កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ចំនួន​០២​នាក់ ដែល​ក្នុង​នោះ​ម្នាក់​មាន​ថ្នាក់​ឧត្តមសេនីយ៍ឯក​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញ​ស្សី​កែវ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ទាំង​ពីរ​នាក់​នោះ​ពាក់​ព័​ន្ឋ​នឹង​បទ​កាន់កាប់​កាំភ្លើង​ខុសច្បាប់ (​កាំភ្លើង​ហ្គា​ស​) និង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ ។

មន្ត្រី​យោធា​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ​ឡូត ហេង ហៅ​អា​ម៉េ​ង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា (​ម្ចាស់​អាវុធ និង​លុយខ្មៅ​) និង​ទី​២៖ ឈ្មោះ សន ប៊ុ​ន​ថេ​ង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឃ្លាំង សង្កាត់​ឬ​ស្សី​កែវ មុខរបរ​យោធា (​ជា​អ្នក​កាន់​អាវុធ​)​។

ក្នុង​ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន អាវុធ​ខ្លី​ជ័រ​ប្រើ​ហ្គា​ស់​មួយ​ដើម ប្រាក់​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក ប្រាក់​ដុល្លារ​ចំនួន​១០៨០​ដុល្លារ ប្រាក់​រៀល​ចំនួន​២៥០០០​រៀល ម៉ូតូ​មួយ​គ្រឿង​ម៉ាក SZ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-8627​និង អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក​៕