ជំងឺ​ផ្ទាល់​ខ្លួន​គាត់​ដែល​ភ័យខ្លាច​ស្រមោល​ខ្លួនឯង​»​។ «​គាត់​បាន​ធ្វើ​រឿង​អគតិ​ជាច្រើន រឿង​អបិយ​ជំនឿ ប៉ះពាល់​ដល់​កិត្តិយស​សម្តេច ហ៊ុន សែន ដូចជា ការដុត​រូប ដូច្នេះ​គាត់​ភ័យខ្លាច​ថា វា​ [​នឹង​] ​ត្រឡប់​ទៅ​រក​គាត់​វិញ​»​។

លោក​បាន​ចោទ​លោក លីម ថា​ព្យាយាម​ទម្លាក់​កំហុស​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ថ្លែង​ថា​វា​គ្រាន់​តែ​ជា​ការ​ដាក់​បន្ទុក​មួយ​ទៅ​អាជ្ញាធរ​អូស្ត្រាលី​ប៉ុណ្ណោះ​។ «​យើង​នឹង​សហការ​ជាមួយ​អូស្ត្រាលី​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​»៕

ប្រភព P Post

Comments

comments